v9
V9BET

រកឃើញអ្នកខ្លាំងផ្នែកអត្តពលកម្ម ប្រចាំនៅភ្នំពេញ ត្រៀមទៅប្រកួត School Game

4 months ago​ | ដោយ V-Dr

អត្តពលិកផ្នែកកីឡាអត្តពលកម្ម ជាសិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន២៤នាក់ នឹងត្រូវបានចាត់ជាបេក្ខភាពតំណាងឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សម្រាប់ការប្រកួតកីឡា School Game 2019 ដែលនឹងចាប់ប្រកួតជាលើកដំបូង នៅខែឧសភា ខាងមុខនេះ។

ការទទួលបានសិទ្ធិឡើងទៅប្រកួត School Game របស់អត្តពលិកជាសិស្សានុសិស្សទាំង២៤នាក់នេះ គឺបន្ទាប់ពីពួកគេ ប្រជែងបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតកីឡាអត្តពលកម្មសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០១៩ ដែលបានបញ្ចប់កាលពីម្សិលមិញ។

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញត្រឹមរយៈពេល២ថ្ងៃ នៅពហុកីឡដ្ឋានជាតិនោះ គឺមានអត្តពលិកជាសិស្សអនុវិទ្យាល័យ និងវិទ្យាល័យជាង២០០នាក់ បានចូលរួម ហើយជាលទ្ធផលនៃការប្រកួត ផ្នែកវិទ្យាល័យ ដែលមាន១៩វិទ្យាល័យចូលរួមនោះ កីឡាការិនី សិទ្ធិ វត្តី របស់វិទ្យាល័យព្រែកថ្មី ទទួលបានលេខ១ លើការលោតកម្ពស់ ឯផ្នែកបុរសបានទៅ ភ លីហ៍ របស់វិ.ចំរើនផល ហើយវិញ្ញាសាលោតចម្ងាយលេខ១បានទៅកីឡាការិនី ម៉េត ម៉ារីយ៉ាន របស់វិ.ព្រះស៊ីសុវត្ថិ និងកីឡាករ ឈៀង ភូឈីត របស់សាលាសុវណ្ណភូមិ។

ចំណែកការប្រកួតចោលដុំដែក លេខ១បានទៅកីឡាការិនី សៅ សៀកលីញ របស់វិ.ចំរើនផល ឯផ្នែកបុរស លេខ១បុរស បានទៅកីឡាករ ម៉ី វេទី របស់វិ.កំបូល ហើយការរត់ល្បឿន១០០ម៉ែត្រ លេខ១បានទៅកីឡាការិនី ប៉ែន សីហា និងកីឡាករ យ៉ាត វិទូចាន់ទិវា របស់វិ.បាក់ទូក។

ចំពោះការរត់ចម្ងាយ៣គីឡូម៉ែត្រ លេខ១បានទៅកីឡាការិនី ឃនសាត ពេជ្របូរណ៍មី របស់វិ.ព្រះស៊ីសុវត្ថិ ឯការរត់ចម្ងាយ៥គីឡូម៉ែត្រ កីឡាករ ឃ្លាំង សប៊ុនណារ៉ា របស់វិ.បាក់ទូក បានលេខ១ ហើយប្រកួតដើរចម្ងាយ៤គីឡូម៉ែត្រផ្នែកនារី លេខ១បានទៅ យ៉ាត ពិទូសិរីវឌ្ឍា របស់សាលាមេតូឌីស និងការដើរចម្ងាយ៨គីឡូម៉ែត្របុរស លេខ១បានទៅ គូ សុកថា មកពីវិ.ឫស្សីកែវ។

ដោយឡែកការប្រកួតផ្នែកអនុវិទ្យាល័យ ដែលមាន១៦អនុវិទ្យាចូលរួមនោះ កីឡាការិនី រ័ត្ន ណារី អនុវិទ្យាល័យបាក់ខែង និងកីឡាករ ជឿន សុខឧស្សាហ៍ របស់អនុវិ.វត្តក្នុង ទទួលបានលេខ១ លើវិញ្ញាសាលោតកម្ពស់ តែការប្រកួតលោតចម្ងាយ លេខ១បានទៅកីឡាការិនី លឹម ម៉េងហ័ង មកពីអនុ.បាក់ទូក និងកីឡាករ ស៊ាត ណារ៉ាត់ របស់អនុ.សុធារស ហើយការប្រកួតចោលដុំដែក កីឡាការិនី ហុន សារឿន របស់អនុ.ហ៊ុនសែនពញ្ញាពន់ និងកីឡាករ ឆាយ រិទ្ធី មកពីអនុ.ដង្កោ ជាអ្នកទទួលបានលេខ១។

ចំពោះការរត់ល្បឿនចម្ងាយ១០០ម៉ែត្រ លេខ១បានទៅកីឡាករ ឡា ស្រីរ័ត្ន មកពីអនុ.ជន្លង់ម្លូ និងកីឡាករ គង់ សេងហួរ របស់អនុ.ចតុមុខ ឯការរត់ចម្ងាយ៣គីឡូម៉ែត្រផ្នែកនារី លេខ១បានទៅ ទូច រក្សា របស់អនុ.ត្រណាំងសាលា។

ចំណែក លេខ១ការរត់ចម្ងាយ៥គីឡូម៉ែត្រ បានទៅកីឡាករ ថៃ ធុច របស់អនុ.ត្រពាំងសាលា ហើយការដើរចម្ងាយ៤គីឡូម៉ែត្រ លេខ១បានទៅកីឡាការិនី ពៅ វណ្ណារី មកពីអនុ.បាក់ខែង និងលេខ១ការដើរចម្ងាយ៨គីឡូម៉ែត្រ បានទៅកីឡាករ នី តូទីន មកពីអនុ.បាក់ខែង ដូចគ្នា។

ទាក់ទងការប្រកួតនេះ មន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា កីឡាករ កីឡាការិនី ជាសិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន២៤នាក់ ដែលទទួលបានលេខ១ លើការប្រកួតទាំង១២វិញ្ញាសានោះ នឹងទទួលបានឱកាសឡើងទៅប្រកួតបន្តទៀត នៅក្នុងព្រឹត្តិការណ៍ School Game 2019 ដែលនឹងគ្រោងធ្វើនៅខែឧសភា ខាងមុខនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.