អត្តពលិកមកពី ៦ប្រភេទកីឡា បានក្លាយជាម្ចាស់ជយលាភី ពានរង្វាន់សម្តេច ស ខេង

8 months ago​ | ដោយ V-Dr

កីឡាករសរុបចំនួន១៨នាក់ មកពីប្រភេទកីឡាចំនួន៦ផ្សេងគ្នា បានទទួលទាំងមេដាយ និងប្រាក់រង្វាន់ សម្រាប់យកទៅចាយ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ បន្ទាប់ពីពួកគេ ទទួលបានជ័យជម្នះ និងក្លាយជាម្ចាស់ជយលាភី ក្នុងការប្រកួតកីឡាកីឡាយុទ្ធសិល្ប៍ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃចន្ទ ម្សិលមិញ។

នៅក្នុងការប្រកួតនេះ ត្រូវបានធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ ព្រោះប្រភេទកីឡាទាំង៦ មានហាប់គីដូ យូដូ តេក្វាន់ដូ (WTF) ការ៉ាតេ សូរិនហ្ស៊ិកាំប៉ូ និងវ៉ូស៊ូ ដែលបានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែត្រូវបានឲ្យធ្វើការប្រកួតជម្រុះ នៅតាមសហព័ន្ធរៀងៗខ្លួន ដោយយកតែអ្នកឈ្នះមួយក្រុម ឡើងមកប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ប៉ុណ្ណោះ។

ជាលទ្ធផលនៃការប្រកួតនោះ គឺកីឡាហាប់គីដូ លេខ១បានទៅកីឡាករ គង់ ម៉ូណាមិថុនា លេខ២ មុំ ឆៃ លេខ៣ ហៃ សុខដែន រីឯកីឡាសុរិនហ្ស៊ិកាំប៉ូ លេខ១បានទៅកីឡាករ ផាន សារ៉េន លេខ២ គង់សាវ័ន្ត លេខ៣ ឌុន សម្ផស្ស ហើយកីឡាការ៉ាតេដូ លេខ១ បានទៅកីឡាករ ឆេង ចន្ទដារ៉ារតន លេខ២ ទេព ស្ទីវយុទ្ធនា លេខ៣ ជ្រុន វិរបុត្រ។

ចំណែកកីឡាតេក្វាន់ដូ លេខ១បានទៅកីឡាករ សំ យូវ៉េត លេខ២ ឈុន សុខឡេង លេខ៣ ម៉ៅ គឹមលាង ខណៈកីឡាយូដូ លេខ១បានទៅកីឡាករ នុត សេរីរ័ត្ន លេខ២ នង គ្រឹស្នា និងលេខ៣កីឡាករ កេត ពុទ្ធារិទ្ធ ហើយកីឡាវ៉ូស៊ូ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ម៉ៅ ចន្ថាឬទ្ធិ លេខ២ សាន់ ណារិទ្ធ និងលេខ៣សាមិត្ត សួស្តី។

ទាក់ទងការប្រកួតនេះ លោកឧត្តមសេនីយ៍ ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានថ្លែងថា៖ «នេះជាការប្រមូលផ្តុំប្រភេទកីឡាយុទ្ធសិល្ប៍ចម្រុះរបស់សមាគមកីឡាក្នុងក្រសួងមហាផ្ទៃ ដើម្បីរៀបចំការប្រកួតវាស់ស្ទង់សមត្ថភាព មិនផ្តោតទៅលើការចាញ់ ឬឈ្នះខ្លាំងនោះទេ គឺជាលក្ខណមិត្តភាពសាមគ្គីភាព ក្នុងគ្រួសារកីឡារបស់ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង ដើម្បីជួយក្នុងជីវភាពមួយកម្រិត នារដូវមុនចូលឆ្នាំប្រពៃណីខ្មែរ ជិតឈានចូលមកដល់»។

ចំពោះម្ចាស់ជយលាភី ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅលើប្រភេទកីឡាទាំង៦ខាងលើនេះ បានទទួលប្រាក់រង្វាន់ស្មើៗគ្នា ទៅតាមចំណាត់ថ្នាក់លេខ ពួកគេទទួលបាន គឺលេខ១បាន៨០ម៉ឺនរៀល លេខ២បាន៦០ម៉ឺនរៀល លេខ៣បាន៤០ម៉ឺនរៀល និងលេខ៤ ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន២០ម៉ឺនរៀលដែរ ហើយបន្ថែមលើនេះ គណៈកម្មការឬប្រតិភូមកពីសហព័ន្ធទាំង៦ គឺក្នុងមួយសហព័ន្ធ ទទួលបានការឧបត្ថម្ភចំនួន៥០ម៉ឺនរៀល ដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.