v9
V9BET

ព្រះខ័នរាជស្វាយរៀង កាន់តែខ្លាំង ឯ Bata សម្រេច Hat-Trick ម្តងទៀត ដើម្បីបន្តឈរនៅកំពូល

4 months ago​ | ដោយ V-Dr

ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញឲ្យឃើញនូវទម្រង់លេងកាន់តែមានភាពមុតស្រួច បន្ទាប់ពួកគេ បានបន្តយកឈ្នះក្រុមភ្នំពេញក្រោន រហូតដល់ ៥-១ កាលពីយប់ថ្ងៃអាទិត្យ ចំណែកក្រុមខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bata រកបាន៣គ្រាប់ (Hat-Trick) ជាថ្មីម្តងទៀត ដើម្បីបន្តឈរនៅលើកំពូលតារាង ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ជាបណ្តោះអាសន្ន នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩។

បើទោះបីជា ក្រុមព្រះខ័នរាជ មិនធ្លាប់ស្គាល់ការចាញ់សោះ តែគេមិនរំពឹងថា ក្រុមមួយនេះ អាចយកឈ្នះលើក្រុមភ្នំពេញក្រោន ជាមួយគ្រាប់បាល់ច្រើនបែបនេះនោះទេ ព្រោះភ្នំពេញក្រោន ក៏មានទម្រង់លេងល្អផងដែរ។ ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែង នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញនេះ ព្រះខ័នរាជស្វាយរៀង ពិតជាលេងបានល្អ ដើម្បីទទួលបានជ័យជម្នះ ៥-១។

ការរកបាន៣ពិន្ទុបន្ថែមនេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង នៅតែអាចបន្តឈរនៅកំពូលតារាង ក្នុងនាមជាក្រុមតែមួយគត់ ដែលបានឈ្នះទាំង៤ប្រកួតជាប់ៗគ្នា គឺនៅតែមាន៣ពិន្ទុនាំមុខលើក្រុមក្រសួងការពារជាតិ និងក្រុមវិសាខា ដែលមាន១០ពិន្ទុ ព្រោះការប្រកួតលើកទី៤នេះ ក្រសួងការពារជាតិ បានឈ្នះក្រុមប៉ូលិស ៤-២ ហើយវិសាខា បានឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០។

ជាមួយការយកឈ្នះក្រុមប៉ូលិស ៤-២ ដើម្បីបន្តឈរនៅលេខរៀងទី២នេះ ខ្សែប្រយុទ្ធ Bata របស់ក្រុមក្រសួងការពារជាតិ បានសម្រេចការរកបាន៣គ្រាប់តែម្នាក់ឯង ជាថ្មីម្តងទៀត បន្ថែមទៅលើការរកបាន៣គ្រាប់តែម្នាក់ឯង ជាលើកដំបូង នៅពេលក្រសួងការពារជាតិ បានលត់ក្រុមខេត្តបាត់ដំបង ១១-០ កន្លងមកនេះ។

ការរកបាន៣គ្រាប់បន្ថែមនេះ វាបានជួយឲ្យ Bata បន្តឈរនៅលើកំពូលតារាងនៃអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ជាបណ្តោះអាសន្ន គឺចំនួន៩គ្រាប់ និងតាមប្រជែងពីក្រោយដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy របស់ក្រុមអង្គរថាយហ្គឺរ ដែលរកបាន៦គ្រាប់ បន្ទាប់ពីរូបគេរកបាន៤គ្រាប់តែម្នាក់ឯង នៅពេលអង្គរថាយហ្គឺរ បានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី ៦-០ កាលពីថ្ងៃសៅរ៍។

ចំណែកក្រុមណាហ្គាវើល បានយកឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ត្រឹម ១-០ ដើម្បីបន្តឈរនៅលេខ៤ ដោយមាន៩ពិន្ទុ តាមពីក្រោយដោយក្រុមអង្គរថាយហ្គឺរ មាន៨ពិន្ទុ និងក្រុមបឹងកេត ដែលមាន៧ពិន្ទុ បន្ទាប់ពីបឹងកេត បានយកឈ្នះក្រុមខេត្តកំពង់ចាម ៧-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះដែរ។

ចំពោះក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-១ ដើម្បីមាន៦ពិន្ទុស្មើជាមួយក្រុមអគ្គិសនីកម្ពុជា ខណៈក្រុមភ្នំពេញក្រោន ក្រុមគិរីវង់ ក្រុមប៉ូលិស និងក្រុមខេត្តកំពង់ចាម មាន៣ពិន្ទុដូចគ្នាដដែល ប៉ុន្តែក្រុមសាលាបាល់ទាត់ជាតិបាទី នៅមិនទាន់បាន១ពិន្ទុទេ ព្រោះ៤ប្រកួតនេះ ពួកគេបានចាញ់ទាំងអស់តែម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.