v9
V9BET

លោក យី វាសនា ជំរុញឲ្យក្រុមជនពិការ បន្តខំប្រឹង ដើម្បីដណ្តើមមេដាយ នៅលើឆាកអន្តរជាតិ

4 weeks ago​ | ដោយ V-Dr

អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) លោក យី វាសនា បានធ្វើការលើកទឹកចិត្ត និងជំរុញឲ្យបក្រុមអត្តពលិកជនពិការកម្ពុជា បន្តខំប្រឹង ដើម្បីពង្រឹងគុណភាព និងសមត្ថភាព ឲ្យកាន់តែប្រសើរ សម្រាប់ប្រជែងយកមេដាយ នៅលើឆាកអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក យី វាសនា បានថ្លែងថា៖«នៅពេលនេះ កម្ពុជាកំពុងធ្វើដំណើរ ទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ហើយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ស សុខា គឺខ្ញុំបានជជែកគ្នាជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងម៉េច យើងអាចលើកតម្កើងទាំងជីវភាពរស់នៅ គុណភាពបច្ចេកទេស និងសមត្ថភាពរបស់ប្អូនៗជាជនពិការ សម្រាប់ត្រៀមការប្រកួតនោះ ដែលយើងសង្ឃឹមថា នឹងមានអត្តពលិកជនពិការកម្ពុជាមិនតិចជាង៣០០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ ឆ្នាំ២០២៣»។

ការលើកឡើងរបស់លោក យី វាសនា ត្រូវបានធ្វើឡើង នៅក្នុងពិធីបើកការប្រកួតកីឡាអត្តពលិកជនពិការ លើកទី៣ ឆ្នាំ២០១៩ ដែលបានរៀបចំឡើង នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃសុក្រនេះ ហើយព្រឹត្តិការណ៍ ដែលគ្រោងបញ្ចប់នៅថ្ងៃសៅរ៍ស្អែកនេះ គឺមានអត្តពលិកជនពិការចូលរួមជាតិ១៥០នាក់។

នៅក្នុងការប្រកួតកាលពីព្រឹកមិញនេះ ក្រុមអត្តពលិកជនពិការ ដែលមានទាំងក្រុមអាជីព និងមហាជននោះ គឺបានប្រឹងប្រែងប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ហើយដៃគូសហការរៀបចំដ៏សំខាន់របស់ NPCC គឺអង្គការបេះដូងមាសរបស់ជប៉ុន ក៏បានរៀបចំឲ្យមានជាកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនជនពិការ បានចូលរួមលេងកម្សាន្ត យ៉ាងសប្បាយផងដែរ។
ជាមួយគ្នានោះ លោក យី វាសនា ក៏បានជំរុញ និងលើកទឹកចិត្តដល់អត្តពលិកក្រុមជម្រើសជាតិជនពិការ បន្តប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីប្រជែងយកមេដាយ ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសហ្វីលីពីន នាដើមឆ្នាំ២០២០ ផងដែរ។

លោកបាននិយាយថា៖

«នៅឆ្នាំ២០១៩នេះ យើងបានត្រៀមលក្ខណៈច្រើន ដោយយើងបានជ្រើសរើសក្រុមជម្រើសជាតិរួចហើយ ហើយជម្រើសជាតិនេះ នឹងដាក់ឲ្យហ្វឹកហាត់រយៈពេល១ឆ្នាំ ក្នុងការត្រៀមលក្ខណៈប្រកួតខ្នាតជាតិ ខ្នាតអន្តរជាតិ ពិសេសចូលរួមអាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីន ដែលគ្រោងនឹងធ្វើឡើង នៅខែមករា ឆ្នាំ២០២០»។

លោក យី វាសនា បានបញ្ជាក់ថា៖

«ហេតុនេះសូមប្អូនៗទាំងអស់គ្នា ត្រៀមលក្ខណៈ ដើម្បីយកមេដាយជាកិត្តិយសជូនក្រុមគ្រួសារយើង មិត្តភក្តិយើង ដែលជាជនពិការ និងជូនសង្គមជាតិយើង ដែលធ្វើឲ្យយើងមានឥទ្ធិពល នៅក្នុងតំបន់អាស៊ាន និងអាស៊ី ព្រោះកាលណា យើងកសាងបានសមិទ្ធផលទាំងអស់នោះ គឺឈ្មោះកម្ពុជាយើង នឹងកាន់តែល្បី នៅលើឆាកអន្តរជាតិ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.