v9
V9BET

សហ័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាមានគម្រោងអ្វីខ្លះក្រោយកកើតចុងឆ្នាំ ២០១៨

3 months ago​ | ដោយ V-Dr

សហ័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ហៅថា CMMAF ត្រូវបានបង្កើតឡើងជាផ្លូវការនាខែ តុលា ឆ្នាំ ២០១៨ ដែលមានឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជាជាប្រធាន។ ក្នុងនោះលោក កែ ប៊ិនសូរស្មី ជាអនុប្រធាន មួយក្នុងចំណោមពីររូប។ លោក កែ ប៊ិនសូរស្មី នឹងចូលខ្លួនមកឆ្លើយសំណួរ និង បកស្រាយអំពីគម្រោងរបស់ សហ័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាដូចខាងក្រោម៖

១- បន្ទាប់ពីបង្កើត សហ័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នាចុងឆ្នាំ ២០១៨ តើមានសមាជិកក្លិប/សមាគមប៉ុន្មានហើយដែលបានចុះឈ្មោះក្រោមដំបូងសហព័ន្ធ?

កែ ប៊ិនសូរស្មី៖ បច្ចុប្បន្នយើងមាន ៥ ក្លិបដែលបានចុះឈ្មោះជាសមាជិកផ្លូវការដូចជាក្លិប សិល្បៈ Cambodian Top Team, Prodal , Monster Factory និង ក្លិបតាដំបងដែក។ នាពេលខ្លីខាងមុខ យើងសង្ឃឹមថានឹងមានក្លិបជាច្រើនទៀតបន្តចុះឈ្មោះ និង ធ្វើការរួមគ្នាដើម្បីឲ្យនាំឲ្យកីឡាគុនចម្រុះនៅកម្ពុជាកាន់តែប្រសើរឡើង។ ហើយយើងត្រូវបង្ហាញក្បាច់គុននេះលើឆាកអន្តរជាតិតាមរយៈទង់ជាតិកម្ពុជា។ យើងត្រូវតែរួមគ្នាធ្វើក្នុងបំណងបង្ហាញមោទនភាពទង់ជាតិកម្ពុជាក្នុងកម្រិតពិភពលោក។

២- តើលោកយល់យ៉ាងណាចំពោះ MMA ដែលមិនសូវពេញនិយមដូចកីឡាប្រដាល់ឡើយនៅកម្ពុជា?

កែ ប៊ិនសូរស្មី៖ MMA ជាប្រភេទក្បាច់គុនថ្មី ឬ កីឡាថ្មីនៅស្រុកខ្មែរ ប៉ុន្តែក្បាច់គុនចម្រុះនេះមានទីផ្សារធំណាស់លំដាប់ពិភពលោក ដូចដែលសង្វៀន One Championship បានរៀបចំជាដើម។ មិនយូរប៉ុន្មានយើងនឹងធ្វើវាឲ្យមានប្រជាប្រិយភាពក្រោយបង្កើតសហព័ន្ធនេះ។ គុនខ្មែរមានភាពល្បីល្បាញខណៈដែល MMA ទើបមានឈ្មោះបោះសំឡេងមួយរយៈចុងក្រោយនេះនៅកម្ពុជា។ យ៉ាងណាក្ដីវាកាន់តែមានប្រជាប្រិយភាព តាមរយៈភាពជោគជ័យថ្មីៗនេះ ដូចជា នៅ ស្រីពៅ និង ចាន់ រតនា ទទួលជ័យជម្នះ នៅសង្វៀន One Championship ជាដើម។ នេះជាគំរូដែលធ្វើកីឡាគុនចម្រុះល្បីនាថ្ងៃអនាគតដ៏ខ្លី។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាមានកីឡាករល្អៗ និងមានទេពកោសល្យជាច្រើននៅក្នុងស្រុក ហើយ នឹងធ្វើឲ្យ MMA ខ្មែរល្បីទូទាំងសកល។

៣- តើ CMMAF មានតួនាទីសំខាន់អ្វីខ្លះក្នុងការជួយជ្រោមជ្រែងក្លិប/សមាគមនៅកម្ពុជា?

កែ ប៊ិនសូរស្មី៖ សហព័ន្ធជាគំរូមួយសម្រាប់ក្លិប MMA ទាំងអស់នៅកម្ពុជា ហើយនឹង បង្កើតឲ្យទំនាក់ទំនងទៅកាន់សហព័ន្ធ ឬ ក្លិបនៅក្រៅប្រទេសទៀតផង។ CMMAF នឹងចួលរួមអភិវឌ្ឍថ្នាលយុវជនកីឡាករគុនចម្រុះ និង ជួយក្លិបនៅក្នុងស្រុកឲ្យមានការគ្រប់គ្រងច្បាស់លាស់ ថែមទាំងបណ្ដុះឲ្យបានជើងខ្លាំងជំនាន់ថ្មី។ យើងធ្វើឲ្យមានលក្ខខណ្ឌត្រឹមត្រូវសម្រាប់កីឡាកររបស់យើង ដូចជាទទួលការហ្វឹកហាត់ត្រឹមត្រូវ ទទួលបានការធានារ៉ាប់រង និង ជួយឲ្យពួកគេទៅប្រកួតលើឆាកអន្តរជាតិទៀតផង។ យើងមិនចង់ឲ្យកីឡាកររបស់យើងអន់ ឬ ត្រូវគេមើលងាយនៅលើឆាកអន្តរជាតិទេ ប៉ុន្តែ យើងចង់ឲ្យខ្មែរជួបគូប្រកួតខ្លាំងក្នុងលោក និង ទទួលបានជោគជ័យ។ ដូច្នេះយើងត្រូវផ្ដល់ឲ្យពួកគេនូវលក្ខខណ្ឌដើម្បីទទួលបានជោគជ័យទាំងអស់នេះ។

៤- តើគម្រោងលម្អិតអ្វីខ្លះសម្រាប់ CMMAF តទៅថ្ងៃអនាគត?

កែ ប៊ិនសូរស្មី៖ CMMAF មានគម្រោងទាំងនៅថ្នាក់ជាតិ និង អន្តរជាតិ។ ក្នុងកម្រិតថ្នាក់ជាតិ យើងមានបំណងរៀបចំព្រឹត្តិការណ៍ប្រកួតគុនចម្រុះអំឡុងឆ្នាំនេះដែលមានកីឡាករល្បីៗច្រើនរូបចូលរួមប្រកួត និង មានកីឡាករលំដាប់អន្តរជាតិទៀតផង។ យើងរំពឹងថា ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងទៀងទាត់ អាចថា ២ ទៅ ៣ ដងក្នុង ១ ឆ្នាំ។ ការរៀបចំព្រឹត្តិការណ៍នេះ វាអាចជួយពង្រឹងសមត្ថភាពកីឡាករ និង អាចរើសបានកីឡាករថ្មីៗបន្ថែមទៀត។ ក្នុងកម្រិតអន្តរជាតិ គោលដៅរបស់យើងគឺ បណ្ដុះបណ្ដាលឲ្យមានកីឡាករកម្ពុជាឆ្នើមៗ ដើម្បីចេញទៅវ៉ៃក្នុងកម្រិតអន្តរជាតិ ហើយ One Championship ជាគោលដៅដំបូងរបស់យើង។ យើងមានកីឡាកររបស់យើងទៅវ៉ៃនៅ One Championship ហូរហែ តែយើងចង់ឲ្យក្រុមហ៊ុនអន្តរជាតិនេះត្រលប់មករៀបចំនៅកម្ពុជាម្ដងទៀតថ្ងៃណាមួយ នៅភ្នំពេញ ឬ សៀមរាបអង្គរ ដែលជាព្រឹត្តិការណ៍ធំនៅព្រះរាជាណាចក្រកម្ពុជា។ CMMAF រង់ចាំរួមចំណែកជួយគាំទ្រព្រឹត្តិការណ៍នេះ។

៥- ក្រៅពីសំណួរខាងលើតើលោក កែ ប៊ិនសូរស្មី មានមតិអ្វីបន្ថែមទៀត?

កែ ប៊ិនសូរស្មី៖ ខ្ញុំបានធ្វើការនៅក្រុមហ៊ុន Anvaya រយៈពេល ៥ ឆ្នាំ។ គោលដៅរបស់ក្រុមហ៊ុនគឺ ជួយអ្នករស់នៅក្រៅប្រទេសមកជួយកម្ពុជា។ ហើយកីឡាករនៅក្រៅប្រទេសជាទ្រព្យមហាសាលដើម្បីជួយកម្ពុជា។ ទោះខ្ញុំមិនមែនជាប្រធាននៅទីនោះទៀតក៏ដោយ តែខ្ញុំនៅតែឃ្លាំមើលចំពោះកីឡាករនៅក្រៅប្រទេសដើម្បីមកលេងឬ ប្រកួតតំណាងឲ្យកម្ពុជាដែរ។ កន្លងទៅនេះនេះយើងមាន អ្នកលេងក្បាច់គុនចម្រុះសញ្ជាតិខ្មែរ-អូស្ត្រាលី Suasday Chau និង កូនខ្មែរអាមេរិក Sovannahry Em ក៏បានបង្ហាញខ្លួននៅ One Championship ដែរ។ យើងរំពឹងថានឹងមានកីឡាករប្រកបដោយទេពកោសល្យ និង ល្អៗបន្ថែមទៀតពីក្រៅប្រទេសដើម្បីវ៉ៃ ឬ ប្រកួតតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ។ CMMAF តែងតែដើរតួសំខាន់ក្នុងការសម្របសម្រួលនេះ៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.