v9
V9BET

ប្រធានក្លិប និងកីឡាករជប៉ុន រួមគ្នាជួយឧបត្ថម្ភដល់គ្រួសារ ជនរងគ្រោះ ដែលជនជាតិជប៉ុនបានប្លន់សម្លាប់

3 months ago​ | ដោយ V-Dr

ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ Akihiro Kato និងកីឡាករជប៉ុន ដែលកំពុងប្រកបអាជីព នៅលីកកំពូលកម្ពុជា មួយចំនួនទៀត បានរួមគ្នារ៉ៃអង្គាសថវិកាបាន៤០០០ដុល្លារ ដើម្បីយកទៅប្រគល់ជូនដល់ប្រពន្ធ និងកូន៤នាក់ របស់ជនរងគ្រោះ ជាអ្នករត់តាក់ស៊ី ដែលត្រូវបានជនជាតិជប៉ុន២នាក់ ប្លន់សម្លាប់ នៅខេត្តសៀមរាម កាលពីពេលថ្មីៗនេះ។

លោក Akihiro Kato ដែលជាជនជាតិជប៉ុន បានបង្ហាញភាពក្តុកក្តួលខ្លាំងចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ ហើយក្នុងនាមជាជនជាតិជប៉ុន លោកបានធ្វើការសុំទោសទៅដល់គ្រួសារជនរងគ្រោះផងដែរ ដែលបានបាត់បង់ប្តី និងឪពុក ជាបង្គោលនៅក្នុងគ្រួសារ ដោយសារតែការប្លន់សម្លាប់ពីជនដៃដល់ ជាជនជាតិជប៉ុននោះ។

ប្រធានក្លិបរូបនេះ បានប្រាប់ប្រព័ន្ធផ្សាយក្នុងស្រុកថា៖

«ខ្ញុំបានឃើញព័ត៌មានទាំងនេះ ហើយខ្ញុំមានក្ដីរន្ធត់ និង អាណិតដល់ជនរងគ្រោះជាងខ្លាំង ព្រោះគាត់ត្រូវចាកចោលប្រពន្ធ និង កូនដល់ទៅ៤នាក់។ ប្រជាជនកម្ពុជាគួរឲ្យស្រលាញ់ រួសរាយរាក់ទាក់ ហើយជួយយកអាសារខ្លាំងណាស់ ចំណែកប្រជាជនជប៉ុនក៏មានបេះដូងបរិសុទ្ធដែរ ប៉ុន្តែនេះជារឿងមិនអាចទទួលយកបាន ដែលពួកគេ (ជនដៃដល់ជាជនជាតិជប៉ុន) ទាំង២បានធ្វើឡើយ។ ខ្ញុំសូមសម្ដែងការសុំទោសជំនួសពួកគេ»។

ជាមួយនឹងការចូលរួមទទួលខុសត្រូវ ក្នុងនាមជាជនជាតិជប៉ុនដូចគ្នា គឺនៅថ្ងៃនេះ លោក Akihiro Kato និងកីឡាករជប៉ុនផ្សេងទៀត ប្រមូលថវិកាបានចំនួន៤០០០ដុល្លារ យកទៅប្រគល់ជូនដល់ប្រពន្ធ និងកូនទាំង៤នាក់ របស់ជនរងគ្រោះ ដែលត្រូវបានប្លន់សម្លាប់។

លោក Akihiro Kato បានសរសេរបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា៖

«យើងបានឧបត្ថម្ភថវិកាចំនួន៤០០០ដុល្លារ សម្រាប់គ្រួសារជនរងគ្រោះ ហើយខ្ញុំសូមអរគុណដល់មិត្តភ័ក្តិ និងកីឡាករជប៉ុនទាំងអស់ ដែលលេងនៅលីកកំពូលកម្ពុជា សម្រាប់ការចូលរួមឧបត្ថម្ភជាមួយគ្នានៅពេលនេះ។ ខ្ញុំសុំទោសចំពោះហេតុការណ៍នៃការប្លន់សម្លាប់នេះ ហើយខ្ញុំសួមបួងសួងឲ្យមានសុខសន្តិភាព សម្រាប់សង្គមមួយនេះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.