v9
V9BET

អត្តពលិក គ្រូបង្វឹក ព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំកីឡាជាង ៤ពាន់នាក់ ត្រូវជួបលោក ហ៊ុន សែន ថ្ងៃនេះ

3 months ago​ | ដោយ V-Dr

អត្តពលិក គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងថ្នាក់ដឹកនាំកីឡា មកពីសហព័ន្ធកីឡាជាតិ ទាំងក្នុងប្រភេទអូឡាំពិក និងមិនអូឡាំពិក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងវិស័យកីឡា មួយចំនួនទៀត មានគ្នាសរុបចំនួន៤០៩៦នាក់ មកពី៨០អង្គភាព ត្រូវបានអនុញ្ញាតឲ្យចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ថ្ងៃព្រហស្បតិ៍នេះ។

ក្រុមអ្នកកីឡាទាំង៤០៩៦នាក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះឈ្មោះរួចរាល់ហើយ ហើយអ្នកទាំងនោះ ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ដើម្បីទៅចូលរួមនៅក្នុងកម្មវិធីពិសាអាហារជុំគ្នាជាមួយលោក ហ៊ុន សែន ដែលលោកបានកំណត់យក ថ្ងៃទី៤ ខែមេសានេះ ជាថ្ងៃជួបជុំគ្នាក្រុមអ្នកកីឡា នៅរៀលរាល់១ឆ្នាំម្តង ខណៈឆ្នាំនេះ ជាលើកទី៣ហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ឲ្យដឹងថា៖ «នេះជាជំនួបប្រចាំឆ្នាំរបស់សម្តេច ជាមួយក្រុមអត្តពលិក មន្ត្រីកីឡា គ្រូបង្វឹក ថ្នាក់ដឹកនាំ ព្រមទាំងព្រឹទ្ធាចារ្យកីឡារបស់យើង ហើយនៅក្នុងពិធីនោះ សម្តេច ក៏មានសារ ដើម្បីសំណេះសំណាលពីសុខទុក្ខរបស់ក្រុមកីឡាយើង និងផ្តល់អនុសាសផែនការយុទ្ធសាស្ត្រផ្សេងៗផងដែរ។ ក្រៅពីនោះក៏មានការហូបអាហារសាមគ្គី ជប់លៀង និងមានការឧបត្ថម្ភដល់អ្នកចូលរួម នូវទឹកប្រាក់ម្នាក់ៗចំនួន១០ម៉ឺនរៀលផងដែរ»។

ជាមួយគ្នានោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏នឹងមានរបាយការណ៍ជម្រាបជូនលោកនាយករដ្ឋមន្រ្តី ពីសកម្មភាពកីឡាផ្សេងៗ ពិសេសទិសដៅសម្រាប់ផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ផងដែរ មុនពេល លោក ហ៊ុន សែន ផ្តល់អនុសាសន៍បន្ថែមទៀតទៅលើការងារទាំងអស់នេះ។

គិតមកដល់ពេលនេះ ក្រុមអ្នកកីឡា ដែលមានឈ្មោះ សម្រាប់ការចូលរួមហូបអាហារសាមគ្គី ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំគ្នាបង្ហោះកម្ររូបភាពអនុស្សាវរីយ៍ ដែលពួកគាត់ បានចូលរួមជួបលោក ហ៊ុន សែន កាលពីឆ្នាំមុនៗ ហើយនៅរសៀលម៉ោង១ ថ្ងៃព្រហស្បតិ៍នេះ អ្នកមានឈ្មោះទាំងអស់ នឹងត្រូវជួបជុំគ្នា នៅពហុកីឡដ្ឋានជាតិ ដើម្បីជិះឡើងឡានក្រុង ទៅតាមដំណាក់កាលនីមួយៗ តាមការរៀបចំរបស់ ឆ្ពោះទៅកាន់កោះពេជ្រ ជាទីកន្លែងដែលពួកគេ ត្រូវជួបជុំគ្នា និងស្វាគមន៍ការមកដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាថ្មីម្តងទៀត។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ពិធីជំនួបជាមួយសម្តេច លើកនេះ គឺមានអ្នកកីឡាទាំងអស់ជាង៤០០០នាក់ ដោយពួកគាត់ នឹងត្រូវជួបជុំគ្នា នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា រួចធ្វើដំណើរទៅកាន់មណ្ឌលកោះពេជ្រតែម្តង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃខួបកំណើតរបស់សម្តេច ហើយជាទម្លាប់សម្តេច តែងតែផ្តល់ការលើកទឹកចិត្ត និងជប់លៀងជូន ព្រមទាំងមានពិធីសំណេះសំណាល ខណៈដែលរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ ជិតមកដល់»៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.