v9
V9BET

ជើងខ្លាំងលំដាប់កំពូលរបស់កម្ពុជា ត្រូវប៉ះអ្នកប្រយុទ្ធមកពី ៥ប្រទេស ក្នុងព្រឹត្តិការណ៍ Khmer Fight នៅសង្ក្រានខេត្តព្រៃវែង

6 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងលំដាប់កំពូលរបស់កម្ពុជាទាំង៦នាក់ មាន វ៉ាន់ វឿន, ឡុង សំណាង, ផល សោភ័ណ្ឌ, ឡៅ ចន្ទ្រា, រឿង សោភ័ណ្ឌ និង ឃីម ឌីម៉ា និងត្រូវធ្វើការប្រកួតជាមួយអ្នកប្រយុទ្ធមានពីប្រទេសថៃ ឡាវ បារាំង អ៊ីតាលី និងអូស្រ្តាលី នៅក្នុងព្រឹត្តិការណ៍ដ៏ធំ គឺ Khmer Fight នៅថ្ងៃសង្ក្រានក្រុងព្រៃវែង ខេត្តព្រៃវែង ថ្ងៃចូលឆ្នាំទី២ នាថ្ងៃទី១៥ ខែមេសា ខាងមុខមុខនេះ។

ជំនួបរវាងជើងខ្លាំងទាំង៦នាក់ ជាមួយអ្នកប្រយុទ្ធមកពី៥ប្រទេសផ្សេងគ្នានេះ វាបានក្លាយជាព្រឹត្តិការណ៍ប្រកួតដ៏ធំ ដែលត្រូវបានធ្វើឡើង ចំថ្ងៃបុណ្យចូលឆ្នាំខ្មែរតែម្តង ហើយការប្រកួតដ៏ធំប្រចាំឆ្នាំ២០១៩នេះ គឺត្រូវបានរៀបចំឡើង ដោយសង្វៀនប៉ុស្តិ៍លេខ៥ ហើយក៏មានការផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចាប់ពីល្ងាចម៉ោង៧ ដល់ម៉ោង៩យប់។

នៅក្នុងការប្រកួតនេះ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០១៧ វ៉ាន់ វឿន ដែលទើបតែឈ្នះខ្សែក្រវាត់ថ្មីៗនេះ នឹងត្រូវប្រកួតគូអន្តរជាតិទី១ ក្នុងទម្ងន់៥៧គីឡូក្រាម ជាមួយអ្នកប្រដាល់ឡាវ Narongrith S.Visetkit ដែលធ្លាប់ប្រកួតបាន១២០ឈ្នះ៨៥ និងចាញ់៣៥ដង ហើយម្ចាស់ខ្សែក្រវាត់២ស្ថាប័ន ឡុង សំណាង ត្រូវប៉ះកីឡាករបារាំង Jordan ក្នុងទម្ងន់៦៣គីឡូក្រាម ដែលធ្លាប់ប្រកួតបាន១៥ដងឈ្នះ១១ និងចាញ់៤ដង។

ចំណែកកីឡាករ ផល សោភ័ណ្ឌ ត្រូវប្រកួតក្នុងទម្ងន់៦៣គីឡូក្រាមជាមួយកីឡាករអ៊ូស្រ្តាលី Mehrdad Addinejad ដែលធ្លាប់ប្រកួតបាន៤០ដង ឈ្នះ៣៩ និងចាញ់តែ១ដងគត់ ហើយកីឡាករវ័យ២៣ឆ្នាំ កម្ពស់១,៧៣ម៉ែត្រ ឡៅ ចន្ទ្រា ត្រូវប្រកួតជាមួយអ្នកប្រដាល់មកពីអ៊ីតាលី Federico Ernesto ដែលមានកម្ពស់១,៧៦ម៉ែត្រ ធ្លាប់ប្រកួតបានត្រឹម១៧ ឈ្នះ១២ និងចាញ់៥ដង គឺតិចជា ចន្ទ្រា ដែលធ្លាប់ប្រកួតបាន១២០ ឈ្នះ១០៦ ស្មើ៤ និងចាញ់១០ដង។

ចំពោះអ្នកលេងកណ្តាប់ដៃឆ្វេងវ័យ២៩ឆ្នាំ រឿង សោភ័ណ្ឌ ត្រូវដាក់ឲ្យប្រកួតជាមួយកីឡាករថៃ Petchmai Chorrongsak ដែលមានអាយុ២០ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ និងធ្លាប់ប្រកួតបាន៨០ដង ឈ្នះ៦៥ ចាញ់១៥ដង។ រីឯម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា ត្រូវឈមជាមួយកីឡាករថៃ Thong meungsima ដែលមានកម្ពស់១,៦៧ម៉ែត្រ ប្រកួតបាន១១០ ឈ្នះ៨៦ និងចាញ់២៤ដង។

ក្រៅពីការប្រកួតគូអន្តរជាតិចំនួន៦គូនេះ ក៏មានការប្រកួតគូមិត្តភាពក្នុងស្រុកចំនួន២គូទៀតដែរ។ ដោយឡែក នៅថ្ងៃទី១៤ ខែមេសា ក៏មានការប្រកួតដណ្តើមពានរង្វាន់មហាសង្ក្រានឆ្នាំថ្មី នៅខេត្តព្រៃវែងនោះផងដែរ គឺមានការប្រកួតដណ្តើមពានចំនួន៣គូ និងប្រកួតមិត្តភាពក្នុងស្រុកចំនួន៣គូទៀត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.