v9
V9BET

នាយកវិទ្យាស្ថានខេមអេដ ថា ការលេងកីឡា នឹងជួយឲ្យនិស្សិត មានឆន្ទៈខ្លាំង ពេលចូលធ្វើការក្រុមហ៊ុន

3 weeks ago​ | ដោយ V-Dr

នាយកវិទ្យាស្ថានខេមអេដ លោក Casey Barnett ដែលជាអនុបណ្ឌិតផ្នែកគណនេយ្យមកពីប្រទេសអាមេរិក បានចាត់ទុកការលេងកីឡា ជាឱកាសដ៏មានប្រយោជន៍ ក្នុងការផ្តល់បទពិសោធល្អៗឲ្យនិស្សិត ដើម្បីធ្វើឲ្យពួកគេមានឆន្ទៈខ្លាំង និងការតាំងចិត្ត ពេលនិស្សិតទាំងនោះ បានបញ្ចប់ការសិក្សា ហើយចេញទៅបំពេញការពារ នៅតាមក្រុមហ៊ុននានា។

លោក Casey Barnett បានថ្លែងថា៖ «បើទោះបីជា យើងជាវិទ្យាស្ថានល្បីខាងបង្រៀនបច្ចេកទេសគណនេយ្យ និងហរិញ្ញវត្ថុ ប៉ុន្តែយើងទទួលស្គាល់ថា ជំនាញបច្ចេកទេស មិនទាន់គ្រប់គ្រាន់សម្រាប់ជោគជ័យក្នុងការរកស៊ី និងគ្រប់គ្រងនោះទេ ព្រោះភាពជោគជ័យក្នុងការរកស៊ី និងគ្រប់គ្រង នៅក្នុងក្រុមហ៊ុនមួយ គួរតែមានជំនាញធ្វើការងារជាក្រុម ជំនាញលើកទឹកចិត្តទៅវិញទៅមក និងជំនាញធ្វើការងារដោយមានសម្ពាធ អ៊ីចឹងការលេងកីឡាជាឱកាសល្អ ដើម្បីបង្រៀនឲ្យនិស្សិតរបស់យើងទទួលបានបទពិសោធល្អៗទាំងនេះ»។

ការលើកឡើងរបស់លោក Casey Barnett ត្រូវបានធ្វើឡើង នៅពេលលោកបានចូលរួមពិធីបើកការប្រកួតកីឡាហ្វុតសាលដណ្តើមពានរង្វាន់ខេមអេដ នៅទីលាន Central Park កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ហើយព្រឹត្តិការណ៍នេះ លោកបានបង្កើតឡើងជាច្រើនឆ្នាំមកហើយ ដើម្បីឲ្យនិស្សិតរៀននៅសាលារបស់លោក បានលេងកីឡា នៅពេលពួកគេសម្រាកពីការសិក្សា។

សម្រាប់ការប្រកួតបាល់ទាត់ហ្វុតសាលដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ២០១៩នេះ មានក្រុមនិស្សិតចំនួន២១ក្រុម បានចូលរួម ហើយពួកគេបានចាប់ផ្តើមធ្វើការប្រកួតប្រជែងគ្នា កាលពីល្ងាចថ្ងៃពុធនោះ ដើម្បីស្វែងរកជើងខ្លាំងប្រចាំឆ្នាំនេះ ហើយក៏ដើម្បីរកកីឡាករមានសមត្ថភាព សម្រាប់លេងតំណាងឲ្យវិទ្យាស្ថានខេមអេដ ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំផងដែរ។

លោក Casey បានថ្លែងបន្ថែមថា៖ «ខ្ញុំសប្បាយចិត្ត នៅពេលឃើញការចូលរួមរបស់ក្រុមនិស្សិតយើង មានការកើនឡើង ព្រោះការលេងបាល់ទាត់ នឹងជួយឲ្យពួកគេទទួលបានបទពិសោធចេះធ្វើការងារជាក្រុម ចេះលើកទឹកចិត្តគ្នា មានឆន្ទៈ និងមានភាពអំណត់អត់ធន់ទៅនឹងអ្វី ដែលពួកគេបានធ្វើ ហេតុនេះយើងសង្ឃឹមថា និស្សិតដែលរៀនចប់ នៅវិទ្យាស្ថានខេមអេដ ពេលពួកគេចូលធ្វើការ ជាមួយក្រុមហ៊ុននីមួយៗ គេនិងចូលរួមប្រកបដោយឆន្ទៈខ្លាំង និងការតាំងចិត្ត សម្រាប់ជួយអាជីវកម្មនោះ ឲ្យទទួលបានជោគជ័យ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.