v9
V9BET

គ្រូណាហ្គាវើល និងបឹងកេត ថា លីកកំពូលកម្ពុជា ឆ្នាំនេះ នឹងមានតានតឹងខ្លាំង

3 months ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមណាហ្គាវើល និងបឹងកេត បានធ្វើការវាយតម្លៃទៅតាមបទពិសោធ និងចក្ខិវិស័យរបស់លោកថា ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលនឹងចាប់ដំណើរការប្រកួត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ នឹងមានភាពតានតឹងខ្លាំង ក្នុងការប្រជែងរកជើងឯក ប្រចាំរដូវកាលថ្មីនេះ។

លោក មាស ចាន់ណា ដែលទើបដឹកនាំក្រុមណាហ្គាវើល ឲ្យលើកពានលីកកំពូលកម្ពុជា កាលពីឆ្នាំ២០១៨ បាននិយាយថា៖

«ការប្រកួតលីកកំពូលនៅឆ្នាំនេះ នឹងមានភាពតានតឹងខ្លាំងមែនទែន ដោយសារក្រុមនីមួយៗមានកីឡាករបរទេសល្អ ហើយការរៀបចំក្រុមរបស់ក្រុមទាំងនោះ ក៏បានល្អទៀតផង»។

ចំណែកលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត ដែលជាក្លិបធ្លាប់លើកពានលីកកំពូល កាលពីឆ្នាំ២០១៦ ឆ្នាំ២០១៧ និងបានលេខ២ កាលពីឆ្នាំ២០១៨ បាននិយាយថា៖

«ខ្ញុំមើលឃើញថា ក្លិបនីមួយៗ មានការរៀបចំល្អទាំងរចនាសម្ព័ន្ធ និងធនធានកីឡាករ អ៊ីចឹង ការប្រកួតលីកកំពូល ឆ្នាំនេះ អាចនឹងមានភាពតានតឹង គឺការប្រជែងយកពាន នៅឆ្នាំនេះ នឹងមានការលំបាកខ្លាំង»។

បន្ថែមទៅលើការវាយតម្លៃជារួម ទៅលើការប្រកួតលីកកំពូលកម្ពុជា នៅឆ្នាំ២០១៩នេះ លោក ហៅ សុជាតិ ក៏បានបង្ហាញកង្វល់ សម្រាប់ការជួបក្រុមភ្នំពេញក្រោន នៅថ្ងៃបើកឆាកនេះផងដែរ។ លោកនិយាយថា៖

«ការប្រកួតបើកឆាកជាមួយភ្នំពេញក្រោន នឹងមានភាពតានតឹងខ្លាំង ព្រោះយើងនៅមិនទាន់ដឹងពីសមាសភាពកីឡាកររបស់គេច្បាស់នៅឡើយទេ ហើយក៏មិនទាន់ដឹងពីការរៀបចំរបស់ក្រុមគេច្បាស់នោះដែរ»។

ចំណែកលោក មាស ចាន់ណា ក៏មិនទាន់ហ៊ានមើលស្រាលទៅលើទម្រង់លេងរបស់ក្រុមអាស៊ីអឺរ៉ុប ដែលពួកគេ ត្រូវជួបក្នុងការប្រកួតបើកឆាកនេះដែរ ដោយលោកបានបង្ហើបថា អាស៊ីអឺរ៉ុប តែងតែលេងធ្វើបានល្អ នៅដើមរដូវកាល ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់អស់ហើយ។
គួរបញ្ជាក់ថា ការប្រកួតលីកកំពូលកម្ពុជា នៅឆ្នាំនេះ មាន១៤ក្រុមចូលរួម គឺច្រើនជាងឆ្នាំមុន ដែលមានតែ១២ក្រុម ប៉ុន្តែរូបមន្តនៃប្រកួតនៅដដែល គឺប្រកួតវិលជុំ២ជើង រួចកំណត់យកក្រុមមានពិន្ទុខ្ពស់ជាងគេ ជាម្ចាស់ជើងឯកតែម្តង៕

កម្មវិធីប្រកួត៣គូ ដែលត្រូវធ្វើនៅថ្ងៃសៅរ៍

-ក្រុមអគ្គិសនីកម្ពុជា v ខេត្តកំពង់ចាម នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ម៉ោង ១៥:៣០
-ក្រុមភ្នំពេញក្រោន v បឹងកេត នៅកីឡដ្ឋាន RSN ម៉ោង ១៨:០០
-ក្រុមគិរីវង់សុខសែនជ័យ v សាលាបាល់ទាត់ជាតិបាទី នៅកីឡដ្ឋានគិរីវង់ ម៉ោង ១៥:៣០
៤ប្រកួតនៅថ្ងៃអាទិត្យ
-អាស៊ីអឺរ៉ុប v ណាហ្គាវើល កីឡដ្ឋានអាស៊ីអឺរ៉ុបស្ពតផាក ១៥:៣០
-វិសាខា v សូលទីឡូអង្គរ កីឡដ្ឋានវិសាខា ១៥:៣០
-ព្រះខ័នរាជស្វាយរៀង v ប៉ូលិស កីឡដ្ឋានស្វាយរៀង ១៨:០០
-ក្រសួងការពារជាតិ v អង្គរថាយហ្គឺរ កីឡដ្ឋានស្តាតចាស់ ១៨:០០

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.