v9
V9BET

រិន សារ័ត្ន កើន​កម្លាំង​ចិត្ត​ខ្លាំង​ដោយ​ការ​​គាំទ្រ​ពី​ភរិយានិង​គ្រួសារ​ មុនប្រកួតនៅមីយ៉ាន់ម៉ា

3 weeks ago​ | ដោយ V-Dr

នៅ​សល់​តែ​១​ថ្ងៃទៀត​ប៉ុណ្ណោះ​សិស្ស​គុន​ក្លិប Cambodian Top Team ​រិន សារ័ត្ន នឹង​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​សុក្រ​ទី​៨​ខែ​មីនា​។

អតីត​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ KWC ​3 របស់​កម្ពុជា​​រូបនេះ​នឹង​តតាំង​ជាមួយ​​ Tial Thang ដែល​ជា​​សិស្ស​ប្អូន​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​​២​ប្រភេទ​ទម្ងន់​របស់ ONE Championship ដ៏​ល្បីល្បាញ Aung La N Sang​។

ទោះ​បី​​រូប​គេ​ជិត​ឈាន​ចូល​ភាព​កាន់​តែ​ល្បីល្បាញ​ជាង​មុន​​មួយ​កម្រិត​ទៀត​ក្ដី ប៉ុន្តែ​​សារ័ត្ន​មិនដែល​​ភ្លេច​ការ​លំបាក​​ដែល​គេ​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​ឡើយ​​ ជា​ពិសេស​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​សំខាន់​ពី​​ភរិយា​និង​គ្រួសារ​ដែល​បាន​នាំ​ឱ្យ​គេ​មក​ដល់​​ចំណុច​នេះ​​ក្នុង​អាជីព​របស់​គេ​។

សារ័ត្ន ពន្យល់​ថា​៖

«ឆ្នាំ​មុន ម្ដាយខ្ញុំ​​បាន​ប្រាប់​ខ្ញុំ​​ឱ្យ​ឈប់​វ៉ៃ​ហើយ​ទៅ​ធ្វើ​ការ​អ្វី​ផ្សេង​។ តែ​បន្ទាប់​ពី​គាត់​បាន​ឃើញ​ខ្ញុំ​ទទួល​បាន​ឱកាស​​ប្រកួត​នៅ​ក្រៅ​ប្រទេស គាត់​បាន​ផ្លាស់​ប្ដូរ​ចិត្ត​ហើយ​ប្រែ​មក​គាំទ្រ​ខ្ញុំ​ក្នុង​​អាជីព​នេះ​វិញ​។ គាត់​ថា​បើ​ខ្ញុំ​ស្រលាញ់​អាជីព​នេះ​ខ្លាំង​ម្ល៉ឹង ខ្ញុំ​គួរ​តែ​ខំ​ប្រឹង​ហ្វឹក​ហាត់​ឱ្យ​ដល់​ចំណុច​កំពូល​»។

មុន​ការ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ថ្ងៃ​សុក្រ​នេះ សារ័ត្ន បាន​ចាកចេញពី​ក្លិប Cambodian Top Team ​ទៅ​ហាត់​នៅ​ក្លិប Yorky Mixed Martial Arts ក្នុង​ទីក្រុង​បាងកក​មួយ​ខែ​។ សារ័ត្ន មាន​ទំនុក​ចិត្ត​ថា​ដៃគូ​ហ្វឹកហាត់​ថ្មី​ៗ​និង​ភាព​ខុស​គ្នា​រវាង​ក្លិប​២​នេះនឹង​ផ្ដល់​ឱ្យ​រូប​គេ​មាន​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​អាជីព​របស់​គេ​។

សារ័ត្ន មាន​អារម្មណ៍​ថា​ការ​ប្ដូរ​ទៅ​ហាត់​នៅ​បាងកក​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​បន្ត​អភិវឌ្ឍ​ខ្លួន​ក្នុងនាម​ជា​អ្នក​លេង​ក្បាច់​គុន​ម្នាក់ ប៉ុន្តែ​សារភាព​ថា​វា​ពិបាក​ក្នុងការ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជា​ទីស្រលាញ់​របស់​ខ្លួន​។

ការ​ខកខាន​ចូល​រួម​ពិធី​ខួប​កំណើត និង​ការ​ដើរ​កម្សាន្ត​ជាមួយគ្រួសារ ​ជា​រឿង​ពិបាក ប៉ុន្តែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សារ័ត្ន​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​គាំទ្រ​ពី​ភរិយា​និង​គ្រួសារ​របស់​គេ​។

សារ័ត្ន បង្ហើប​ថា​៖ «ខ្ញុំ​​បាន​​គ្រោង​​ធ្វើ​រឿង​មួយ​នៅ​​សម្រាប់​ទីវា​នៃ​ក្ដី​ស្រលាញ់​(Valentine’s Day) តែ​បន្ទាប់​មក​ខ្ញុំ​ទទួល​បាន​ការ​ហៅ​ទៅ​ប្រកួត​​នៅ​មីយ៉ាន់ម៉ា​​នេះ​និង​ត្រូវ​ទៅ​ហាត់​ត្រៀម​​នៅ​បាងកក​។ ដំបូងឡើយ ​ប្រពន្ធ​ខ្ញុំ​ស្នើ​ឱ្យ​ខ្ញុំ​ឈប់​ប្រកួត ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រក្សា​ការ​បំពេញ​គោល​បំណង​របស់​ខ្ញុំ ដល់​អីចឹង​ឥឡូវនេះ​គាត់លើក​ទឹក​ចិត្ត​ខ្ញុំ​និង​​ជូន​ពរ​ឱ្យ​ខ្ញុំ​ជោគជ័យ។ គាត់​យល់​ព្រម​ឱ្យ​ខ្ញុំ​វ៉ៃ ប៉ុន្តែ​គាត់​គិត​ថា​វ៉ៃ​​យូរ​ៗ​ម្ដង​បាន​ហើយ​។ គាត់​ខ្លាច​ខ្ញុំ​ឈឺ​ឬ​មាន​សុខភាព​មិន​ល្អ​ពេលចាស់​ទៅ»។

សារ័ត្ន​​ បច្ចុប្បន្ន​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដោយសារ​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​កម្ពុជា និង​គ្រួសារ​របស់​គេ។ ពេលនេះ​គេ​កំពុង​អន្ទះសារ​ក្នុងការ​បង្ហាញ​សមត្ថភាព​វិវឌ្ឍ​ចុង​ក្រោយ​របស់​គេ​និង​តំណាង​កម្ពុជា​លើ​ឆាក​​​ពិភពលោក​។

មុន​ប៉ះ Tial Thang ដែល​នឹង​ប្រកួត​នៅ ONE លើក​ដំបូង​ស្អែក​នេះ​​ សារ័ត្ន បង្ហើប​ថា​៖

«ខ្ញុំ​បាន​ប្ដូរ​របៀប​វ៉ៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ខំ​ហាត់​ខ្លាំង​មែនទែន។ លើក​នេះ​ខ្ញុំ​នឹង​ខ្លាំង​ជាង​លើក​មុន​ៗ​​»៕

កែសម្រួលដោយ៖​ Cambosport
អត្ថបទ​៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.