v9
V9BET

គ្រូបង្វឹក ១៦៥នាក់ កំពុងរៀនសូត្របន្ថែមពីអ្នកជំនាញ មុនចូលបង្វឹកក្រុមជម្រើសជាតិ

4 weeks ago​ | ដោយ V-Dr

គ្រូបង្វឹក និងគ្រូជំនួយ មកពីប្រភេទកីឡាចំនួន៣៤ រួមទាំងគ្រូបង្វឹកក្រុមជនពិការ បាននឹងកំពុងរៀនសូត្របន្ថែមពីអ្នកជំនាញជាគ្រូឧទ្ទេស នៅក្នុងសិក្ខាសាលាស្តីពី «ការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាជាតិ មុនពេលពួកគាត់ ទៅបង្វឹកដល់ក្រុមធំ និងក្រុមថ្នាលជម្រើសជាតិ ក្នុងឆ្នាំ២០១៩នេះ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា សិក្ខាសាលានេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នឹងមានសិក្ខាកាមសរុប១៦៥នាក់ ក្នុងនោះជាគ្រូបង្វឹក គ្រូជំនួយមកសហព័ន្ធកីឡាជាតិចំនួន៣៤ និងគ្រូបង្វឹកកីឡាជនពិការចំនួន១០នាក់។

សិក្ខាកាមជាគ្រូបង្វឹកទាំង១៦៥នាក់នេះ បានចាប់ផ្តើមរៀនសូត្រ ជាមួយអ្នកជំនាញ២រូបហើយ កាលពីថ្ងៃចន្ទម្សិលមិញ គឺលោក ព្រំ វណ្ណារឿន ដែលបានបង្ហាញពីការប្រឆាំងសារធាតុដូប៉ាតាមអនឡាញ និងគ្រូបង្វឹកជើងចាស់ផ្នែកបាល់ទាត់លោក ប្រាក់ សុវណ្ណារ៉ា ដែលបង្ហាញពីផែនការហ្វឹកហ្វឺន។

ចំណែកនៅថ្ងៃអង្គារនេះ សិក្ខាកាមទាំងនេះ នឹងបន្តរៀនសូត្រជាមួយគ្រូទ្ទេសម្នាក់ទៀត គឺលោកវេជ្ជបណ្ឌិត ស្តើង ជា ដោយលោកនឹងបង្ហាញដល់ពួកគេពីបញ្ហារបបអាហារ និងភេសជ្ជៈសម្រាប់អត្តពលិក, ការបង្ហាររបួសក្នុងកីឡា និងសង្រ្គោះបឋមរបស់គ្រូបង្វឹក ព្រមទាំងការប្រឆាំងសារធាតុដូប៉ា។

ដោយឡែក នៅថ្ងៃពុធ ចុងក្រោយ គ្រូបង្វឹកទាំង១៦៥នាក់នេះ នឹងបន្តរៀនសូត្រជាមួយអ្នកជំនាញគឺលោក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដោយលោកនឹងផ្តល់ចំណេះដឹងពីផែនការ និងវិធីសាស្រ្តហាត់ហ្វឹកហ្វឺនកីឡាកម្រិតខ្ពស់ នៅពេលព្រឹក ហើយនៅពេលរសៀល នឹងបន្តសិក្សាជាមួយលោក រ៉ា ម៉ា ពីឧបករណ៍ហាត់ជំនួយសាច់ដុំ និងចុងក្រោយគ្រូឧទ្ទេសលោក ប៊ូ ជុំសេរី នឹងបង្ហាញពីតួនាទីជាគ្រូបង្វឹក និងការអភិវឌ្ឍគុណផលកីឡា។

ទាក់ទងទៅនឹងការបើកឲ្យមានវគ្គសិក្ខាសាលា មុនការប្រមូលផ្តុំក្រុមជម្រើជាតិ ទាំងក្រុមធំ និងក្រុមថ្នាលនេះ លោក ប៉ុន សុខ បានបញ្ជាក់ថា៖ «យើងមានគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបង្ហាត់ និងការហាត់របស់ក្រុមជម្រើសជាតិ និងក្រុមថ្នាល ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស»។

លោកបានបន្ថែមថា៖ «មានន័យថា មានផែនការល្អហើយ ត្រូវអនុវត្តផែនការនោះ ឲ្យបានត្រៀមត្រូវទៀត ទើបការហាត់ និងការបង្ហាត់ បានទទួលលទ្ធផលល្អ ហើយគុណផលកើនឡើង ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន ក្នុងឆ្នាំ២០១៩នេះ ជាពិសេសការត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា និងការចូលរួមប្រកួតអន្តរជាតិនានាទៀត»។

គួរបញ្ជាក់ថា ការប្រមូលផ្តុំក្រុមជម្រើសជាតិ ឆ្នាំ២០១៩នេះ មានរយៈពេល៧ខែ ដោយនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ចំណែកក្រុមថ្នាលជម្រើសជាតិ មានរយៈពេល៨ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែធ្នូ។នៅក្នុងការប្រមូលផ្តុំនេះ គឺទាំងក្រុមធំ និងក្រុមថ្នាលជម្រើសជាតិ សុទ្ធតែមានការបែងចែកជា៣ដំណាក់កាលដូចគ្នា ហើយនៅក្នុងដំណាក់កាលនីមួយៗ នឹងមានការប្រជុំបច្ចេកទេស និងវាយតម្លៃ ដោយប្រកួតធ្វើតេស្ត ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេសគុណផលរបស់កីឡា ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.