V9BET

ឡុង សំណាង ថា ផាន់ គ្រាន់ ជាឧបសគ្គធំចំពោះរូបគេ ឆ្ពោះទៅដណ្តើមខ្សែក្រវាត់

2 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងវ័យក្មេងនៃក្រុមជម្រើសជាតិគុនខ្មែរ ឡុង សំណាង ហាក់មិនបានមើលរំលងទៅលើសមត្ថភាពប្រកួតរបស់រៀបច្បង ផាន់ គ្រាន់ នោះទេ ហើយគេថែមទាំងបាននិយាយទៀតថា ផាន់ គ្រាន់ គឺជាឧបសគ្គធំមួយចំពោះរូបគេ ក្នុងការឆ្ពោះទៅដណ្តើមយកខ្សែក្រវាត់ភេសជ្ជៈ Zorus ក្នុងទម្ងន់៦៣,៥គីឡូក្រាម។

សិស្សគណក្លិបសាលវ័ន្តកីឡា ឡុង សំណាង បាននិយាយថា៖

«ខ្ញុំមិនធ្លាប់ជួប ផាន់គ្រាន់ ពីមុនមកនោះទេ ហើយនៅក្នុងចំណោមអ្នកដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ខ្ញុំគិតថា ផាន់ គ្រាន់ ជាឧសបគ្គធំចំពោះខ្ញុំ ក្នុងការឆ្ពោះទៅរកការឈ្នះខ្សែក្រវាត់ Zorus នេះ»។

ការលើកឡើងរបស់ ឡុង សំណាង បែបនេះ ក៏ព្រោះតែរូបគេត្រូវជួបកីឡាករជើងចាស់វាយមកដកថយ ផាន់ គ្រាន់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើសង្វៀន CNC នាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីរកអ្នកឈ្នះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតជម្រុះ៤លើកកន្លងមកនេះ ឡុង សំណាង បានឈ្នះទាំង៤ប្រកួត ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ ដោយក្នុងនោះគេបានឈ្នះពិន្ទុថៃ Phit Dam ក្នុងទឹកទី៤ ឈ្នះថៃ Phit Saychhun ឈ្នះ Phit Sayfar និងឈ្នះពិន្ទុ Jecknoun ប៉ុន្តែ ឡុង សំណាង បែរជាមកញញើតនឹងកណ្តាប់ដៃ ផាន់ គ្រាន់ ទៅវិញ។

ឡុង សំណាង បានប្រាប់បន្ថែមថា៖

«ផាន់ គ្រាន់ ល្អខាងប្រើកណ្តាប់ដៃ ហើយកណ្តាប់ដៃវាយចេញរបស់គាត់មានទម្ងន់ទៀត ប៉ុន្តែខ្ញុំបានហ្វឹកហាត់ទើបចំណុចខ្លាំងរបស់គាត់នេះហើយ ហើយក៏ត្រៀមផ្លែសម្រាប់ធើស៊ីគាត់វិញដែរ តែខ្ញុំមិនទាន់ហ៊ានព្យាយាមលទ្ធផលទុកមុននោះទេ»។

ចំណែក ផាន់ គ្រាន់ របស់ក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ ក៏មានមហិច្ឆតាខ្ពស់ ក្នុងការប្រជែងយកខ្សែក្រវាត់មួយនេះផងដែរ។ បើទោះបីជា ផាន់ គ្រាន់ មិនទទួលបាន៣ពិន្ទុ សម្រាប់ការយកឈ្នះថៃ Phit Sayfar នៅក្នុងការប្រកួតបែបឆាក ដោយសារគេរក្សាទម្ងន់មិនបានតាមការកំណត់ ជាហេតុនាំឲ្យគណៈកម្មការសម្រេចឲ្យចាញ់ ដោយស្វ័យប្រវត្តិ។

ប៉ុន្តែ៣ប្រកួតចុងក្រោយ ផាន់ គ្រាន់ បានឈ្នះ Jecknoun ដោយស្វ័យប្រវត្តិវិញ ដោយសារ Jecknoun រក្សាទម្ងន់មិនបាន(លើសទម្ងន់) ហើយក្រោយមក ផាន់ គ្រាន់ បានផ្តួល Phit Dam នៅទឹកទី១ និងផ្តួល Phit Saychhun នៅទឹកទី២។ ហេតុនេះលទ្ធផលដែល ផាន់ គ្រាន់ ធ្វើបាន គឺចង់ល្អជាង ឡុង សំណាង ទៅទៀត។

នៅព្រឹកថ្ងៃអាទិត្យនោះដែរ កីឡាករ ឌុម កែវដា របស់ក្លិបមកុដរាជសីហ៍ ត្រូវប្រកួតវគ្គពាក់កណ្តាលជាមួយ Phit Sayfar ដែរ ហើយការប្រកួតនេះ កែវដា ហាក់មានការបារម្ភផងដែរ ព្រោះកាលប្រកួតនៅវគ្គជម្រុះរូបគេ ត្រូវបានអ្នកប្រដាល់របស់ថៃម្នាក់នេះ ម៉ាត់ឲ្យសន្លប់ នៅក្នុងទឹកទី៤។ ប៉ុន្តែ កែវដា បានប្រាប់ថា រូបគេក៏ធ្លាប់ឈ្នះ Phit Sayfar ក្នុងការប្រកួតកន្លងមកដែរ គឺនៅក្នុងការជួបគ្នា៤លើក ឌុម កែវដា បានឈ្នះ១ ចាញ់២ និងស្មើគ្នា១ដង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.