v9
V9BET

វីរកីឡាករ សុខ ច័ន្ទមាន យកស្រាបំបាត់ទុក្ខ ក្រោយដណ្តើមមិនបានមេដាយពិភពលោក នៅអេស្ប៉ាញ

3 months ago​ | ដោយ V-Dr

វីរកីឡាករ សុខ ច័ន្ទមាន និងវិរៈកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ ដែលសុទ្ធតែធ្លាប់ឈ្នះបានមេដាយមាសពិភពលោក រួមទាំងកីឡាករ សៅ សុភារ៉ាន់ នៃក្រុមជម្រើសជាតិកីឡាប៉េតង់ មិនអាចប្រជែងដណ្តើមបានមេដាយអ្វីមួយសោះ ពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក(World Championship Petaque 2019) នៅប្រទេសអេស្ប៉ាញ ខណៈអ្នកទាំង៤ សុទ្ធតែបានធ្លាក់ ក្នុងការប្រកួតវគ្គជម្រុះ និងវគ្គខ្វែងនោះ។

តាមរយៈការប្រកួតទាំង៥វិញ្ញាសា ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី២ និងបញ្ចប់នៅថ្ងៃទី៦ ខែឧសភានេះ គឺមានតែការប្រកួតវាយទោលនារីរបស់កីឡាការិនី អ៊ុក ស្រីមុំ និងវាយគូចម្រុះរបស់កីឡាការិនី កែ ឡេង និងកីឡាករ សុខ ច័ន្ទមាន ប៉ុណ្ណោះ ដែលបានឆ្លងផុតវគ្គជម្រុះ ទៅកាន់វគ្គខ្វែង។

នៅក្នុងការប្រកួតវាយទោល កីឡាការិនី អ៊ុក ស្រីមុំ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ បន្ទាប់មកម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧របស់កម្ពុជា បានបន្តយកឈ្នះកីឡាការិនីន័រវែស ១៣-៣ នៅវគ្គ១/៨ ប៉ុន្តែបានធ្លាក់ ក្រោយចាញ់កីឡាការិនីថៃ ១៣-៥ នៅវគ្គ១/៤ ខណៈវិញ្ញាសានេះ កីឡាការិនីបារាំង Charlotte Darodes ទទួលបានមេដាយមាស ក្រោយយកឈ្នះកីឡាការិនីថៃ Phantipha Wongchuvej ១៣-១០ នៅវគ្គផ្តាច់ព្រ័ត្រ។

ចំពោះ វិញ្ញាសាវាយគូចម្រុះ (បុរស១ នារី១)របស់កីឡាការិនី កែ ឡេង និងកីឡាករ សុខ ច័ន្ទមាន គឺអ្នកទាំង២ បានឡើងទៅកាន់វគ្គ១/៨ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១នៅវគ្គជម្រុះដំបូង ប៉ុន្តែម្ចាស់មេដាយមាសពិភពលោករបស់កម្ពុជាទាំង២នេះ បានបាត់ឱកាសទៅវគ្គបន្ត ក្រោយចាញ់ក្រុមស៊ុយអែតយ៉ាងប្រផិតប្រផើយ ១៣-១១ នៅវគ្គនេះ ខណៈក្រុមកីឡាករថៃ ទទួលបានមេដាយមាស ក្រោយឈ្នះក្រុមបារាំង ១៣-៩ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ដោយឡែកការប្រកួតវាយគូបុរស ដែលជាការចាប់ដៃគ្នារវាងកីឡាករ សុខ ច័ន្ទមាន និង សៅ សុភារ៉ាន់ គឺពួកគេ បានធ្លាក់ត្រឹមជម្រុះដំបូង ក្រោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣៩ ក្នុងចំណោម៤៨ប្រទេស រីឯវាយគូនារីរបស់ អ៊ុក ស្រីមុំ និង កែ ឡេង បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២១ ក្នុងចំណោម៤២ប្រទេស គឺធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា។ បន្ថែមលើនេះកីឡាករ សុខ ច័ន្ទមាន ក៏បានធ្លាក់ត្រឹមជម្រុះដំបូងនៃការប្រកួតវាយទោលផងដែរ ខណៈរូបគេ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣៤ ក្នុងចំនោមកីឡាករ៤២រូបនោះ។

ជាមួយនឹងការចាញ់ទាំង៣វិញ្ញាសានេះ បានធ្វើឲ្យម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ សុខ ច័ន្ទមាន ខកចិត្តខ្លាំង នឹងបានបង្ហាញអារម្មណ៍សោកស្តាយ ដោយការបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «មនុស្សពិបាកចិត្តមានតែស្រាទេ ទើបយល់ចិត្តខ្ងុំ ហើយវាក៏ធ្វើឲ្យយើងដេកស្អាតដែរ G9»។

ការបង្ហាញអារម្មណ៍សោកសៅតាមរយៈហ្វេសប៊ុកនេះ បានធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់ មាស ច័ន្ទមាន ជាច្រើននាក់ បានសរសេរជា Comment លួងចិត្តដល់កីឡាករប៉េតង់រូបនេះ។ តែទោះបីជាយ៉ាង ការធ្លាក់ទាំង៥វិញ្ញាសាបែបនេះ វាពិតជារឿងដ៏គួរឲ្យខកចិត្ត និងភ្ញាក់ផ្អើលផងដែរ ព្រោះការចេញទៅប្រកួតជើងឯកពិភពលោកកន្លងមក ក្រុមប៉េតង់កម្ពុជា តែងតែទទួលបានមេដាយមាស ជាហូរហែរតែម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.