v9
V9BET

គង់ សំបូរ ស្កប់​ចិត្ត​​​នឹង​​បរាជ័យ​​​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ទល់​គូ​ប្រកួត​​លំដាប់​ពិភពលោក​

4 months ago​ | ដោយ V-Dr

កីឡាករ​ក្លិប​អាណាចក្រ​ប្រយុទ្ធ (KFG) គង់​ សំបូរ វិះ​​នឹង​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត ONE Super Series លើក​ដំបូង​របស់​​គេ​​នៅ ONE: CALL TO GREATNESS កាល​ពី​ថ្ងៃ​សុក្រ​ទី​២២ ​​ខែ​កុម្ភៈ​។

អ្នក​ប្រដាល់​កម្ពុជា​វ័យ ​២៣​ឆ្នាំ​បានប្រឈម​នឹង​ការ​ល្បង​សមត្ថភាព​ដ៏​​តានតឹង​មួយ​ទល់​នឹង​ជើងឯក Top King Muay Thai World Champion: Zhang Chenglong ប៉ុន្តែ​​គេ​បាន​ជោគជ័យ​ក្នុង​ការ​បង្ហាញ​​ជំនាញ​គុន​ខ្មែរ​ប្រកប​ដោយ​ថាមពល​នៅ​ពី​មុខ​ទស្សនិកជន​​សិង្ហបុរី​ដ៏​ក្លៀវក្លា​។

ក្រោយ​ប្រកួត​គ្នា ​៣​ទឹក​យ៉ាង​ស្វិតស្វាញ ចៅក្រម​ម្នាក់​បាន​ផ្ដល់​ពិន្ទុ​ឱ្យ សំបូរ ឈ្នះ ខណៈ​ចៅក្រម​ពីរ​រូប​ផ្សេង​ទៀត​ផ្ដល់​ពិន្ទុ​ឱ្យ Zhang ឈ្នះ​។

លោក Kwok Leung Tsang អ្នក​ដឹកនាំ​ក្លិប KFG និយាយ​ថា​៖ «

សំបូរ​​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​​ក្នុងពេល​ត្រៀម​លក្ខណៈ​។ ជាអកុសល លទ្ធផល​ចេញ​មក​មិន​ដូច​អ្វី​ដែល​ពួក​យើង​បាន​ប៉ង​ ប៉ុន្តែ​ខ្ញុំ​​ប្រាកដ​ថា​តាម​រយៈ​បទ​ពិសោធ​លើក​​នេះ ការ​ប្រកួត​បន្ទាប់​នឹង​ខុស​ពីនេះ

»។

ក្នុង​នាម​ជា​គូ​សំខាន់​​ទី​១​​នៃ​​ព្រឹត្តិការណ៍ សំបូរ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​យ៉ាង​លឿន ដោយ​បោះ​ជើង​ទាត់​លើ​ខ្លាំង​ៗ​ជា​ច្រើន​ជើង​ដើម្បី​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​កីឡាករ​ចិន​រហស្សនាម “Muay Thai Boy”​។

ទោះ​បី​ត្រូវ សំបូរ​ ដេញ​ឱ្យ​ថយ​ក៏​ដោយ ប៉ុន្តែ​អ្នក​ប្រដាល់​ចិន​ដ៏​មានទេពកោសល្យ​អាច​រក​វិធី​តប​ត​វិញ​បាន​​និង​បាន​បោះ​កណ្ដាប់​ដៃ​ចំ​ៗ​ពេញ​ៗ​ពីរ​ដៃ​លើ​កីឡាករ​វ័យ​ក្មេង​កម្ពុជា​។

ក្រោយ​ចាញ់​ទឹក​ទី​១ Zhang បាន​បង្កើន​ល្បឿន​នៅ​ក្នុង​ទឹក​ទី​២ ​ហើយ​បាន​ចេញ​ទាំង​ជើង​និង​កណ្ដាប់​ដៃ ខណៈ សំបូរ នៅ​តែ​ប្រើ​ក្បាច់​ទាត់​ដែល​គេ​បាន​គ្រោង​ទុក​។

Zhang ​បាន​ត្រួតត្រា​ទឹក​ទី​៣​​សឹង​ទាំង​ស្រុង​ ប៉ុន្តែ សំបូរ មិន​ចុះ​ញ៉ម​ឡើយ​ហើយ​រក្សា​បាន​លំនឹង​​ទល់​នឹង​​ជើងឯក​មួយថៃ​ពិភពលោក​ដ៏​ចំណាន​។

ថ្វី​បើ​នេះ​ជា​ការ​ប្រកួត​លើក​ទី​១ របស់ សំបូរ នៅ​ក្រៅ​ប្រទេស​និង​ជា​លើក​ដំបូង​របស់​គេ​ក្នុង​ស្ថាប័ន​ក្បាច់​គុនធំ​បំផុត​លើ​ពិភពលោក​ក្ដី តែ​គេ​បាន​រក្សា​ជំហរ​រឹងមាំ​ទាំង​មុននិង​ក្រោយ​ពេល​ចៅក្រម​ផ្ដល់​ពិន្ទុ​​ការ​ប្រកួត​ kickboxing ទម្ងន់ bantamweight នេះ​​ឱ្យ​គូ​ប្រកួត​របស់​គេ​ឈ្នះ​។

លោក Leung Tsang និយាយ​ថា​៖ «

ខ្ញុំ​គិត​ថា​ទឹក​ទី​១​និង​ទី​២​ប្រហាក់​ប្រហែល​គ្នា ហើយ​នៅ​ទឹក​ទី​៣​វា​ច្បាស់​ហើយ​ថា Zhang ក្លៀវក្លា​ជាង​និង​រក​បាន​ពិន្ទុ​ច្រើន​ជាង។ លទ្ធផល​អាច​គេ​អាច​យើង ហើយ​ការ​​សម្រេច​ចិត្ត​ផ្ដល់​ជ័យជម្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​នៅ​តែ​ជា​លទ្ធផល​គួរ​ឱ្យ​សរសើរ​មួយ​សម្រាប់​កីឡាករ​ម្នាក់​ដែលទើប​ប្រកួត​លើក​​ដំបូង

»។

ពេលខ្លះ សំបូរ ហាក់ភាន់ភាំង​នឹង​ច្បាប់ kickboxing ហើយ​ថ្នាក់​ដឹកនាំ​ក្លិប KFG បាន​គិត​ថា​ចំណុច​នេះ​អាច​ពន្យល់​បាន​ថា​ដោយសារ​កង្វះ​​បទ​ពិសោធ​ក្នុង​កីឡា​ប្រភេទ​នេះ​។

សរុប​ជារួម សំបូរ និង​ក្រុម​របស់​គេ​រីករាយ​ចំពោះ​ការ​ចេញ​ប្រកួត​លើក​ដំបូង​របស់​គេ​​ក្នុង ONE Super Series ហើយ​ក្លិបប្រដាល់​​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​​ពេលនេះ​កំពុងសម្លឹង​ទៅ​កាន់​ការ​ប្រមូល​ផ្ដុំ​ឡើង​វិញ​និង​រង់​ចាំ​ការ​ប្រកួត​បន្ទាប់​ដែល​អាច​ជា​ការ​ប្រកួត kickboxing ឬ​ Muay Thai​។

រឿង​ប្រាកដ​មួយ​គឺ​ថា​បទ​ពិសោធ​លើក​ដំបូង​របស់​ក្លិប​ប្រដាល់​ KFG ក្នុង​ស្ថាប័ន ONE Championship បាន​ធ្វើ​​ឱ្យ​ពួក​គេ​មាន​ភាព​ស្រេក​ឃ្លាន​​ក្នុងការ​ចង់​មក​ប្រកួត​ទៀត​។

លោក Leung Tsang បញ្ជាក់​ថា៖ «

អ្នក​មិន​អាច​បរិយាយ​បាន​ទេ។ វាជា​ស្ថាប័ន​ដ៏​ធំ​​និង​រៀប​ចំ​បាន​ល្អ​មែនទែន​។ វា​អស្ចារ្យ​ណាស់​ ហើយ​ការ​ទទួល​បាន​ឱកាស​មក​ប្រកួត​លើ​ឆាក​ពិភពលោក​ទល់​នឹង​អ្នក​ប្រយុទ្ធ​លំដាប់​ពិភពលោក​ដូច្នេះ​គឺ​មហស្ចារ្យ​ណាស់

»៕

អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.