v9
V9BET

ក្រុមគិរីវង់ ឡើងទៅឈរលេខ១ តារាងលីកកំពូល បានមុខគេ ខណៈការប្រជែងថ្ងៃបើកឆាក មានភាពស្វិតស្វាញខ្លាំង

1 month ago​ | ដោយ V-Dr

គិរីវង់សុខសែនជ័យ បានក្លាយជាក្រុម ដែលបានឡើងទៅឈរនៅលើកំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ បានមុនគេ ខណៈការប្រកួតប្រជែងដណ្តើម៣ពិន្ទុ សម្រាប់ការប្រកួតបើកឆាក មានភាពស្វិតស្វាញខ្លាំង ហើយលទ្ធផល វាមានភាពខុសប្លែកទៅនឹងអ្វីដែលអ្នកទស្សនា បានព្យាករណ៍ទុកមុននោះ។

តាមរយៈការប្រកួត នៅលើទីលានផ្សេងៗគ្នា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមវិសាខា ដែលគេគិតថា នឹងអាចបង្ហាញភាពខ្លាំង នៅថ្ងៃបើកឆាក ទៅតាមការចំណាយដ៏ច្រើន ក្នុងការពង្រឹងគុណភាពកីឡាករក្នុងក្រុមនោះ គឺបានត្រឹមស្មើក្រុមសូលទីឡូអង្គរ ០-០ នៅលើទឹកដីខ្លួនឯង។

ចំណែកក្រុមក្រសួងការពារជាតិ (ទ័ព) ដែលមានភាពជឿជាក់ខ្លាំង ថាអាចប្រើទម្រង់លេងបែបរីកចម្រើន ក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នោះ ក៏មានការខកចិត្តផងដែរ ខណៈពួកគេ បានត្រឹមស្មើ ១-១ ទាំងលំបាកនោះ។ ចំណែកលោក ប្រាក់ សុវណ្ណារ៉ា ក៏មិនអាចប្រើបទពិសោធដឹកនាំដ៏ក្រាស់ក្រែលរបស់លោក ក្នុងការដឹកនាំក្រុមប៉ូលិស ឲ្យឈ្នះក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នោះទេ គឺពួកគេបានចាញ់ ២-០។

ជាមួយគ្នានេះគ្រូបង្វឹកជនជាតិប្រេស៊ីល លោក Leonardo Vitorino បានត្រឹមបន្ទោសទៅលើ«សំណាង» នៅពេលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា រូបនេះ មិនអាចដឹកនាំក្រុមភ្នំពេញក្រោន យកឈ្នះក្រុមបឹងកេត បាននោះ គឺពួកគេបានចាញ់ ៣-២ ទាំងមិនអស់ចិត្ត។

ចំពោះការបរាជ័យ ថ្ងៃបើកឆាកនេះ លោក Leonardo Victorino គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយថា៖

«វាជាការប្រកួតអស្ចារ្យសម្រាប់ការប្រកួតដំបូងរបស់យើង។ ក្រុមរបស់យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងមិនមានសំណាង ឯបឹងកេត បង្កើតឱកាសតែ៣លើកប៉ុណ្ណោះ ហើយគេក៏រកបាន៣គ្រាប់ ពួកគេគឺមានសំណាងជាងពួកយើង»។

ចំណែកក្រុមម្ចាស់ជើងឯក ណាហ្គាវើល ក៏ទទួលបាន៣ពិន្ទុទាំងព្រលឹងចុងសក់ផងដែរ ខណៈពួកគេ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ត្រឹម ១-០ នោះ។ ប៉ុន្តែក្រុមចំណូលថ្មីខ្ចីទាំងបទពិសោធ ខេត្តកំពង់ឆ្នាំង បានបង្ហាញការរំភើបខ្លាំង ខណៈពួកគេអាចយកឈ្នះលើក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ១-០ នោះ។

ជាមួយគ្នានេះ ក្រុមគិរីវង់សុខសែនជ័យ ដែលទើបបានវិលត្រឡប់មកកាន់ការប្រកួតលីកកំពូលជាថ្មីនោះ បានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី រហូតដល់ ៤-១ ដើម្បីឡើងទៅឈរនៅលេខរៀងទី១ បានមុនគេ ដោយមាន៣ពិន្ទុ និងតាមពីក្រោយដោយក្រុមមាន៣ពិន្ទុដូចគ្នា ព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើល និងក្រុមខេត្តកំពង់ចាម៕

កែសម្រួលដោយ៖ Cambsport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.