v9
V9BET

លី ភា និង សូត្រ ប៊ុនធី ត្រូវប៉ះជើងខ្លាំងថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

1 month ago​ | ដោយ V-Dr

កីឡាករកម្ពុជា លី ភា និង សូត្រ ប៊ុនធី សុទ្ធតែត្រូវប្រឈមការប្រកួតដ៏សំខាន់របស់ខ្លួន គឺការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមពានអន្តរជាតិកំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm ទម្ងន់៦០គីឡូក្រាម ជាមួយជើងខ្លាំងរបស់ថៃ ទាំង២រូប នៅសង្វៀន CNC ចន្លោះព្រឹកម៉ោង១១:00 ដល់រសៀលម៉ោង 13:00 នាថ្ងៃអាទិត្យនេះ។

នៅក្នុងការប្រកួតដ៏សំខាន់នេះ លី ភា នឹងត្រូវវិលទៅជួបជើងខ្លាំង Tuon Pe ចំណែក សូត្រ ប៊ុនធី ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Vithak Yayuth ហើយអ្នកទាំង២នេះ សុទ្ធតែជាជើងខ្លាំង ដែលមានក្បាច់សម្លាប់ល្អ ពិសេសដៃគូរបស់ លី ភា តែម្តង ព្រោះអ្នកតាមដានការប្រកួតបានមួយនេះ បានវាយតម្លៃថា អ្នកដែលក្លាយជាម្ចាស់ពានអន្តរជាតិ ISI Palm លើកនេះ អាចជា Tuon Pe។

បើទោះបីជា Tuon Pe មានកម្ពស់ទាបជើងគេ នៅក្នុងបេក្ខភាពទាំង៨នាក់ ដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមពានអន្តរជាតិនេះ ប៉ុន្តែអ្នកប្រយុទ្ធរបស់ថៃម្នាក់នេះ បានឈ្នះទាំង៤លើក និងទទួលបានលេខ១ នៅក្នុងការប្រកួតជម្រុះវិលជុំទាំង៤លើក ដោយក្នុងនោះ គេបានឈ្នះពិន្ទុលើ លី ភា ព្រមទាំងបានផ្តួល ឃីម បូរ៉ា, សុខ សាវិន និង សូត្រ ប៊ុនធី ឲ្យសន្លប់ដូចគ្នា។

បន្ថែមលើនេះ Tuon Pe ក៏ធ្លាប់បានឈ្នះ លី ភា ក្នុងការប្រកួតមិត្តភាពមុនពេលអ្នកទាំង២ ត្រូវបានដាក់ឲ្យចូលរួមប្រកួតដណ្តើមពាននេះ ផងដែរ ហេតុនេះការវិលមកជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ត្រូវបានគេមើលឃើញថា លី ភា មានភាគរយឈ្នះតិចជាង Tuon Pe។

លី ភា ក៏អាចនឹងសន្លប់ផងដែរ បើសិនជារូបគេខ្វះការប្រុងប្រយ័ត្ន ចំពោះក្បាច់វាយកែងខ្លីៗរបស់ Tuon Pe នោះ តែទោះបីជាយ៉ាងណា លី ភា ជាកីឡាករដែលមានភាពរឹងមាំម្នាក់ ហើយក៏បានដឹងច្បាស់ពីក្បាច់សម្លាប់របស់ Tuon Pe ហើយដែរ។ ប៉ុន្តែ លី ភា ក៏អាចនឹងបង្កើតឲ្យមានការភ្ញាក់់ផ្អើលផងដែរ បើសិនជារូបគេប្តូរទម្លាប់វាយចេញ ឲ្យបានលឿនជាងមុននោះ ព្រោះកណ្តាប់ដៃ និងការវាយកែងរបស់គេ ក៏មានភាពមុតស្រួចផងដែរ។

ចំណែកការជួបគ្នារវាង សូត្រ ប៊ុនធី និង Vithak Yayuth វាបានក្លាយជាការប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង។ នៅក្នុងការប្រកួតជម្រុះវិលជុំ ប៊ុនធី បានយកឈ្នះ Vithak Yayuth បន្ថែមទៅលើការឈ្នះ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន SEATV កន្លងមក ប៉ុន្តែការឈ្នះនៅវគ្គជម្រុះកន្លងមកនេះ ត្រូវបានគេមើលឃើញថា ដោយសារ Vithak Yayuth មានការភ្លាត់ស្នៀតធ្វើឲ្យ សូត្រ ប៊ុនធី វ៉ៃរាប់។

យ៉ាងណាក៏ដោយ សម្រាប់ការជួបគ្នាលើកនេះ សូត្រ ប៊ុនធី ក៏មិនទាន់ប្រាកដថា អាចយកឈ្នះ Vithak Yayuth នោះដែរ ព្រោះថៃម្នាក់នេះ មានក្បាច់សម្លាប់ល្អ ហើយរូបគេក៏បានឈ្នះ លី ភា, សុខ សាវិន និង ឃីម បូរ៉ា ផងដែរ ហេតុនេះ Vithak Yayuth អាចនឹងមានក្បាច់ថ្មីៗ និងល្បិចប្រកួតល្អជាងមុន ដើម្បីមកជម្រះបញ្ជីជាមួយ សូត្រ ប៊ុនធី លើកនេះក៏ថាបាន គ្រាន់តែថា សូត្រ ប៊ុនធី មានទំនុកចិត្តខ្លាំងជាងថៃម្នាក់នេះបន្តិច៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.