v9
V9BET

មុនវ៉ៃដណ្តើមខ្សែក្រវាត់ និងលុយ ១ម៉ឺនដុល្លារ នៅ PNN សហព័ន្ធ ដាក់បទបញ្ជាតឹងរឹងឲ្យកីឡាករកម្ពុជា អនុវត្ត

5 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឈានដាក់ការដាក់បទបញ្ជាបែបតឹងរឹងចំនួន៨ចំណុច ឲ្យកីឡាករកម្ពុជាទាំង៨នាក់ ដែលនឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ «អធិរាជគុនខ្មែរ ISI Palm» នៅលើសង្វៀន PNN ខាងមុខនេះ ធ្វើការអនុវត្ត ដើម្បីធ្វើឲ្យប្រាកដថា ពួកគេមានទាំងគុណភាព សមត្ថភាព និងក្រមសីលធម៌ ក្នុងការប្រកួតប្រជែងដណ្តើមយកខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារជាមួយអ្នកប្រយុទ្ធទាំង៨នាក់ មកពីប្រទេសថៃ។

លោក និន ភិរម្យ តំណាងឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានចូលរួម នៅក្នុងសន្និសីទកាសែត ស្តីពីការប្រកួតដណ្តើមខ្សែក្រវាត់ «អធិរាជគុនខ្មែរ ISI Palm» ប្រភេទទម្ងន់៦០គីឡូក្រាម កាលពីម្សិលមិញនោះ បានសម្តែងការគាំទ្រទៅដល់ PNN និងម្ចាស់ឧបត្ថម្ភ ISI Palm ដែលបានរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតដ៏ធំ ដែលមានប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារនេះ។

ជាមួយគ្នានេះ លោកក៏បានអាននូវបទបញ្ជាចំនួន៨ចំណុចរបស់សហព័ន្ធ ដែលកំណត់ឲ្យកីឡាករកម្ពុជា ត្រូវតែអនុវត្តឲ្យបាន ទាំងពេលត្រៀម និងអំឡុងពេលប្រកួតខ្សែក្រវាត់នេះផងដែរ។ លោក និន ភិរម្យ បាននិយាយថា៖«ចំពោះកីឡាករទាំង៨រូបនេះ ទី១ត្រូវគោរពបទបញ្ជាប្រកួតរបស់សហព័ន្ធ ទី២ ត្រូវស្តាប់រាល់ការណែនាំអប់រំរបស់ក្លិប សមាគម និងគ្រូបង្វឹក ទី៣ ត្រូវគោរពវិន័យម៉ោងហាត់ឲ្យបានត្រឹមត្រូវ ទី៤ ត្រូវរក្សាទម្ងន់ ដែលបានកំណត់ជាផ្លូវការ ដោយត្រូវរក្សាទម្ងន់នេះឲ្យថេររហូតដល់ចប់ការប្រកួត ទី៥ ត្រូវធ្វើការប្រកួតឲ្យអស់ពីសមត្ថភាព តាំងពីចាប់ផ្តើមរហូតដល់ចប់ការប្រកួត»។

លោកបានបន្តថា៖«ចំណែកទី៦ ត្រូវរក្សាសុខភាពឲ្យបានល្អប្រសើរ មិនត្រូវដើរហើរ ឬប្រើប្រាស់គ្រឿងស្រវឹង នៅក្នុងរយៈពេលនៃការប្រកួតទេ ទី៧ ករណីមិនបានមកចូលរួមប្រកួត ត្រូវឲ្យដំណឹងមកសហព័ន្ធ និងស្ថានីយ៍ជាមុន ដោយបញ្ជាក់ពីមូលហេតុច្បាស់លាស់ ហើយសំខាន់កីឡាករនោះ ត្រូវបង្ហាញខ្លួននៅចំពោះមុខសហព័ន្ធ ដើម្បីឲ្យគ្រូពេទ្យប្រចាំសហព័ន្ធ ធ្វើការពិនិត្យ ហើយទី៨ ករណីដល់ថ្ងៃប្រកួត មកថ្លឹងលើសទម្ងន់ រក្សាទម្ងន់មិនបាន តាមការកំណត់ គឺដល់ម៉ោងប្រកួត កីឡាករនោះ មិនអាចចូលរួមប្រកួតបានទេ ឯថវិកា ដែលត្រូវឧបត្ថម្ភ ក៏មិនត្រូវបានឧបត្ថម្ភជូនដែរ ហើយទាំងអស់នេះជាបញ្ហា»។

កីឡាករជើងខ្លាំង និងមានសមត្ថភាពរបស់កម្ពុជា៨នាក់រួមមាន ឃីម ឌីម៉ា, ឡៅ ចិត្រ្តា, តាញ់ មករា, សុខ សាវិន, លន បញ្ញា, កូយ ឡាយ, ឡុង ជិន, និង សារឿន ច័ន្ទ គឺជាបេក្ខភាព ដែលនឹងត្រូវចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ ជាមួយអ្នកប្រយុទ្ធចំនួន៨នាក់មកពីប្រទេសថៃ នៅលើសង្វៀន PNN ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែឧសភា តទៅ។
ចំពោះរូបមន្តប្រកួតវិញ គឺកីឡាករកម្ពុជា២នាក់ និងថៃ២នាក់ នឹងត្រូវធ្វើការប្រកួតជម្រុះចាញ់ធ្លាក់ៗ នៅរៀងរាល់ខែ ដើម្បីយកអ្នកឈ្នះ ទៅជួបអ្នកឈ្នះដណ្តើមគ្នាខ្សែក្រវាត់ប្រាក់។ បន្ទាប់ពីបានរកឃើញអ្នកឈ្នះបានខ្សែក្រវាត់ប្រាក់គ្រប់៤នាក់ហើយ គឺអ្នកទាំង៤នោះ នឹងត្រូវធ្វើការប្រកួតគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់មាស អមដោយទឹកប្រាក់១ម៉ឺនដុល្លារតែម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.