v9
V9BET

ក្រុមប្រដាល់សកលកម្ពុជា ចាញ់ក្នុងវគ្គជម្រុះជើងឯកអាស៊ី ទាំង៧នាក់

4 weeks ago​ | ដោយ V-Dr

ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិប្រដាល់សកលកម្ពុជា ទាំង៧នាក់ សុទ្ធតែចាញ់ និងបានធ្លាក់ចេញត្រឹមវគ្គជម្រុះ ពីការប្រកួតកីឡាសកលជើងឯកអាស៊ី ដែលត្រូវបានធ្វើឡើង នៅទីក្រុងបាងកក ប្រទេសថៃដូចគ្នា។

តាមរយៈការចេញទៅប្រកួតដោយភាពស្ងៀមស្ងាត់នេះ កីឡាករ វី សុភ័ស្ស, បាង កាណុន និង យ៉ុន ដារ័ត្ន បានធ្លាក់ចេញពីការប្រកួតនេះមុនគេ ខណៈអ្នកទាំង៣ សុទ្ធតែមិនអាចទប់ទល់ជាមួយគូប្រកួតបាននោះ រីឯកីឡាករ សៅ រង្សី បានចាញ់កីឡាកររបស់អាហ្វហ្គានីស្ថាន ដោយពិន្ទុដូចគ្នា។

ចំណែកកីឡាករ ណាត សៀកនិន ដែលគេស្គាល់ជាទូទៅថា ពេជ្រ ម្ទេសខ្មាំង នោះ បានបង្ហាញការប្រកួតយ៉ាងស្វិតស្វាញបំផុត ក្នុងការប្រកួតជម្រុះជាមួយកីឡាករចិន។ ម្ទេសខ្មាំង បានវាយចូលចំគោលដៅបានច្រើន នៅក្នុងការប្រកួត២ទឹកដំបូង ប៉ុន្តែនៅទឹកទី៣ចុងក្រោយ ម្ទេសខ្មាំង ត្រូវបានកីឡាករចិន វាយឲ្យរាប់ចំនួន៣លើក ទើបធ្វើឲ្យរូបគេចាញ់ ពិន្ទុ និងធ្លាក់ចេញពីការប្រកួតនេះ។

ដោយឡែក កីឡាការិនី វី ស្រីខួច និង នូវ ស្រីពៅ ដែលបានប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក៏បានចាញ់ដូចគ្នា គឺ ស្រីខួច បានចាញ់ពិន្ទុឥណ្ឌនេស៊ី ដោយពិន្ទុទាំងសោកស្តាយ ប៉ុន្តែ នូវ ស្រីពៅ បានសុំចុះចាញ់ក្រោមកណ្តាប់ដៃកីឡាការិនីរបស់ឥណ្ឌា នៅទឹកទី២ គឺបន្ទាប់ពីអាជ្ញាកណ្តាលបានរាប់ចំនួន៣លើក។

តាមលទ្ធផលនៃការប្រកួតនេះ បានបង្ហាញឲ្យឃើញថា ក្រុមប្រដាល់សកល នៅតែមិនអាចឆ្លងផុតវគ្គជម្រុះការប្រកួតកម្រិតអាស៊ី ប៉ុន្តែវាមិនមានអ្វីប្លែកនោះទេ ព្រោះស្ថានភាពប្រកួតប្រដាល់សកលនៅកម្ពុជា ពេលនេះ គឺគ្មានសកម្មភាពអ្វីជាដុំកំភួននោះឡើយ ដោយសារពួកគេ បានត្រឹមហ្វឹកហាត់ តែគ្មានការប្រកួតសកលណាមួយ ត្រូវបានរៀបចំឡើងនោះឡើយ គឺសូម្បីតែការប្រកួតប្រដាល់នៅតាមសង្វៀននានា នៅភ្នំពេញ បច្ចុប្បន្ន ក៏គ្មានដាក់ការប្រកួតប្រដាល់នោះដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.