v9
V9BET

ក្រុមអង្គរថាយហ្គឺរ បន្ថយល្បឿនទៅមុខរបស់ក្រុមស្វាយរៀង ខណៈវិសាខា និងបឹងកេត រួមគ្នា ទម្លាក់ទ័ព ពី Top4

4 months ago​ | ដោយ V-Dr

ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ បានកាត់បន្ថយល្បឿនទៅមុខរបស់ក្រុមកំពុងឈរនៅលើកំពូលតារាង ព្រះខ័នរាស្វាយរៀង ដើម្បីធ្វើឲ្យលីកកំពូលកម្ពុជា ឆ្នាំ២០១៩ វិលទៅរកការប្រជែងគ្នា កាន់តែខ្លាំង ចំណែកក្រុមវិសាខា និងបឹងកេត សុទ្ធតែទទួលបានជ័យជម្នះ ដើម្បីរួមគ្នាទម្លាក់ក្រុមក្រសួងការពារជាតិ (ទ័ព) ចេញពីកំពូលតារាងទាំង៤ (Top4)។

សម្រាប់ការប្រកួត ប្រចាំសប្តាហ៍ទី៦ នៅលើទីលានផ្សេងគ្នា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ ក្រុមអង្គរថាយហ្គឺរ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ស្គាល់លទ្ធផលស្មើ ជាលើកដំបូង បន្ទាប់ពីបានឈ្នះទាំង៥ប្រកួត កន្លងមកនេះ។

ទោះបីជាយ៉ាងណា លទ្ធផលស្មើគ្នា ១-១ នេះ អាចថា ជាចំណាងល្អមួយផងដែរ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ព្រោះនៅក្នុងការប្រកួតនេះ អង្គរថាយហ្គឺរ បានស៊ុតបាល់ពិន័យ១១ម៉ែត្រ មិនចូល មុនពេលខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ រកបានគ្រាប់បាល់នៅនាទីទី៦៤ ប៉ុន្តែកីឡាករ Kobayashi Daisuke វាយបកបាន១គ្រាប់វិញឲ្យក្រុមស្វាយរៀង នៅនាទីទី៨៧។

ការរកបាន១ពិន្ទុនេះ វានៅតែធ្វើឲ្យក្រុមស្វាយរៀង បន្តឈរនៅលើកំពូលតារាងដដែល ប៉ុន្តែការមាន១៦ពិន្ទុ វាបានដាក់សម្ពាធដល់ក្រុមនេះផងដែរ ក្នុងការរក្សាទីតាំងលេខ១របស់ខ្លួន ក្នុងការប្រកួតក្រោយៗទៀត ព្រោះពេលនេះ ណាហ្គាវើល ដែលឈរនៅលេខរៀងទី២ បានយកឈ្នះក្រុមភ្នំពេញក្រោន ៣-០ ដើម្បីមាន១៥ពិន្ទុ គឺតិចជាង ក្រុមស្វាយរៀង ត្រឹម១ពិន្ទុប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ក្រុមបឹងកេត និងវិសាខា បានរកឃើញការឈ្នះដូចគ្នា ដោយក្នុងនោះ បឹងកេត បានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិ ៣-១ ឯ វិសាខា បានលត់ក្រុមខេត្តកំពង់ចាម ១៤-០ ហើយលទ្ធផលនេះ វាបានទម្លាក់ក្រុមទ័ព ដែលធ្លាប់ឈរនៅលេខ៤ ជាមួយការមាន១០ពិន្ទុស្មើគ្នា កាលពីសប្តាហ៍មុននោះ ឲ្យទៅឈរនៅលេខ៦វិញ ព្រោះនៅសប្តាហ៍នេះ ទ័ព បានត្រឹមស្មើ ១-១ ជាមួយក្រុមមកពីខេត្តសៀមរាប សូលទីឡូអង្គរ។

ចំណែកក្រុមគិរីវង់សុខសែនជ័យ បានរកឈ្នះជម្នះលើក្រុមម្ចាស់ផ្ទះ អគ្គស្នងការដ្ឋាននគរបាលជាតិ របស់លោក ប្រាក់ សុវណ្ណារ៉ា ៣-២ ប៉ុន្តែក្រុមអាស៊ីអឺរ៉ុប បានត្រឹមស្មើ ២-២ ជាមួយក្រុមភ្ញៀវ អគ្គិសនីកម្ពុជា តែប៉ុណ្ណោះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.