v9
V9BET

ការប្រណាំងកង់ភ្នំ រដូវកាលថ្មី នឹងក្លាយជាវេទិកាប្រជែងរកកីឡាករឆ្នើមតំណាងឲ្យជាតិ

3 months ago​ | ដោយ V-Dr

ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ រដូវកាលថ្មី ឆ្នាំ២០១៩ ឬហៅថា Cambodia MTB Series 2019 ត្រូវបានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងម្ចាស់ឧបត្ថម្ភធំ វីតាល់ បានប្រកាសថា នឹងចាប់ដំណើរការប្រកួតប្រជែង នៅដើមខែឧសភា ហើយមានការប្រកួតចំនួន៥ជុំ ដូចកាលពីឆ្នាំមុនដែរ ខណៈទីលានដ៏អំណោយផល នៅលើភ្នំគិរីរម្យ គឺជាកន្លែងប្រកួតផ្តាច់ព្រ័ត្រ ដើម្បីរកម្ចាស់ជយលាភី ប្រចាំឆ្នាំនេះ។

ជាមួយគ្នានេះ ការប្រកួតប្រណាំងកង់ភ្នំ រដូវកាលថ្មី វានឹងក្លាយជាព្រឹត្តិការណ៍ប្រកួត ដែលមានការទាក់ទាញកាន់តែខ្លាំង ព្រោះសហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្រេចយកព្រឹត្តិការណ៍នេះ ជាការប្រកួតប្រជែងរកកីឡាករឆ្នើម២នាក់ សម្រាប់ដាក់ឲ្យប្រកួតតំណាងឲ្យជាតិ ក្នុងការប្រកួតស៊ីហ្គេម នៅហ្វីលីពីន នាចុងឆ្នាំ២០១៩។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖«ខ្ញុំមានការរំពឹងទុកថា ការប្រណាំងកង់ភ្នំ នៅឆ្នាំនេះ នឹងមានអ្នកចូលរួមកាន់តែច្រើន ពិសេសក្មេងៗជំនាន់ក្រោយ ដែលពួកគេមានការចាប់អារម្មណ៍លើប្រភេទកីឡានេះកាន់តែខ្លាំង ហើយអ្វីដែលកាន់តែពិសេសនោះ ការប្រណាំងកង់ភ្នំ នៅឆ្នាំនេះ វានឹងក្លាយជាវេទិកាប្រជែងគ្នារបស់អត្តពលិកនៃក្រុមជម្រើសជាតិ ដើម្បីរកអ្នកមានសមត្ថភាពល្អ២នាក់ សម្រាប់ដាក់ឲ្យចូលរួមលើការប្រកួតប្រភេទកង់ភ្នំនោះ នៅស៊ីហ្គេម ប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ»។

យ៉ាងណាក៏ដោយ ក្រោយពីពិនិត្យទៅលើសមត្ថភាព តាមរយៈការប្រកួតកង់ភ្នំនេះ អ្នកបច្ចេកទេសរបស់សហព័ន្ធ ក៏នឹងមានការធ្វើតេស្តបន្ថែមទៀតផងដែរ។ លោក ខាន់ពៅ បានបញ្ជាក់ថា៖«ពិតណាស់ពួកគេ នឹងធ្វើការប្រកួតប្រជែងគ្នាខ្លាំង ដើម្បីក្លាយជាបេក្ខភាព ត្រូវទៅប្រកួតស៊ីហ្គេម ប៉ុន្តែ យើងក៏នឹងត្រូវធ្វើតេស្តបន្ថែមទៅលើពួកគេផងដែរ ដើម្បីឲ្យប្រាកដថា យើងជ្រើសរើសបានអ្នកមានសមត្ថភាពពិតប្រាកដ ទៅប្រកួតតំណាងឲ្យប្រទេសជាតិ នៅស៊ីហ្គេម លើកនេះ»។

តាមការប្រកាស់ នៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃអង្គារនោះ គឺការប្រកួតជុំទី១ នឹងត្រូវធ្វើនៅទីលានព្រែកលៀប នាថ្ងៃទី៥ ខែឧសភា ឯជុំទី២ នឹងធ្វើនៅកែប នាថ្ងៃទី១៦ ខែមិថុនា ហើយជុំទី៣ ត្រូវធ្វើនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែកក្កដា រីឯ ជុំទី៤ នឹងធ្វើនៅភ្នំប្រសិទ្ធ នាថ្ងៃទី៣ ខែវិច្ឆិកា ខណៈជុំទី៥ផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើនៅលើគិរីវង់ ដដែល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ដោយឡែក ចំពោះប្រភេទវិញ្ញាសា ដែលដាក់ឲ្យប្រកួតនៅតាមជុំនីមួយៗ ដែលមានស្ថានភាពទីលាន និងផ្លូវប្រកួតខុសគ្នានោះ មានការប្រកួតដូចគ្នា គឺមានក្រុមជំនាញខ្លាំងបំផុត(A1) ក្រុមជំនាញខ្លាំង មានពីអាយុ៣០ឡើង(A2) ក្រុមជំនាញមធ្យមពីអាយុ១៥ ដល់២៩ឆ្នាំ(B1) ក្រុមជំនាញមធ្យមមានអាយុ៣០ឆ្នាំឡើង(B2) ព្រមទាំងការប្រកួតកម្រិតអ្នកគ្មានជំនាញផ្នែកយុវជនអាយុពី១៤ទៅ១៧ឆ្នាំ(C1) ក្រុមអាយុពី១៨ដល់២៩ឆ្នាំ(C2) ក្រុមអាយុ៣០ដល់៣៩ឆ្នាំ(C3) ក្រុម Masters អាយុ៤០ឡើង ការប្រកួតផ្នែកនារីបើកទូលាយ រួមទាំងការប្រកួតផ្នែកកុមារអាយុ៩ទៅ១១ឆ្នាំ (K1) និងអាយុ១២ដល់១៣ឆ្នាំ(K2)។

ចំពោះលក្ខខណ្ឌអ្នកចង់ចូលរួម ត្រូវបានលោក Pierre Yves Catry អគ្គលេខាធិការរង សហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ថា ត្រូវតែមានកង់ផ្ទាល់ខ្លួនជាចាំបាច់ ចំណែកការចុះឈ្មោះចូលរួមសម្រាប់ជុំទី១ ដល់ជុំទី៤ គឺយក៤ដុល្លារ សម្រាប់សិស្សសាលាមានអាយុក្រោម១៩ឆ្នាំ និង៧ដុល្លារ សម្រាប់មនុស្សធំ និងយក១០ដុល្លារ ចំពោះជនបរទេសយក១០ដុល្លារ។ រីឯជុំទី៥ផ្តាច់ព្រ័ត្រ គឺសិស្សសាលាយក៥ដុល្លារ មនុស្សធំយក១០ដុល្លារ និងជនបរទេសយក១៥ដុល្លារ ប៉ុន្តែនៅក្នុងការប្រកួតតាមជុំនីមួយៗ សុទ្ធតែមានផ្តល់ប្រាក់រង្វាន់ជូនដល់ម្ចាស់ជយលាភី តាមវិញ្ញាសានីមួយៗដូចគ្នា រួមទាំងរង្វាន់ធំប្រចាំឆ្នាំទៀត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.