v9
V9BET

រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ៤​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​ ឯម សុវណ្ណារី

3 weeks ago​ | ដោយ V-Dr

កីឡាការិនី​គុន​ចម្រុះ​កូន​កាត់​ខ្មែរ​-អាមេរិក ឯម សុវណ្ណារី បាន​បង្ហាញ​សមត្ថភាព​​យ៉ាង​គួរ​ឱ្យ​សរសើរ​​ និង​​មិនអាច​បំភ្លេច​បាន​​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​នាង​ដណ្ដើម​បាន​ជ័យជម្នះ​លើក​ដំបូង​នៅ ONE Championship ​ដោយ​ផ្ដួល​កីឡាការិនី​អ៊ុយក្រែន Iryna “Delsa” Kyselova ​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​​នៅ ONE: DESTINY OF CHAMPIONS ក្នុង​ទីក្រុង​កួឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។

ក្រៅ​តែ​ពី​​ជា​តារា​កំពុង​រះ​ដែល​មិន​ដែល​ចាញ់​សោះ សុវណ្ណារី ក៏​ជា​អ្នក​លេង​គុន​ចម្រុះ​​ពោរពេញ​ដោយ​ភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​។ ខាង​ក្រោម​នេះ​ជា​រឿងរ៉ាវ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ពី​កីឡាការិនី​រហស្សនាម “Sweet Savage” ​រូបនេះ​។

១-នាង​ចូល​ចិត្ត​រឿង The Lord of the Rings បំផុត​ក្នុងជីវិត

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ សុវណ្ណារី បាន​បោះ​ពុម្ព​សៀវភៅ​កុមារ​ជា​លើក​ទី​១​មាន​ចំណង​ជើង​ថា The Talent Quest​។ កីឡាការិនី​ដ៏មាន​ទេពកោសល្យ​វ័យ ​២៦​ឆ្នាំ​រូបនេះ​​ជា​​មនុស្ស​ចូល​ចិត្ត​អាន​សៀវភៅ​យ៉ាង​ងប់ងល់​ម្នាក់ ហើយ​​សៀវភៅ​សំណព្វ​ចិត្ត​របស់​នាង​គឺ​រឿង​​​ប្រលោមលោក​បែប​ប្រតិដ្ឋ​​និពន្ធ​ដោយ​​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​ J. R. R. Tolkien។

សុវណ្ណារី និយាយ​ថា​៖

«រឿង​សំណព្វ​ចិត្ត​បំផុត​របស់​ខ្ញុំ​គឺ Lord of the Rings និង Hobbits Series​។ ចំណុច​ដែល​នាំ​ឱ្យ​ខ្ញុំ​ស្រលាញ់​រឿង​ទាំង​ពីរ​នេះ​គឺ​ការ​លាយ​បញ្ចូល​គ្នា​រវាង​​ការ​ផ្សង​ព្រេង​ពេញ​ដោយ​សេរីភាព​, ការ​ធ្វើ​ដំណើរ​កាត់​វាល​ធំ​ល្វឹងល្វើយ និង​វេទមន្ត​។ តួអង្គ​ក្នុង​រឿង​​ពោរពេញ​ដោយ​មិត្តភាព​ល្អ​ជាមួយ​គ្នា​។ ចំណែង​រឿង Hobbits វិញ​បង្ហាញ​ពី​បែបផែនជីវិត​សាមញ្ញ​ដែល​ធ្វើ​ឱ្យ​យើង​មានអារម្មណ៍​ពេញ​ដោយ​សន្តិភាព​ក្នុង​ចិត្ត​»​។

២-នាង​ចូល​ចិត្ត​ស្ទីល​វាយ​មិន​ដក​ដៃ​របស់ Mike Tyson

សុវណ្ណារី​ទទួល​​បាន​ជ័យជម្នះ​​ក្នុង​ទឹក​ទី​១​ចំនួន​៣​ប្រកួត​​យ៉ាង​គួរ​ឱ្យ​ភ្ញាក់​ផ្អើលរួច​ទៅ​ហើយ​។ សុវណ្ណារី មិន​ដែល​ចាញ់​ទេ​មក​ទល់​ពេលនេះ​ ហើ​យ​នាង​ចង់​​បន្ត​ស្វែង​រក​ជ័យជម្នះ​បន្ថែម​​ទៀត​​តាម​រយៈ​ការ​បំផុស​ទឹក​ចិត្ត​ខ្លួន​ឯង​​ដោយ​យក​គំរូតាម​​កំពូល​អ្នក​​លេង​កណ្ដាប់​ដៃ​​ធ្ងន់​ៗ​បំផុត​ក្នុងកីឡា​ប្រយុទ្ធ​។

សុវណ្ណារី​ បញ្ជាក់​ថា​៖

«ការ​វាយ​គឺជា​ចំណង់ចំណូល​ចិត្ត​ធំ​មួយ​ក្នុងជីវិត​របស់​ខ្ញុំ​នា​ខណៈ​នេះ ដូច្នេះ​ខ្ញុំ​​ព្យាយាម​ហាត់​រៀន​តាម​អ្នក​ប្រយុទ្ធ​ជា​ច្រើន​ផ្សេង​គ្នា​។ អ្នក​ប្រយុទ្ធ​ចម្បង​ដែល​ខ្ញុំ​ហាត់​រៀន​តាម​គឺ Mike Tyson​។ ខ្ញុំ​ពិត​ជា​​ចូល​ចិត្ត​ស្ទីល​វាយ​ដ៏​កាច​និង​ធ្ងន់​ៗ​របស់​គាត់​ណាស់​។ ខ្ញុំ​នឹង​ចម្លង​ស្ទីល​វាយ​របស់​គាត់​»។

ចំពោះ​អ្នក​ប្រយុទ្ធ​របស់​កម្ពុជា​វិញ សុវណ្ណារី ពិបាកក្នុងការជ្រើសរើស​នរណា​ម្នាក់​ជា​គំរូ​នាខណៈនេះ ប៉ុន្តែ​នាងសរសើរ​អ្នក​លេង​ក្បាច់គុន​​ល្បី​ៗ​​មួយ​ចំនួន​របស់​​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ដូច​ជា សំ ថារ័ត្ន, ចាន់ រតនា និង នៅ ស្រីពៅ ជាដើម​។ សុវណ្ណារី និយាយ​ថា​នាង​រីករាយ​ណាស់​ដែល​បាន​ស្គាល់​និង​ជួប​ពួក​គេ ហើយ​នាង​នឹង​ស្វែង​រក​អ្ន​ក​លេង​ក្បាច់​គុន​ពូកែ​ៗ​​ជាច្រើន​នាក់​ទៀត​របស់​កម្ពុជា​ដើម្បី​ច្បិច​យក​ក្បាច់​ល្អ​​ៗ​ពី​ពួក​គេ​។

៣-​នាង​ធ្លាប់​​ជា​សមាជិក​ក្រុម​តន្ត្រី​មួយ​កាល​រៀន​វិទ្យាល័យ​

មិនត្រឹម​តែ​ចេះ​គូ​រ​គំនូរ​យ៉ាង​ស្អាត​និង​​​​ជា​អ្នក​លេង​គុន​ចម្រុះ​ជោគជ័យ​ម្នាក់​ប៉ុណ្ណោះ​ទេ សុវណ្ណារី ថែម​ទាំង​ចេះ​លេងហ្គីតា​យ៉ាង​ស្ទាត់​ទៀត​ផង​ ហើយ​នាង​ធ្លាប់​ជា​សមាជិក​ក្រុម​តន្ត្រី​មួយ​កាល​រៀន​ថ្នាក់​វិទ្យាល័យ​។

សុវណ្ណារី ប្រាប់​ថា​៖

«សព្វ​ថ្ងៃ​ខ្ញុំ​មិន​សូវ​បាន​លេង​ឧបករណ៍​តន្ត្រី​ប៉ុន្មាន​ទេ ប៉ុន្តែ​កាល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ ខ្ញុំ​ពូកែ​លេង​ហ្គីតា​ណាស់​។ ខ្ញុំ​ធ្លាប់​លេង​ហ្គីតា​ឱ្យ​ក្រុម​តន្ត្រីមួយ​។ កាលណោះ​ខ្ញុំ​វក់​នឹង​តន្ត្រី​​ណាស់​។ តន្ត្រី​​បុរាណ​ជា​តន្ត្រី​សំណព្វ​ចិត្ត​របស់​ខ្ញុំ​កាល​មុន តែ​ក្រោយ​មក​ខ្ញុំ​​បាន​ចូល​ក្រុម​តន្ត្រី​សម័យ​ជាមួយ​សង្សារ​ខ្ញុំ​នៅពេលនោះ»។

៤-​វេលាដ៏​មាន​មោទកភាព​បំផុត​​របស់​នាង​គឺ​ពេល​ប្រកួត​នៅ ONE Championship

កីឡាការិនី​​ប្រកប​ដោយ​ទេពកោសល្យ​ដែល​រស់​នៅ​កាលីហ្វ៉ញ៉ា​រូបនេះ​កំពុង​សម្លឹង​ទៅ​រក​ឆ្នាំ២០១៩​ដ៏​ជោគជ័យ​ធំមួយ​ក្នុងនាម​ជា​អ្នក​លេង​គុន​ចម្រុះ​ជំនោរ​ថ្មី​របស់​កម្ពុជា​នៅ ONE Championship។ កាល​ពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ នាង​បាន​ឡើង​សង្វៀន ONE Championship លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ហើយ​ទទួល​បានជ័យជម្នះ​យ៉ាង​កក្រើក​​ក្នុង​ទឹកទី​១​។ ពេលនោះ​​គឺ​ជា​ពេល​​ជា​ទី​មោទកបំផុត​ក្នុង​ជីវិត​របស់នាង​។

សុវណ្ណារី លើក​ឡើង​ថា​៖

«នៅ​ខណៈ​នេះ ជីវិត​ខ្ញុំ​ល្អ ហើយ​គ្រប់​យ៉ាង​ដើរ​ទន្ទឹម​គ្នា​យ៉ាង​រលូន ជា​ពិសេស​ជាមួយ ONE Championship​។ វេលា​ដែល​មាន​មោទកភាព​បំផុត​របស់​ខ្ញុំ​គឺ​នៅ​ពេល​ខ្ញុំ​ឡើង​វ៉ៃ​លើក​ដំបូង​នៅ ONE Championship​។ មូលហេតុ​​ដែល​​ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​​ក្នុងការ​ធ្វើការ​ជាមួយ ONE ​គឺ​​ព្រោះ​ខ្ញុំ​ទទួល​បាន​ឱកាស​ដែល​ខ្ញុំ​មិនធ្លាប់​មាន​ពី​មុន​មក​។ ខ្ញុំ​បាន​ផ្សាភ្ជាប់​ឡើង​វិញ​ជាមួយ​ឫសគល់​​ខ្មែរ​របស់​ខ្ញុំ​និង​ជាមួយ​អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​​ថា​ខ្ញុំ​នឹង​មាន​ឱកាស​ទៅ​លេង​ប្រទេស​ កម្ពុជា​។ កន្លង​មក ​ខ្ញុំ​មិន​ធ្លាប់​ស្រមៃ​ថាអាច​​ទៅ​រួច ប៉ុន្តែ​​ឥឡូវ​នេះ​​ផ្ទុយ​ស្រឡះ​ពី​មុន​»​៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ​៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.