v9
V9BET

អត្តពលិកមកពី៨ប្រទេស នឹងជួយលាតត្រដាងពីអាថ៌កំបាំងរបស់ព្រៃឡង់ ទៅកាន់ពិពភលោក

2 months ago​ | ដោយ V-Dr

ក្រុមកីឡាករ កីឡាការិនីប្រណាំងម៉ូតូ និងយានយន្ត មកពី៨ប្រទេស ត្រូវបានគេរំពឹងថា នឹងចូលរួមជួយផ្សព្វផ្សាយពីអាថ៌កំបាំង ក្នុងតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ព្រមទាំងដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ នៅកម្ពុជាមួយចំនួនទៀត ទៅកាន់ពិភពលោក បានដឹងកាន់តែច្បាស់ ព្រោះអ្នកទាំងនេះ នឹងប្រើប្រាស់ជំនាញនៃការបើកបររបស់ពួកគេ ប្រកួតប្រជែងគ្នា ដោយឆ្លងកាន់តំបន់ទាំងនោះ ពិសេសតំបន់ព្រៃឡង់ ដែលត្រូវឆ្លងកាត់លើចម្ងាយផ្លូវសរុបជាង៦០០គីឡូម៉ែត្រឯណោះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖«ទោះការប្រណាំងយានយន្តនេះ វាបានឆ្លងកាត់តែខេត្តកំពង់ធំ និងខេត្តព្រះវិហារ នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» មុនទៅដល់ខេត្តសៀមរាប ប៉ុន្តែនៅខេត្តព្រះវិហារ វាក៏បានឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃបឹងពែ» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» ហើយពេលទៅដល់ខេត្តសៀមរាប ក្រុមកីឡាករ កីឡាការិនីទាំងនោះ ក៏នឹងត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត ផងដែរ»។

បើតាមលោក នេត្រ ភក្ត្រា បានឲ្យដឹងថា ព្រៃឡង់ ជាដែនជម្រកសត្វព្រៃមួយ មានទំហំ ៤៣១ ៦៨៣ ហិកតា ដែលគ្របដណ្តប់ក្នុងខេត្ត៤ មានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ហេតុនេះលោកសង្ឃឹមថា តាមរយៈការប្រណាំងយានយន្តនេះ នឹងជួយផ្សព្វផ្សាយតំបន់នេះ កាន់តែបានទូលំទូលាយ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

លោកបញ្ជាក់ថា៖«តាមរយៈការផ្តិតរូបភាពរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ KARA យើងជឿជាក់ថា រូបភាពផ្សេងៗពាក់ព័ន្ធ នឹងធនធានធម្មជាតិ ក៏ដូចជាជីវភាពរបស់ប្រជាសហគមន៍នៅទីនោះ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទំលំទូលាយ គឺមិនមែនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែតាមរយៈកីឡាករមកពីក្រៅប្រទេស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គាត់នឹងបញ្ចេញរូបភាពតាមហ្វេសប៊ុក តាមប្រព័ន្ធបណ្តាញសង្គម ឬតាមបណ្តេញព័ត៌មាន ដើម្បីជម្រាបទៅឲ្យប្រជាពលរដ្ឋនៅប្រទេសផ្សេងៗទៀត បានដឹងថា តើប្រទេសកម្ពុជា សម្បូរធនធានធម្មជាតិយ៉ាងម៉េចខ្លះ! ហើយព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយ ក្នុងការចូលរួមទាញការចាប់អារម្មណ៍របស់សាធារណជនឲ្យចូលរួមថែរក្សាការពារបរិស្ថាននិងធនធានធម្មជាតិ ផងដែរ»។

ចំណែកលោក ហូរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ថ្លែងថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ខ្មែររ៉ាលីរ៉េដ ឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើង ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ហើយព្រឹត្តិការណ៍នេះ ត្រូវឆ្លងកាត់ខេត្តចំនួន៣មាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ពិសេសឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» លើចម្ងាយផ្លូវសរុបជាង៦០០គីឡូម៉ែត្រ។

ជាមួយគ្នានោះ លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន KARA បានថ្លែងថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ក្នុងតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះ មានការគាំទ្រដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា និងដៃគូមួយចំនួនទៀត ហើយព្រឹត្តិការណ៍លើកនេះ មានការចូលរួមពីក្រុមប្រណាំងម៉ូតូ និងរថយន្តចំនួន៤១ គ្រឿង ដោយមានកីឡាករ កីឡាការិនីចំនួន៦៤នាក់ មកពី៨ប្រទេសមាន កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្តត់លែន បារាំង និងហូរឡង់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.