v9
V9BET

រិន សារ័ត្ន រៀបរាប់អំពីការតាំងចិត្តរបស់ខ្លួនក្នុងអាជីព MMA ទៅថ្ងៃអនាគត

3 months ago​ | ដោយ V-Dr

មួយរយៈចុងក្រោយនេះ គេឃើញក្បាច់គុនចម្រុះ ឬ ហៅថា MMA មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនាចុងឆ្នាំ ២០១៨ កន្លងទៅនេះហើយ កីឡាករបានចេញទៅប្រកួតលើសង្វៀនលំដាប់ពិភពលោក One Championship ជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះក៏ធ្វើឲ្យកីឡាករគុនចម្រុះជួរនៅកម្ពុជា រិន សារ័ត្ន បានចេញមុខមករៀបរាប់អំពីការតាំងចិត្តទៅថ្ងៃអនាគតរបស់ខ្លួនក្នុងអាជីព MMA។

«ខ្ញុំស្រលាញ់ក្បាច់គុនចម្រុះ ព្រោះខ្ញុំខំហ្វឹកហាត់តាំងពីដើមរៀងមកទោះមិនសូវមានគេស្គាល់ និង មិនពេញនិយមដូចប្រដាល់ក៏ដោយ។ ប៉ុន្តែទៅថ្ងៃមុខខ្ញុំមិនទាន់ច្បាស់ថាអាចរក្សាការហ្វឹកហាត់បន្តទៀត ឬ យ៉ាងណាទេ ព្រោះអត់សូវបានឡើងវ៉ៃញឹកញាប់ ហើយ ទៅមុខទៀត ខ្ញុំអាចនឹងមានត្រូវការច្រើន មិនដូចខ្លួនមួយនោះទេ។» នេះជាការបញ្ជាក់របស់ រិន សារ័ត្ន អ្នកលេងគុនចម្រុះដែលហ្វឹកហាត់នៅក្លិប Cambodian Top Team។

ការថ្លែងបែបនេះ បន្ទាប់ពីរៀមច្បងមួយចំនួនដែលហ្វឹកហាត់ក្បាច់ MMA នៅកម្ពុជា បានបោះបង់ជាហូរហែដោយបែរទៅប្រកបរបររកស៊ីវិញ ដូចជា មាស ម៉ើ ,សរ សី, និង ថៃ រិទ្ធី ជាដើម ខណៈដែល សឹម ប៊ុនស្រន់ ក៏មានមុខរបរផ្ទាល់ខ្លួនដែរ ប៉ុន្តែ រូបគេអាចឆ្លៀតបានមកហ្វឹកហាត់ខ្លះៗ។

អ្នកលេងគុនចម្រុះ វ័យ ២៥ ឆ្នាំបានគូសបញ្ជាក់ថា បើសិនអាជីព MMA អាចមានចំណូលគ្រប់គ្រាន់ គេនឹងបន្តខំប្រឹងបន្ថែមទៀតទោះជាមានគ្រួសារក្ដី។ កីឡាករមកពីខេត្តព្រៃវែង អាចនឹងចូលរោងជ័យនាចុងឆ្នាំនេះ ហើយនេះជាហេតុផលដែលធ្វើឲ្យរូបគេពិចារណាច្រើនជុំវិញអាជីពជាកីឡាករគុនចម្រុះ ព្រោះតម្រូវការជីវភាពអាចកើនឡើងមិនដូចសព្វថ្ងៃដែលនៅលីវនោះឡើយ។

បែបណាក្ដី អ្នកលេងគុនចម្រុះដែលចូលហ្វឹកហាត់គុនចម្រុះតាំងពី ស៊ីធីអិន រៀបចំការប្រកួតជើងឯកឆ្នាំ ២០១៣ មកនោះបានរៀបរាប់ទៀតថា៖ «ពេលខ្ញុំមានភរិយា ខ្ញុំបាននិយាយជាមួយអនាគតភរិយារួចហើយ បើសិនអាចរកកម្រៃបានដើម្បីសម្រួល ឬ ធ្វើឲ្យជីវភាពប្រសើរឡើង ខ្ញុំនៅតែហ្វឹកហាត់ដដែល ឬ មួយខ្ញុំអាចក្លាយជាគ្រូបង្វឹកទៅថ្ងៃមុខក៏ថាបាន។ ខ្ញុំនឹងចំណាយពេលផ្ទេរចំណេះរបស់ខ្ញុំក្នុងនាមជាគ្រូបើសិនខ្ញុំវ៉ៃលែងកើត។ បើមិនដូច្នេះទេ ខ្ញុំប្រហែលជាទៅរកស៊ីហើយ ក្នុងករណី ខ្ញុំមានកូននៅក្នុងបន្ទុកទៀតនោះ ព្រោះត្រូវចំណាយច្រើន។»

កូនសិស្សរបស់លោក ហ៊ុន ច័ន្ទរាជ្យ ដែលឡើងវ៉ៃសង្វៀនគុនចម្រុះចំនួន ១០ ដង បានបង្ហើបថា មានតម្រុយខ្លះៗហើយ គឺ ប្រហែលជាទៅប្រកបរបរចិញ្ចឹមមាន់ស្រែ បើមិននៅជាប់លាប់នឹងអាជីព MMA ខណៈដែល អនាគតប្រពន្ធក៏មានមុខរបស់ផ្ទាល់ខ្លួននៅរាជធានីភ្នំពេញ។ កីឡាករដែលធ្លាប់ឡើងសង្វៀនប្រដាល់សេរីបាន ៣២ ដងរូបនេះ សង្កត់ធ្ងន់ថា រូបគេនៅតែស្រលាញ់ក្បាច់ MMA ហើយ រំពឹងថា មានយុវជនថ្នាលចង់ហ្វឹកហាត់កាន់តែច្រើនឡើង និង មានសង្វៀនឡើងវ៉ៃឲ្យបានញឹកញាប់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។

យ៉ាងណាក្ដីថ្មីៗនេះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាត្រូវបានបង្កើតឡើងដើម្បីជួយក្លិប និង សម្រួលដល់កីឡាករទៅប្រកួតនៅក្រៅប្រទេសតាមតែអាចធ្វើទៅបាន។ ជាមួយគ្នានោះ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធបានបញ្ជាក់ថា សហព័ន្ធគ្រងរៀបចំឲ្យមានការប្រកួតលើសង្វៀន MMA យ៉ាងហោច ២ ទៅ ៣ ដងក្នុងមួយឆ្នាំទោះមិនបានរៀងរាល់ខែ និង បន្តទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិដើម្បីមករៀបចំការប្រកួតនៅព្រះរាជាណាចក្រកកម្ពុជាជាថ្មីម្ដងទៀត៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.