v9
V9BET

ក្រុមអ្នកកីឡាចំនួន ៣២០នាក់ ទទួលបានប័ណ្ឌបសស មើលជំងឺមិនបាច់បង់ប្រាក់

5 months ago​ | ដោយ V-Dr

មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ថា គិតមកដល់ពេលនេះ មានអត្តពលិក គ្រូបង្វឹក និងមន្រ្តីកីឡាចំនួន៣២០នាក់ហើយ បានទទួលប័ណ្ឌបេឡាជាតិរបបសន្តិសុខសង្គម ឬហៅថា បសស សម្រាប់ការព្យាបាលជំងឺ ដោយមិនបង់លុយ សម្រាប់ជំហានទី១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីម្សិលមិញថា៖

«នៅក្នុងជំហានដំបូងនេះក្រុមកីឡាកររបស់យើងបានទទួលប័ណ្ឌបសស សរុបចំនួន៣២០នាក់ ហើយនេះជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនដល់អត្តពលិក គ្រូបង្វឹក និងមន្ត្រីកីឡាកម្រិតខ្ពស់ ដោយចាប់ផ្តើមពីក្រុមជម្រើសជាតិ ប៉ុន្តែជាបន្តបន្ទាប់ នឹងមានផ្តល់ជូនជាលក្ខណៈសហព័ន្ធ សមាគម ឬក្លិប តាមលក្ខណៈជាក់ស្តែង ទៅតាមជំហានជាលើកទី២ ឬទី៣ទៀត»។

បើតាមលោក ឯម ហៀង នាយករដ្ឋបាល NOCC បានឲ្យដឹងថា មន្ត្រីកីឡា គ្រូបង្វឹក និងអត្តពលិកចំនួន៣២០នាក់ ដែលបានទទួលបានប័ណ្ឌបសសនេះ គឺមានមកពី១៧សហព័ន្ធកីឡាជាតិ ហើយប័ណ្ឌបសសនេះ គឺពួកគាត់ នឹងទទួលបានការព្យាបាលជំងឺ មិនត្រូវបង់ប្រាក់ ទេ។

ជាមួយនឹងការផ្តល់ប័ណ្ឌបសស ជាជំហានដំបូងចំនួន៣២០នាក់នេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថា ក្រុមប្រដាល់ នៅក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែររបស់លោក បានទទួលប័ណ្ឌបសសនេះ ចំនួន៤៦នាក់ ដោយអ្នកទាំងនោះ ភាគច្រើនជាកីឡាករ។

លោក តែម ម៉ឺន បានចាត់ទុកការផ្តល់ប័ណ្ឌបសសនេះថា ជាការជួយសម្រួលយ៉ាងធំមួយ ទៅដល់កីឡាករប្រដាល់។ លោកបាននិយាយថា៖

«កន្លងមកកីឡាកររបស់យើង ពេលមានរបួស ឬមានជម្ងឺផ្សេងៗ ត្រូវដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង គឺមានការលំបាក ប៉ុន្តែនៅពេលទទួលបានប័ណ្ឌបសសនេះ គឺការព្យាបាលមិនអស់លុយ អ៊ីចឹងវាបានជួយផ្តល់ភាពងាយស្រួលដល់កីឡាកររបស់យើង នៅពេលពួកគេមានរបួស ឬក៏មានជំងឺអ្វីមួយ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.