v9
V9BET

ហេតុផលធំៗ ៣ ដែលអ្នកគាំទ្រកម្ពុជាមិនត្រូវខកខានព្រឹត្តិការណ៍ ONE: REIGN OF VALOR ថ្ងៃសុក្រនេះ

4 months ago​ | ដោយ V-Dr

នៅថ្ងៃសុក្រទី៨ខែមីនានេះ ONE Championship នឹងវិលទៅទីក្រុងយ៉ាំងហ្គូនជាថ្មីជាមួយវត្តមានកំពូលអ្នកលេងក្បាច់គុនឆ្នើមៗបំផុតមួយចំនួន រួមទាំងការប្រកួតគុនចម្រុះអាជីពលើកទី១០របស់កីឡាករកម្ពុជា រិន សារ័ត្ន ផងដែរ។

ONE: REIGN OF VALOR នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Thuwunna Indoor ដ៏ល្បីល្បាញ ហើយដូចរាល់លើកអីចឹង អ្នកអាចរំពឹងឃើញទស្សនិកជនដ៏ពុះកញ្ជ្រោលនៅពេលតារា ONE Championship ឡើងមកលើឆាក។

នេះជាហេតុផលធំៗ៣ដែលប្រជាជនកម្ពុជាមិនអាចខកខានព្រឹត្តិការណ៍ ONE: REIGN OF VALOR សប្ដាហ៍នេះ

១. ការត្រលប់ជាថ្មីរបស់ រិន សារ័ត្ន

តារាលេចធ្លោរបស់ក្លិប Cambodian Top Team រិន សារ័ត្ន នឹងតំណាងព្រះរាជាណាចក្រអច្ឆរិយ ដោយតតាំងជាមួយកីឡាករជើងថ្មី Tial “The Dragon Leg” Thang របស់មីយ៉ាន់ម៉ា នៅក្នុងគូសំខាន់។ ដោយត្រូវបានចាត់ទុកជាកីឡាករគុនចម្រុះមានទេពកោសល្យបំផុតម្នាក់របស់កម្ពុជា សារ័ត្ន អន្ទះសារក្នុងការបញ្ចេញស្នៀតដែលគេបានសម្ងំហាត់តាំងពីបង្ហាញខ្លួននៅ ONE Championship លើកចុងក្រោយបង្អស់មក។ សារ័ត្ន បានទៅហាត់នៅក្លិប Yorky Mixed Martial Arts ក្នុងទីក្រុងបាងកក រយៈពេល១ខែចុងក្រោយនេះ។

សារ័ត្ន បង្ហើបពីភាពរីកចម្រើនរបស់ខ្លួនថា៖ ខ្ញុំមានអារម្មណ៍ថាប្លែកជាងមុន។ ក្បាច់ប្រយុទ្ធនិងការពាររបស់ខ្ញុំល្អជាងមុនហើយរហ័សជាងមុន។ ខ្ញុំរួចរាល់ហើយដើម្បីបញ្ចេញអ្វីដែលខ្ញុំមាន។

គូប្រកួតរបស់ សារ័ត្ន ជាជើងឯកចំបាប់ Chin State Wrestling Champion ៤សម័យ។ Thang នឹងមានការគាំទ្រពេញទំហឹងពីអ្នកគាំទ្រម្ចាស់ផ្ទះនៅពេលគេតតាំងជាមួយ សារ័ត្ន ក្នុងការប្រកួតទម្ងន់៦៨គីឡូក្រាម។

២. ការប្រកួតដណ្ដើមខ្សែក្រវាត់ ONE Welterweight World Title

ជើងឯក ONE Welterweight World Champion Zebaztian “The Bandit” Kadestam នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងកីឡាករពូកែចាប់កាច់ Georgiy “Knight” Kichigin ក្នុងការប្រកួតគូឯក។

នេះជាការឡើងការពារខ្សែក្រវាត់លើកដំបូងរបស់ជើងខ្លាំងជនជាតិស៊ុយអែត។ ការប្រកួតនេះនឹងតានតឹងសម្រាប់ Zebaztian ដោយហេតុថាគូប្រកួតរបស់គេជនជាតិកាហ្សាក់ស្ថានមិនដែលចាញ់ឡើយក្នុងការប្រកួតលក្ខណៈអាជីព និងបានឈ្នះ១៤ដងចុងក្រោយជាប់ៗគ្នា។

៣. ជំនួបទម្ងន់ Heavyweight ដ៏កក្រើក

Alain “The Panther” Ngalani នឹងប្រឈមមុខជាមួយអតីតជើងឯក Cage Warriors Heavyweight Champion Mauro “The Hammer” Cerilli។

កីឡាករដើមកំណើតកាម៉េរូន Ngalani ឆ្លាក់ទស្សនៈក្នុងចិត្តថាបើគេមិនសន្លប់គឺខ្លួនឯងសន្លប់។ ក្នុងអាជីពគុនចម្រុះ Ngalani ធ្លាប់ប្រកួតពេញគ្រប់ទឹកតែមួយលើកគត់។

ចំណែកជើងខ្លាំងអ៊ីតាលី Cerilli បានចូលប្រកួតនៅ ONE Championship លើកដំបូងកាលពីខែវិច្ឆិកាឆ្នាំមុន ទល់នឹងកីឡាករ Brandon Vera និងបានរងបរាជ័យដែលឈានដល់ការបញ្ចប់ជ័យជម្នះ៥ដងជាប់គ្នារបស់គេនៅពេលនោះ។

លើកនេះ គេតាំងចិត្តស្តារមុខមាត់ឡើងវិញនៅក្នុងស្ថាប័នក្បាច់គុនធំបំផុតរបស់ពិភពលោកនេះ។

សូមកុំព្រិចភ្នែកឱ្យសោះពេលកំពូលកីឡាករទម្ងន់ធ្ងន់ពីរនាក់នេះឡើងដល់លើឆាក!

កែសម្រួលដោយ៖ Cambosport
អត្ថបទ​៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.