v9
V9BET

ស៊ន អេលីត ខ្មាសខាងប្រដាល់ថៃ ដល់ថ្នាក់លេងចង់ហ៊ានប្រាប់បរទេសថា គុនខ្មែរ ជារបស់ខ្មែរ

3 months ago​ | ដោយ V-Dr

ស៊ន អេលីត បានបង្ហាញនូវភាពខ្មាសអៀន ក្នុងនាមជាគ្រូបង្វឹកប្រដាល់គុនខ្មែរមួយរូប នៅពេលលោកឃើញភាពរីកចម្រើនយ៉ាងពិតប្រាកដរបស់វិស័យប្រដាល់នៅប្រទេសថៃ គឺមានភាពខុសគ្នាដាច់ពីស្ថានភាពប្រដាល់នៅកម្ពុជា ដែលចាំតែរិះគន់ជាន់ពន្លិចគ្នា ចាំតែក្តិចត្រួយគ្នា និងចាំតែសើចចំអកឲ្យគ្នា នោះ។

ជាមួយភាពខុសគ្នាដាច់ រវាងវិស័យប្រដាល់នៅថៃ និងប្រដាល់នៅកម្ពុជានេះ គ្រូបង្វឹកក្លិបឆ្មាសសែនសុខគុនខ្មែរ ស៊ន អេលីត បានសម្រេចចិត្តបង្ហោះសារបែបចាក់ដោតមួយ នៅលើហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីរូបគេ បានមើលកម្មវិធីប្រដាល់ដ៏ធំមួយរបស់ថៃ កាលពីយប់មិញ។

បងប្រុសបង្កើតរបស់វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី លោក ស៊ន អេលីត បានសរសេរថា៖

«យប់នេះ ពេលដែលខ្ញុំបានមើលកម្មវិធីប្រដាល់ដ៏ធំរបស់ថៃហើយ ហេតុអីបានជាខ្ញុំដេកអត់លក់ចឹង ហើយខ្ញុំចង់សួរទៅថៃថា ហេតុអ្វីកម្មវិធីគេល្អម្ល៉េះ ហេតុអ្វីកីឡាករគេល្អម្ល៉េះ ហេតុអ្វីអ្នកគាំទ្រគេច្រើនម្ល៉េះ?»។

គ្រូប្រដាល់ ដែលមានតួនាទី នៅក្នុងរាជការ ជាកងអង្គរក្សថ្នាក់ដឹកកំពូលៗ ស៊ន អេលីត បានបន្ថែមថា៖

«ខ្ញុំធ្លាប់ប្រាប់បរទេសថា គុនខ្មែរ ជារបស់ខ្មែរ មិនមែនរបស់ថៃ
ទេ តែចាប់ពីថ្ងៃនេះ ប្រហែលជាខ្ញុំ មិនហ៊ានប្រាប់គេទៀតទេ ព្រោះខ្មាស់គេ ហើយខ្ញុំចង់សួរទៅអ្នកដែលស្រឡាញ់គុនខ្មែរថា រាល់ថ្ងៃបានធ្វើអ្វី ដើម្បីគុនខ្មែរខ្លះហើយ ក្រៅពីចាំតែរឹះគន់ជាន់ពន្លិចគ្នា ចាំតែក្តិចត្រួយគ្នា និងចាំតែសើចចំអកឲ្យគ្នា»។

ស៊ន អេលីត ដែលមានជំនាញទាំងប្រដាល់គុនខ្មែរ តេក្វាន់ដូ និងកីឡាវ៉ូវីណាម ផងនោះ ក៏បានសុំចិត្តដល់គ្រូបង្វឹក និងកីឡាករមួយចំនួន កុំយកគុនខ្មែរ ធ្វើជាអាជីវកម្មពេក។ អេលីត បានសរសេរថា៖

«ជាចុងក្រោយក៏សុំផ្តាំផ្ញើរទៅដល់កីឡាករ និងគ្រូមួយចំនួន កុំចូលចិត្តយកគុនខ្មែរ ធ្វើជាអាជីវកម្មពេក តាមរយៈរអូរច្រើន និងសុំច្រើន ខិតខំខ្លួនឯងទៅ កុំចាំពឹងកំលាំងគេអី។ ខ្ញុំសូមទោសបើខ្ញុំនិយាយខុស តែនេះជាពាក្យពិត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.