v9
V9BET

សហព័ន្ធម៉ូតូទឹកកម្ពុជា ចង់យកខេត្តព្រះសីហនុ ជាកន្លែងប្រកួតព្រឹត្តិការណ៍អន្តរជាតិ

4 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដែលទើបទទួលបានមោទនភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ តាមរយៈការឈ្នះបានមេដាយមាស១ និងសំរឹទ្ធ១ពីការប្រកួតកីឡាអាស៊ី កាលពីខែសីហា ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី របស់វីរកីឡាករ សាលី អ៊ូមើត នោះ បានគ្រោងតំបន់ឆ្នេរខ្សាច់ នៅខេត្តព្រះសីហនុ ជាកន្លែង សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃអាទិត្យ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូកម្ពុជា បានថ្លែងថា៖

«ចំពោះហេដ្ឋារចនាសម្ព័ន្ធ ដែលយើងត្រូវអភិវឌ្ឍ គឺយើងចង់អភិវឌ្ឍនៅទីកន្លែង ដែលមានសក្តានុពលដូចនៅប្រទេសផ្សេងៗ ហើយនៅកម្ពុជាយើង ឆ្នេរសមុទ្រនៅកំពង់សោម ក្នុងខេត្តព្រះសីហនុ ជាឆ្នេរដែលមានសក្តានុពលល្អ»។

លោក ណុះ ស្លេះ បានបន្ថែមថា៖

«តាមមតិយោបល់ ដែលខ្ញុំទទួលបានពីមិត្តភ័ក្តិតំណាងឲ្យសហព័ន្ធកីឡាម៉ូតូទឹកជាច្រើន នៅអាស៊ី និងនៅលើពិភពលោក ដែលពួកគាត់ធ្លាប់មកលេង និងទស្សនានៅកម្ពុជា គឺពួកគាត់សំណូមពរឲ្យយើងរៀបចំកម្មវិធីប្រកួតនៅខេត្តព្រះសីហនុ ព្រោះជាទីកន្លែងដែលស្អាត និងស័ក្តិសមជាងគេបំផុត គឺខេត្តព្រះសីហនុ មិនត្រឹមតែជាកន្លែងអាចរៀបចំការប្រកួតកីឡាស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែជាទីតាំងដ៏អំណោយផល សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាម៉ូតូទឹក កម្រិតអន្តរជាតិ ផងដែរ ដ្បិតអីទីតាំងនេះមានភាពទាក់ទាងខ្លាំងដល់ភ្ញៀវទេសចរណ៍»។

បន្ថែមទៅលើ ការចង់យកខេត្តព្រះសីហនុ ជាកន្លែងសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍អន្តរជាតិនេះ អង្គប្រជុំរបស់សហព័ន្ធកីឡាម៉ូទឹកកម្ពុជា ក៏គ្រោងស្នើសុំខេត្តនៅជាប់មាត់សមុទ្យ មាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ព្រមទាំងខេត្តនៅជាប់បណ្តោយមាត់ទន្លេ និងស្ទឹង មានខេត្តកំពង់ចាម សៀមរាប ក្រចេះ កណ្តាល និងខេត្តកំពង់ធំ ជាដើម សម្រាប់ជាកន្លែងហ្វឹកហាត់របស់ក្រុមម៉ូតូទឹកផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.