v9
V9BET

គ្រូបង្វឹកយុទ្ធក្រមខមម្នាក់ បានក្រឡាប់ឡានស្លាប់ ក្រោយមកពីបង្ហាត់ក្បាច់គុនដល់ក្រុមប៉ូលិស នៅព្រំដែន

2 months ago​ | ដោយ V-Dr

គ្រូបង្វឹកបង្ហាត់ក្បាច់គុនយុទ្ធក្រមខម ប្រចាំសហពន្ធ័យុទ្ធក្រមខមកម្ពុជា ពៅ សុខចាន់ ដែលមានឈ្មោះក្រៅថា នរៈស្វាហៈ បានស្លាប់បាត់បង់ជីវិត ដ៏គួរឲ្យរន្ធត់ ក្នុងគ្រោះថ្នាក់ក្រឡាប់ឡាន នៅតាមជើងភ្នំនៃខេត្តព្រះវិហារ គឺបន្ទាប់ពីលោកបានវិលត្រឡប់មកពីបង្ហាត់ក្បាច់គុនដល់ក្រុមប៉ូលិស នៅព្រំដែន។

ការបាត់បង់ជីវិតរបស់លោក ពៅ សុខចាន់ នៅក្នុងគ្រោះថ្នាក់ក្រឡាប់ឡាន បានធ្វើឲ្យអ្នកហាត់គុនស្រករគ្នា ពិសេសអ្នកហាត់ក្បាច់គុនយុទ្ធក្រមខម ដែលជាកូនសិស្សរបស់គាត់ គឺមានការសោកស្តាយ និងក្រៀមក្រមយ៉ាងខ្លាំង ព្រោះលោក ពៅ សុខចាន់ ជាធនធានគ្រូបង្វឹក ដ៏មានសមត្ថភាពម្នាក់ ក្នុងការបណ្តុះបណ្តាលដល់អ្នកជំនាន់ក្រោយ ពិសេសលោកបានបង្ហាត់ក្បាច់គុនដល់ក្រុមប៉ូលិស នៅតាមព្រំដែន នៃខេត្តព្រះវិហារ ដ្បិតអីលោក ពៅ សុខចាន់ ក៏មានតួនាទីជាមន្ត្រីបូលិស ម្នាក់ផងដែរ។

«អរគុណលោកគ្រូ នរៈស្វាហៈ ដែលបានលើកស្ទូយអភិរក្សវប្បធម៌ក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម សូមឲ្យលោកគ្រូ ទៅកាន់សុគតិភព ហើយយើងខ្ញុំនឹងអភិរក្សក្បាច់គុននេះ បន្តទៀត»។ នេះជាសារស័ព្ទ បង្ហាញពីក្តីស្រឡាញ់ និងភាពសោកសៅរបស់ក្រុមយុទ្ធក្រមខម ចំពោះលោក ពៅ សុខចាន់ នៅពេលពួកគេ បានចូលរួមពិធីបុណ្យសព និងបូជាសពរបស់លោកកាលពីថ្ងៃចន្ទ ម្សិលមិញ។
ចំណែកសហព័ន្ធយុទ្ធក្រមខម កម្ពុជា បានបង្ហោះសារដ៏ក្រៀមក្រមមួយ បង្ហាញពីការសោកស្តាយចំពោះការបាត់បង់លោក ពៅ សុខចាន់ ថា៖«មេទ័ពខមដ៏អស្ចារ្យ ដែលតែងតែនៅក្នុងចិត្តរបស់ខ្ញុំ តស៊ូមិនរុញរា ខ្លាហានជម្នះរាល់ឧបសគ្គ ដើម្បីវប្បធម៌ជាតិខ្មែរ មិនគិតពីខ្លួនឯង អំណាច និងលុយកាក់ឡើយ ហេតុអីត្រូវទៅដោយបែបនេះ…សារឈឺចាប់សរសេរទាំងទឹកភ្នែក…សូមឲ្យវិញ្ញាណខ័ណ្ឌបង ទៅកាន់គតិភព…ជាតិនេះមិនបានជាបងប្អូនបង្កើត តែជាតិក្រោយខ្ញុំសូមឲ្យបានជួបគ្នាជាបងប្អូនគ្រប់ជាតិៗ»។

ចំពោះហេតុការណ៍ស្លាប់របស់លោក ពៅ សុខចាន់ ត្រូវបានលោក នរៈ តខ្លា ដែលត្រូវជាសិស្សច្បងធំរបស់លោក ពៅ សុខចាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក ពៅ សុខចាន់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ក្រឡាប់ឡាន ខណៈដែលលោក និងក្រុមការងារ២នាក់ផ្សេងទៀត ជិះរយន្តតាមជើងភ្នំ នៃខេត្តព្រះវិហារ ត្រឡប់មកពីបង្ហាត់ ក្បាច់គុន ដល់ប៉ូលីសព្រំដែនវិញ នៅវេលាម៉ោង ប្រមាណជាង ៥ល្ងាច កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩។

លោក នរៈ តខ្លា បានបន្តថា ក្នុងហេតុការណ៍ក្រឡាប់ឡាននេះ គឺលោក ពៅ សុខចាន់ ជាអ្នកបើកឡានដោយផ្ទាល់ និងមានអ្នករួមការងារពីរនាក់ផ្សេងទៀត ហើយមូលហេតុ គឺដោយសារជិះតាមជើងភ្នំជ្រុលចង្កូត ក៏បណ្តាលឲ្យរថយន្តក្រឡប់តែម្តង ធ្វើឲ្យ ពៅ សុខចាន់ រងរបួសធ្ងន់ រហូតបាត់បង់ជីវិត ពេលបញ្ចូនមកសង្គ្រោះនៅមន្ទីពេទ្យ ប៉ុន្តែអ្នករួមដំណើរ២នាក់ រងរបួសស្រាលទេ។

នៅមុនពេលស្លាប់បាត់បង់ជីវិត លោក ពៅ សុខចាន់ ត្រូវបានក្រុមការងារបញ្ចូន ទៅសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែដោយពិនិត្យឃើញថា លោកបានប៉ះពាល់ក្បាលខ្លាំង ក៏បញ្ចូនបន្ត មកមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ តែជាអកុសលក្រុមគ្រួពេទ្យ មិនអាចជួយសង្គ្រោះបានឡើយ ព្រោះ លោក សុខចាន់ បានស្លាប់បាត់បង់ជីវិតទៅហើយ នៅវេលាប្រមាណម៉ោង១០ យប់ថ្ងៃទី៧ ខែមេសា។ ក្រោយមកសពរបស់លោក ពៅ សុខចាន់ ត្រូវបានគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា នៅស្រុកកំណើត ដែលមានទីតាំងនៅស្រុកពាមជរ ខេត្តព្រៃវែង និងបានបូជា នៅវេលាម៉ោង១០យប់ កាលពីថ្ងៃចន្ទ ម្សិលមិញ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.