v9
V9BET

Sarri បារម្ភថា ការជាប់ពិន័យរបស់ Chelsea អាចនឹងកម្ទេចក្តីសង្ឃឹមប្រជែងពាននៅរដូវកាលក្រោយ

5 months ago​ | ដោយ V-Dr

លោក Maurizio Sarri បានបញ្ជាក់ថា ក្រុម Chelsea នឹងមិនមានឱកាសក្នុងការប្រជែងជាមួយនឹងក្រុម Manchester City និង Liverpool នៅរដូវកាលក្រោយឡើយ ប្រសិនបើការជាប់ពិន័យព្យួរហាមមិនឲ្យទិញចូលកីឡាករថ្មីរបស់ពួកគេ ក្នុងពេលបើកទីផ្សារដោះដូរចំនួន ២លើក មិនត្រូវបានលុបចោលទេនោះ។

ក្រុម Chelsea បានរងពិន័យព្យួរ ដោយសារតែការប្រព្រឹត្តល្មើសនឹងច្បាប់ដោះដូរកីឡាករអន្តរជាតិ លើកីឡាករជាអនីតិជន ហើយ FIFA បានច្រានចោលបណ្តឹងតវ៉ារបស់ពួកគេប្រឆាំងនឹងការសម្រេចចិត្តនេះ កាលពីថ្ងៃពុធ។ ក្រុមតោខៀវមួយនេះ នឹងត្រូវប្រយុទ្ធប្រឆាំងនឹងការជាប់ពិន័យព្យួរលើការដោះដូរកីឡាករ ក្នុងតុលាការអាជ្ញាកណ្តាលកីឡា ប៉ុន្តែ វាបានក្លាយជាព័ត៌មានដ៏អាក្រក់មួយសម្រាប់លោក Sarri នៅមុនពេលការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី៣ ជាមួយនឹងក្រុម Eintracht Frankfurt នៅរាត្រីនេះ។ ក្រោយពីបានកក់កៅអីមួយក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយរួចជាស្រេច ក្រោយពីមានសុវត្ថិភាពក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៅលើតារាងក្របខ័ណ្ឌ Premier League ក្រុម Chelsea កំពុងតែប្រជែងរកការឈ្នះពានជាលើកទិ១របស់ពួកគេក្រោមការដឹកនាំរបស់លោក Sarri ក្នុងយុទ្ធនាការ Europa League។

ពួកគេកំពុងតែមានប្រៀបខ្ពស់ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Frankfurt ក្នុងការប្រកួតជើងទី១ កាលពីសប្តាហ៍មុន។ ប៉ុន្តែ លោក Sarri មានការខ្វល់ខ្វាយថា ក្តីសង្ឃឹមក្នុងការលុបចោលភាពត្រដាបត្រដួសក្នុងរដូវកាលដំបូងរបស់លោក នឹងត្រូវកម្ទេច ប្រសិនបើក្រុម Chelsea មិនអាចទិញចូលកីឡាករ ដើម្បីអាចប្រជែងជាមួយនឹងក្រុម Man City និង Liverpool ក្នុងក្របខ័ណ្ឌ Premier League ទេនោះ។ លោក Sarri ដែលក្រុមរបស់លោកកំពុងតែដេញតាមពីក្រោយក្រុម Man City ដល់ទៅ២៤ពិន្ទុនោះ បានឲ្យដឹងថា៖ «វាពិតជាលំបាកណាស់ក្នុងការកាត់បន្ថយគម្លាតនេះ។ យើងត្រូវតែធ្វើការ ហើយយើងប្រហែលជាធ្វើអ្វីមួយពីទីផ្សារ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.