v9
V9BET

វី ស្រីខួច ចង់​បង្ហាញ​ថា​​នារី​​​អាច​ប្រកួត​ក្បាច់​គុន​​ក្នុង​កម្រិត​​ខ្ពស់​បំផុត​​បាន

2 weeks ago​ | ដោយ V-Dr

អត្តពលិក​របស់ ONE Championship វី ស្រីខួច ខាន​ប្រកួត​អស់​រយៈ​ពេល​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កីឡាការិនី​គុន​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​វ័យ​២៨​ឆ្នាំ​រូបនេះ​កំពុង​សម្លឹង​ទៅ​កាន់​ឱកាស​បង្ហាញ​សមត្ថភាព​​ក្នុង​ឆ្នាំ​២០១៩​។​

ជា​ជើងឯក​​គុន​ខ្មែរ​​​ក្នុង​ទម្ងន់ Flyweight ​និង​ជា​អ្នក​លេង​ក្បាច់​គុន​​ម្នាក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ស្រីខួច ជា​ដៃគូ​ហ្វឹកហាត់​ជា​ប្រចាំ​របស់​តារា ONE Championship ដែល​កំពុង​រះ​​ចិញ្ចាច នៅ ស្រីពៅ​។ ស្រីខួច ក៏​បាន​អម​ដំណើរ​​ ស្រីពៅ ​ទៅ​កាន់​ការ​ប្រកួត ONE: CLASH OF LEGENDS ​ទល់នឹង Rika “Tinydoll” Ishige ក្នុង​រាជធានី​បាងកក​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅផង​ដែរ​។

ជោគជ័យ​របស់ ​ស្រីពៅ ​បាន​បំផុស​ទឹក​ចិត្ត ​ស្រីខួច ហើយ ​ស្រីខួច ​សង្ឃឹម​ថា​នឹង​បាន​ឱកាស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ដើម្បី​ប្រកួត​ក្នុង​ទ្រុង​គុន​ចម្រុះ​​ក៏​ដូច​ជា​ក្នុង​សង្វៀន​ប្រដាល់​​។

ស្រីខួច ពន្យល់​ថា​៖

«ខ្ញុំ​ខាន​វ៉ៃ​អស់​មួយ​ឆ្នាំ​ពេញ តែ​ខែ​នេះ​​គេ​នឹង​រើសក្រុម​ប្រដាល់​ជម្រើសជាតិមួយ​ទៅ​ប្រកួត​នៅ SEA Games 2019 ក្នុង​ប្រទេស​ហ្វ៊ីលីពីន។ ខ្ញុំ​ចង់​ហាត់​ឱ្យ​ខ្លាំង​ជាង​មុន​សម្រាប់ SEA Games​។ ខ្ញុំ​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​អ្វី​ដែល​ខ្ញុំ​បានធ្វើ​ពី​មុន។ ខ្ញុំ​មិនទទួល​បានអ្វី​ដែល​ខ្ញុំ​ចង់​បាន​ឡើយ​កាល​ខ្ញុំ​ប្រកួត​លើក​ចុង​ក្រោយ​ ដូច្នេះ​លើក​នេះ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ខ្ញុំ​នឹង​ទទួល​បាន​មេដាយ​​»។

​ជាមួយ​នឹង​ការ​កំណត់​គោលដៅ​ដណ្ដើម​ឱ្យ​បាន​មេដាយ​នៅ​ SEA Games ឆ្នាំ​នេះ​ដែល​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ស្រីខួច ក៏​មាន​ការ​ជំរុញ​ចិត្ត​ខ្ពស់​ដើម្បី​​បង្កើន​កម្រិត​សមត្ថភាព​របស់​ខ្លួន​ឱ្យ​ឈាន​ចូល​កម្រិត​ខ្ពស់​ផង​ដែរ​។

ស្រីខួច បញ្ជាក់​ថា​៖

«ខ្ញុំ​ចង់​បង្ហាញ​គ្រប់​គ្នា​ថា​ស្ត្រី​អាច​វ៉ៃ​និង​អាច​នាំ​យក​មេដាយ​ជូន​ប្រទេស​ជាតិ​បាន​​។ មេដាយ​​ប្រភេទ​ណា​ក៏​ល្អ​ដែរ»។

ជ័យជម្នះ​របស់ ​ស្រីពៅ​ នៅ​បាងកក​គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​ធំ​មួយ​សម្រាប់​​អត្តពលិក​ក្បាច់​គុន​កម្ពុជា ជា​ពិសេស​ស្ត្រី​ក្នុង​ប្រទេស​នេះ​ ហើយ​ ស្រីខួច សង្ឃឹម​ថា​នឹង​ក្លាយ​ជា​កីឡាការិនី​ជួរ​មុខ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កម្រិត​កំពូ​ល​។

ស្រីខួច ធ្លាប់​ចាត់​ទុក​ការ​ចាប់​កាច់​ជា​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​ខ្លួន ប៉ុន្តែ​បន្ទាប់​ពី​ចូល​ហាត់​នៅ​ក្លិប Cambodian Top Team នាង​មានអារម្មណ៍​ថា​មានទំនុក​ចិត្ត​ខ្ពស់​ជាង​មុន​ក្នុងជំនាញ​គុន​ចម្រុះ​របស់​ខ្លួន​។

ស្រីខួច ប្រាប់​ថា​៖

«ពេល​ខ្ញុំ​ប្រកួត​នៅ ONE Championship ខ្ញុំ​ភ័យ ព្រោះ​ជំនាញ​ចាប់​កាច់​របស់​ខ្ញុំមិនសូវ​ល្អ​។ កាល​មុន ខ្ញុំ​មាន​ការ​ហ្វឹកហាត់​បាន​តិច​តួច​ពេក ហើយ​ខ្ញុំ​ត្រូវ​បែង​ចែក​ពេល​​រវាងការ​ហ្វឹកហាត់​ប្រដាល់​សកល​​នៅអូឡាំពិក​និង​MMA​នៅ​ក្លិប​សិល្បៈ​របស់​លោក​គ្រូ​ចាន់រតនា។ តែឥឡូវ​ខ្ញុំ​បាន​និង​កំពុង​ហ្វឹកហាត់​លើ​ជំនាញ​ប្រកួត​​​​ផ្ដេក​ខ្លួន​លើ​ផ្ទៃ​សង្វៀន​នៅ​ក្លិប CTT ហើយ​ខ្ញុំ​រីក​ចម្រើន​ច្រើន ដូច្នេះ​ខ្ញុំ​មិន​ខ្លាច​ទៀតឡើយ​»។

ការ​ត្រលប់​ទៅ​ប្រកួត​ក្នុង​ទ្រុង ONE Championship និង​​ការ​ដណ្ដើម​មេដាយ​ស៊ីហ្គេម​ឆ្នាំ​២០១៩ ​មើល​ទៅ​ហាក់​ជា​ការ​រំពឹង​ទុក​ច្រើន​សម្រាប់​ស្រីខួច ប៉ុន្តែ​នាង​កំណត់​គោលដៅ​ខ្ពស់​សម្រាប់​ខ្លួន​ឯង​ព្រោះ​នាង​ដឹង​ថា​នាង​អាច​ធ្វើ​បាន​។

នៅ​ពីក្រោយ​ស្រីខួច​គឺ​គ្រួសារ មិត្តភ័ក្ដិ និង​សិស្ស​រួម​ក្លិប​ដ៏​រឹងមាំ​ដែល​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​នាង ហើយ​ឆ្នាំ​២០១៩​នេះ​ក៏​ត្រូវ​បាន​រំពឹង​ទុក​ថា​ជា​ឆ្នាំ​ដ៏​កក្រើក​មួយ​សម្រាប់​កម្ពុជា​។

ស្រីខួច បញ្ជាក់​ចុង​ក្រោ​យ​ថា​៖

«គ្រូ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​ឆ្នាំ​នេះ​​ជា​ឆ្នាំ​ដ៏​ធំ​មួយ​ ដូច្នេះ​ចូរ​​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់!​»៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ​៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.