v9
V9BET

ប្រដាល់គុនខ្មែរ ឈានដល់ដំណាក់កាលកាត់សាច់ស្អុយ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីព្រមាន លើការកាត់ក្តីអយុត្តិធម៌

5 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាប្រដាល់កម្ពុជា បានឈានដល់ដំណាក់កាលចាត់វិធានការក្តៅទៅលើអាជ្ញាកណ្តាលចៅក្រម ដែលខិលខូច ឬហៅថា សាច់ស្អុយ ដើម្បីពង្រឹងទៅលើប្រព័ន្ធកាត់ក្តីរបស់ខ្លួនឲ្យមានតម្លាភាព និងយុត្តិធម៌ ពីព្រោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការព្រមានទៅលើសហព័ន្ធនេះ ជុំវិញការកាត់ក្តី មានភាពលម្អៀង នៅលើសង្វៀន ដែលធ្វើឲ្យកីឡាករមានការឈឺចាប់។

នៅក្នុងពិធីជួបជុំមហាគ្រួសារកីឡា និងពិសារអាហារសាមគ្គី នៅកោះពេជ្រ កាលពីល្ងាចថ្ងៃទី៤ ខែមេសា កន្លងមកនេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងមន្រ្តីរបស់ខ្លួនមួយចំនួនទៀត ដែលបានចូលរួមក្នុងពិធីនោះដែរ ត្រូវលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការរិះគន់ នៅចំពោះមុខ ទៅលើការកាត់ក្តីមិនយុត្តិធម៌របស់ក្រុមអាជ្ញាកណ្តាល ចៅក្រម ហើយលោកក៏ព្រលានចេញមុខដោះស្រាយជូនកីឡាករផងដែរ បើសិនជាសហព័ន្ធមួយនេះ នៅតែកែប្រែមិនបានទៅលើការកាត់ក្តីបែបអត្តិធម៌នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានថ្លែងជាមួយសប្រសាសន៍ធ្ងន់ៗថា៖ «សូមឲ្យប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ (តែម ម៉ឺន) យកចិត្តទុកដាក់ ទៅលើបញ្ហាការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងក្រមសីលធម៌នៃអាជ្ញាកណ្តាល បើសិនជាមិនព្រមកែប្រែទេ ខ្ញុំនឹងចេញមុខរកដំណោះស្រាយ ជូនកីឡាកររបស់យើង ព្រោះពួកគេរងនូវអំពើអយុត្តិធម៌ ដែលខ្ញុំមិននិយាយ»។

នៅក្រោយការព្រមាន និងរិះគន់នៅចំពោះមុខពីសំណាក់ប្រមុខដឹកនាំប្រទេសនេះ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាគុនខ្មែរ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ បានធ្វើការប្រជុំគ្នាជាបន្ទាន់មួយ ជាមួយមន្រ្តីគណៈកម្មការអាជ្ញាកណ្តាលរបស់ខ្លួន ដើម្បីប្រកាសពីកំណែទម្រង់បែបធម៌ក្តៅមួយ ទៅលើអាជ្ញាកណ្តាលចៅក្រម ដែលខិលខូច បង្កឲ្យមានការរិះគន់ ជុំវិញការបំពេញការងារដោយគ្មានតម្លាភាពរបស់ពួកគេ។

នៅក្នុងពិធីប្រជុំនោះ លោក តែម ម៉ឺន បានថ្លែងថា៖ «ខ្ញុំបានគាំទ្រ និងប្តេជ្ញាគោរពតាមអនុសាសន៍របស់សម្តេចតេជោ ព្រមទាំងប្តេជ្ញាអនុវត្តន៍ ឲ្យបានតាមអភិក្រមទាំង៥របស់សម្តេចតេជោ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ អ៊ីចឹងការប្រជុំនៅថ្ងៃនេះ គឺជាការដាក់បទបញ្ជាឲ្យអនុវត្តឲ្យបានល្អតែម្តង ដោយសហព័ន្ធ ត្រូវអនុវត្តនូវអភិក្រមទាំង៥របស់សម្តេចតេជោ ហើយបញ្ហាសាច់ស្អុយ គឺត្រូវតែព្យាបាលដោយខ្លួនឯង បើមិនដូច្នេះទេ នឹងកាត់ចោលតែម្តង»។

ការដាក់ចេញនូវផែនការក្តៅគគុក ក្នុងការកំចាត់ចោលនៅមន្រ្តីគណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម ដែលខិលខូចនេះ អាចនិយបានថា វាជាលើកទី១ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងអាណត្តិលោក តែម ម៉ឺន នេះ ខណៈកន្លងមកនេះ លោក តែម ម៉ឺន តែងតែកាន់ជើង និងជួយការពារកូនចៅរបស់ខ្លួន បើទោះបីជាអ្នកទាំងនោះ បានបង្កឲ្យមានភាពចលចលក្នុងការប្រកួត តាមរយៈការកាត់សេចក្តី មិនយុត្តិធម៌ ឬប្រកាសលទ្ធផល សុខទៅនឹងការប្រកួតជាក់ស្តែងក៏ដោយ។

លោក តែម ម៉ឺន ធ្លាប់បានត្រឹមប្រើពាក្យក្រើនរំឭកទៅដល់មន្រ្តីគណៈកម្មការរបស់ខ្លួន ឲ្យកាន់សេចក្តីដោយយុត្តិធម៌ ខំបំពេញការងារឲ្យបានល្អ ហើយបើអ្នកណាធ្វើខុស នឹងត្រូវដាក់ពិន័យ គឺនៅរាល់សន្និសីទកាសែត ស្តីពីការប្រកួតប្រដាល់ម្តងៗ លោកតែងនិយាយពាក្យបែបនេះ ប៉ុន្តែពេលប្រកួតជាក់ស្តែង គឺនៅតែមានអំពើពុយរលួយ ការរៀបចំលទ្ធផល និងកាត់ក្តីមិនយុត្តិធម៌ ហេតុនេះមហាជនជាច្រើនចាំមើលថា តើការដាក់ចេញនៅផែនការក្តៅរបស់លោក តែម ម៉ឺន លើកនេះ នឹងទទួលបានលទ្ធផលបែបណា? ឬក៏ថា ឲ្យតែបានថា និយាយឲ្យតែបាននិយាយ ដូចគ្រាកន្លងមក៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.