v9
V9BET

សាលាឯកជន១ ជំរុញឲ្យសិស្សលេងកីឡាទាំងអស់ ព្រោះហេតុផលសំខាន់ គួរឲ្យភ្ញាក់ផ្អើល

1 month ago​ | ដោយ V-Dr

សាលាសិលាមាស នៃអង្គការក្ដីសង្ឃឹមពិភពលោក ដែលមានមូលដ្ឋាននៅភ្នំពេញបានជំរុញ និងលោកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ ដែលរៀននៅសាលានេះ ឲ្យបានលេងកីឡាទាំងអស់ ព្រោះនាយកសាលាមួយនេះ បានលើកហេតុផលថា ការលេងកីឡាវាមានសារៈប្រយោជន៍ច្រើនណាស់ចំពោះសិស្សានុសិស្ស និងយុវជនរបស់យើង ក្នុងការជួយឲ្យពួកគេ មានភាពរីកចម្រើនទាំងចំណេះដឹង កាយសម្បទា និងបទពិសោធ ដើម្បីក្លាយជាធនធានមានតម្លៃ សម្រាប់ទ្រទ្រង់ប្រទេសជាតិ នាថ្ងៃអនាគត។

លោក ម៉ុន សុខជា នាយកសាលាសិលាមាស បានប្រាប់ថា៖ «នៅក្នុងសាលារបស់យើង មានសិស្សសរុបទាំងអស់ចំនួន៤៩៧នាក់ ហើយខ្ញុំបានជំរុញ និងលោកទឹកចិត្តឲ្យពួកគេ បានលេងកីឡាទាំងអស់ គឺយើងបានចាប់ផ្តើមបណ្តុះពួកគេតាំងពីថ្នាក់ទី១ ព្រោះការលេងកីឡាមានប្រយោជន៍ណាស់»។

បើតាមលោក ម៉ុន សុខជា បានឲ្យដឹងថា នៅក្នុងសាលាសិលាមាស មានការបណ្តុះបណ្តាលទៅលើការលេងកីឡាវាយកូនឃ្លីលើតុ បាល់បោះ បាល់ទះ បាល់ទាត់ និងប្រភេទកីឡាមួយចំនួនទៀត ប៉ុន្តែលោកក៏បានចំណាយច្រើនទៅលើការវិនិយោគកីឡា នៅក្នងសាលានេះផងដែរ។

ទោះយ៉ាងណាលោក សុខជា បាននិយាយថា៖ «យើងឃើញមនុស្សមានសុខភាពល្អ គឺដោយសារចលនាហាត់ប្រាណ ហើយចំណីអាហាររបស់ខួរក្បាល គឺអុកស៊ីសែន។កាលណាបេះដូងមនុស្សច្របាច់ខ្លាំង ឈាមរបស់គេ នឹងនាំអុកស៊ីសែនទៅកាន់ខួរក្បាលបានល្អ ហើយការសិក្សារបស់គេក៏បានល្អដែរ និងថែមទាំងមានរាងកាយរឹងមាំ ដូច្នេះកីឡាសំខាន់ណាស់ ទើបសាលារបស់ខ្ញុំ វិនិយោគទៅលើកីឡាហ្នឹងខ្លាំង»។

បន្ថែមទៅលើនេះ ការចាញ់ ឬឈ្នះ នៅក្នុងការប្រកួតកីឡា វាជាមេរៀនជីវិត ដ៏មានតម្លៃ ដែលមិនអាចបង្រៀនសិស្សានុសិស្ស នៅតាមក្រុមហ៊ុនបានទេ។«ការចាញ់ឈ្នះ នៅក្នុងការលេងកីឡា បានធ្វើឲ្យពួកគេ អង្គុយរកនឹក ធ្វើម៉េចដើម្បីយកឈ្នះ ហើយការអង្គុយរកនឹកនេះ វាធ្វើឲ្យមនុស្សចេះគិត ចេះពិចារណា ហើយជាជីវិត មានឡើង មានចុះ មានបរាជ័យ មានឈ្នះ»។

លោក ម៉ុន សុខជា បានបន្ថែមថា៖«បទពិសោធទាំងអស់នេះ យើងមិនអាចបង្ហាត់ក្មេងទៅតាមក្រុមហ៊ុនកើតទេ គឺមានតែបង្ហាត់ទៅតាមរយៈកីឡានេះឯង ព្រោះគេមានពេលយំ សើច និងមានការខំប្រឹងគ្រប់បែបគ្រប់យ៉ាង នៅក្នុងកីឡាតាំងពីគេនៅតូច រហូតដល់ធំ ប៉ុន្តែបើយើងមិនបង្ហាត់ពួកគេបែបនេះទេ យុវជនរបស់យើង នឹងធ្វើអ្វីផ្សេងៗ ព្រោះជាធម្មតាយុវជន យុវនារី មានថាមពលច្រើនណាស់ អ៊ីចឹងកាលណាគេនៅទំនេរ គេនៅអត់ស្ងៀមទេ ព្រោះពួកគេមានអារម្មណ៍រវើរវាយច្រើន ហើយអ្នកខ្លះទៅប្រព្រឹត្តរឿងផ្តេសផ្តាស»។

លោកបានសង្កត់ធ្ងន់ថា៖ «មនុស្សទំនេរ ភាគច្រើនសំកុកតែនៅមុខកុំព្យូទ័រ មុខ Iphone ដែលយូរៗទៅ មនុស្សនោះ នឹងខូចសុខភាពទាំងអស់ ដូច្នេះកីឡាសំខាន់ណាស់ ហើយខ្ញុំសោកស្តាយណាស់ បើសិនឃើញយុវជនរបស់យើងល្អៗ ដូចទំពាំងលូតចេញមក ប៉ុន្តែអង្គុយធ្វើស្មឹះៗ អាហ្នឹងវាស្តាយ ព្រោះប្រទេសជាតិរបស់យើង នឹងធ្លាក់ទៅក្នុងដៃរបស់ពួកគេ ចុះបើយុវជនយើងស្មឹះៗ ហើមស្ពុលៗអ៊ីចឹង ឲ្យពួគេទៅជួយប្រទេសជាតិយ៉ាងម៉េច?»។

លើសពីនេះ លោក ម៉ុន សុខជា យល់ថា សាលារៀន ជាកន្លែងបណ្តុះបណ្តាលថ្នាក់ថ្នាលកីឡាដ៏ល្អបំផុត។ លោកបានបញ្ជាក់ថា៖ «ថ្នាលបណ្តុះប្រាជ្ញាមនុស្ស និងថ្នាលបណ្តុះកីឡា មានតែសាលាទេ ដែលអាចធ្វើទៅបាន ព្រោះសាលាគេបង្កើតមក មានទីលានកីឡាច្រើនណាស់ ដូច្នេះយើងត្រូវតែរកវិធី ដើម្បីបង្កើតទីកន្លែងអនុញ្ញាតឲ្យក្មេងលេងដោយសេរីភាព ព្រោះការលេងដោយសេរីនេះ គឺបានធ្វើឲ្យទេពសោសល្យពីធម្មជាតិរបស់ពួកគេ បានរីកដុះដាលឡើង ហើយមួយទៀតការរៀបចំការប្រកួត ត្រូវមានយុត្តិធម៌ ព្រោះភាពអយុត្តិធម៌នៅក្នុងការប្រកួត វាបានបំផ្លាញកីឡា»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.