v9
V9BET

នៅ ស្រីពៅ ក្លាយ​ជា​កត្តា​បំផុស​ទឹក​ចិត្ត​នារី​ខ្មែរ​ឱ្យ​ចូល​ហាត់​ក្បាច់​គុន​

2 weeks ago​ | ដោយ V-Dr

កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ កីឡាការិនី នៅ ស្រីពៅ របស់​ក្លិប Cambodian Top Team បាន​ទទួល​ជ័យជម្នះ​សំខាន់​បំផុត​ក្នុងអាជីព​ នៅ​ពេល​នា​ង​ចូល​ប្រកួត​គុន​ចម្រុះ​លើក​ទី​១​ហើយ​បាន​ផ្ដួល​កីឡាការិនី​ដ៏​ល្បី​របស់​ថៃ Rika “Tinydoll” Ishige នៅ Impact Arena ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ​។

ថ្វី​បើ​វ័​យ​​នៅ​ក្មេង​នៅឡើយ​ ពោលគឺ​ត្រឹម​២៤​ឆ្នាំ​ក្ដី តែ​ ស្រីពៅ បាន​ក្លាយ​ជា​កីឡាការិនី​ក្បាច់​គុន​ដ៏​ល្បីល្បាញ​ទូទាំង​ប្រទេស ហើយ​នាង​បានជួយ​​បង្កើត​ចំណាប់​អារម្មណ៍​ថ្មី​មួយ​ក្នុង​ចំណោម​នារី​ក្មេង​ៗ​ដែល​​ទទួល​បាន​ការ​បំផុស​ទឹកចិត្ត​​តាម​រយៈ​សមិទ្ធផល​គួរ​ឱ្យ​ស្ញប់ស្ញែង​​នានា​​របស់​​ ស្រីពៅ​។

តួយ៉ាង យុវតី​វ័យ​១៦​ឆ្នាំ ឌី ជាលីញ បាន​ផ្ដើម​ហាត់​ក្បាច់​គុន​ចម្រុះ​នៅ​ក្លិប Cambodian Top Team កាល​ពី​១​សប្ដាហ៍​មុន រួម​ជាមួយ​ដៃគូ​ហ្វឹកហាត់​របស់​នាង​គឺ ឆេង ថារ័ត្ន​។ ពួក​គេ​ទាំង​ពីរ​កំពុង​ព្យាយាម​សម្រួច​ជំនាញ​ប្រយុទ្ធ​ទាំង​បែប​ឈរ​ប្រកួត​និង​ផ្ដួល​ខ្លួន​លើ​ផ្ទៃ​សង្វៀន​។

ថារ័ត្ន និយាយ​ថា​៖

«ខ្ញុំ​ស្រលាញ់​ក្បាច់​គុន​នេះ​​។ ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​បង​ស្រីពៅ ហើយ​វា​បាន​បំផុស​ទឹក​ចិត្ត​របស់​ខ្ញុំ​​ឱ្យ​ហាត់​ប្រដាល់​ថែម​ទៀត»។

ជាលីញ កំពុង​ហាត់​មូលដ្ឋាន​គ្រឹះ​​គុន​ចម្រុះ ខណៈ ថារ័ត្ន វ័យ​១៨​ឆ្នាំ ជា​អ្នក​លេង​ក្បាច់​គុន​ល្បុក្កតោ​ដ៏​ពូកែ​ម្នាក់ និង​ជា​សមាជិក​យុវជន​ជម្រើស​ជាតិ​ល្បុក្កតោ​ជា​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​។

អ្នក​ទាំង​ពីរ​បាន​តាម​ដាន​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ និង​បាន​ហ៊ោ​គាំទ្រ​ idol ​របស់​ពួក​គេ គឺ ស្រីពៅ ដែល​បាន​ស៊ី​ដាច់​ពិន្ទុ​លើ​​តារា​ក្បាច់​គុន​ស្រី​របស់​ថៃ​។

ថារ័ត្ន និង ជាលីញ លើក​ឡើង​ដូច​គ្នា​ថា​៖

«ខ្ញុំ​សប្បាយ​ចិត្ត​ជំនួស​គាត់​​ខ្លាំង​ណាស់​​។ ខ្ញុំ​គិត​ថា​គាត់​ធ្វើ​បាន​ល្អ​ឥតខ្ចោះ។ ខ្ញុំ​បាន​ដឹង​ថា​គាត់​នឹង​ឈ្នះ​។ គាត់​ចេះ​វិធី​ការពារ​ខ្លួន​បាន​ល្អ​ហើយ​បិទ​ជិត​ឈឹង​មិន​ឱ្យ Rika ​ចូល​ចាប់​គាត់​បាន​​ទាល់​តែ​សោះ​»។

យុវតី​ទាំង​ពីរ​ខាង​លើ​​មាន​អារម្មណ៍​ថា​សមិទ្ធផល​របស់​ស្រីពៅ​​គឺ​ជា​​ជ័យជម្នះ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ និង​ថា​ជោគជ័យ​របស់​ស្រីពៅ​នៅ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភពលោក​បាន​ធ្វើ​ឱ្យ​នារី​ក្មេង​ៗ​កាន់​តែ​ច្រើន​ឡើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុងកា​រ​ចូល​​សាក​ល្បង​ហាត់​​កីឡា​ប្រយុទ្ធ​។

ថារ័ត្ន លើក​ឡើង​ថា​៖

«មក​ទល់​ពេលនេះ​​នៅ​តែ​មិន​សូវ​​សម្បូរ​​ស្ត្រី​ខ្មែរ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​បង​ស្រីពៅ​​គាត់​អស្ចារ្យ​ណាស់​។ ខ្ញុំ​គិត​ថា​ពេល​ខាង​មុខ​​យើង​នឹង​ឃើញ​ស្ត្រី​ខ្មែរ​​ច្រើន​ជាង​នេះ​ក្នុង​វិស័យ​ក្បាច់​គុន​ព្រោះ​សមត្ថភាព​របស់​ពួក​យើង​មិនអន់​ទេ​»។

បច្ចុប្បន្នអ្នក​លេង​ក្បាច់​គុន​ជា​នារី​របស់​កម្ពុជា​២​នាក់​ គឺ ស្រីពៅ និងកូនកាត់​ខ្មែរ​-អាមេរិក ឯក សុវណ្ណារី ហាក់​កំពុង​ធ្វើ​ឱ្យ​ស្ត្រី​កម្ពុជា​រះ​ត្រដែត​ឡើង​ក្នុង​ប្រភេទ​កីឡា​ប្រយុទ្ធ ហើយ​អ្នក​ទាំង​ពីរ​​កំពុង​ក្លាយ​ជា​កត្តា​​​ជួយ​​ជំរុញ​ទឹក​ចិត្ត​នារី​ដទៃ​ទៀត​ឱ្យ​ចូល​​ហាត់​ក្បាច់​គុន​។

សម្រាប់​ ថារ័ត្ន និង ជាលីញ មិន​ទាន់​ប្រាកដ​ពីអនាគត​របស់​ពួក​គេ​​ថា​នឹង​ក្លាយ​ជា​កីឡាការិនី​អាជីព​ឬ​យ៉ាង​ណា​នោះ​ទេ តែ​យ៉ាង​ហោច​ណាស់​អ្នក​ទាំង​ពីរ​ចង់​ឱ្យ​នារី​ដទៃ​ទៀត​សាក​ល្បង​ហាត់​។

«ខ្ញុំ​សូម​ផ្ដល់​អនុសាសន៍​ដល់​នារី​​ៗ​ឱ្យ​ចាប់​ផ្ដើម​លេង​កីឡា​ឱ្យ​បាន​កាន់​តែ​ច្រើន មិនមែន​ត្រឹម​តែ​កីឡា​គុន​ចម្រុះ​ទេ កីឡា​អីក៏​បាន​ដែរ​។ កីឡា​ជួយ​ពង្រឹង​ស្មារតី​របស់​​យើង​​និង​បត់បែន​តាម​​កាលៈទេសៈ​បាន​ល្អ​។ លើស​ពីនេះ យើង​នឹង​ចេះ​វិធី​ការពារ​ខ្លួន​និង​មាន​សុខភាព​ល្អ​»៕

អត្ថបទ​៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.