v9
V9BET

ក្រុមបាល់ទះឆ្នេរខ្សាច់របស់ក្រិក ផ្តួលក្រុមអាមេរិក ដើម្បីគ្រងជើងឯកប្រចាំមណ្ឌលភ្នំពេញ

3 months ago​ | ដោយ V-Dr

កីឡាការិនីដ៏មានបទពិសោធរបស់ប្រទេសក្រិក Arvaniti និង Karagkouni បានប្រើពេលត្រឹម ២សិត ក្នុងការយកឈ្នះលើកីឡាការិនីរបស់អាមេរិក Dowdy និង Quiggle ដើម្បីក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩ ប្រចាំនៅមណ្ឌលរាជធានីភ្នំពេញ ខណៈក្រុមជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ៣។

តាមរយៈការប្រកួតចំនួន៤ថ្ងៃ នៅលើទីលានឆ្នេរខ្សាច់ ដែលត្រូវបានរៀបចំឡើង នៅមុខសាលមហោស្រពកោះពេជ្រ និងបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ក្រុមបាល់ទះឆ្នេរខ្សាច់របស់ក្រិក និងអាមេរិក ធ្វើបានយ៉ាងល្អបំផុត នៅក្នុងការប្រកួតជម្រុះតាមពូល និងការប្រកួតជម្រុះវគ្គ១៦ក្រុម។

ចំណែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យនោះដែរ កីឡាការិនី Arvaniti និង Karagkouni របស់ក្រិក បានរួមគ្នាទម្លាក់កីឡាករ Chiyo និង Sakaguchi របស់ជប៉ុន ២សិតដាច់ជាមួយគ្រាប់បាល់ ២១-១៤ និង ២១-៩ ចំណែកកីឡាការិនីរបស់អាមេរិក Dowdy និង Quiggle បានយកឈ្នះកីឡាការិនី Udomchavee និង Numwong របស់ថៃ ២-០ ជាមួយគ្រាប់បាល់ ២១-១៦ និង ២១-១៨។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង ក្រោមក្រសែភ្នែកអ្នកទស្សនាយ៉ាងច្រើននោះ Dowdy និង Quiggle មិនអាចទប់ទល់ជាមួយកីឡាការិនី Arvaniti និង Karagkouni របស់ក្រិកបាននោះទេ គឺក្រុមកីឡាការិនីរបស់អាមេរិកទាំង២នាក់នេះ បានចាញ់២សិតដាច់តែម្តង ជាមួយគ្រាប់បាល់ ២១-១៤ និង ២១-១៧។

ចំណែកក្រុមកីឡាការិនីរបស់ជប៉ុន បានយកឈ្នះក្រុមកីឡាការិនីរបស់ថៃ ២-១ គឺជាមួយគ្រាប់បាល់ ១២-២១ ២៣-២១ និង ១៥-១២ ហើយលទ្ធផលនេះបានជួយឲ្យក្រុមលេខ១របស់ក្រិត ក្រុមលេខ២របស់អាមេរិក និងក្រុមលេខ៣របស់ជប៉ុន មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour Olympics 2020 ដើម្បីឈានទៅរកការឈ្នះជើងឯកពិភពលោក។

ផ្ទុយពីនេះក្រុមបាល់ទះឆ្នេរខ្សាច់ទាំង២ក្រុមរបស់កម្ពុជា គឺកីឡាការិនី ចាន់ដា និង ស្រីណេត រួមទាំងកីឡាការិនី ចាន់សុភី និង កញ្ញា សុទ្ធតែបានធ្លាក់ត្រឹមវគ្គជម្រុះជាមួយការចាញ់គូប្រកួតចំនួន២លើក និងក្នុងលទ្ធផល ២-០ ដូចគ្នា ខណៈព្រឹត្តិការណ៍នេះមានប្រទេសជាច្រើនបានចូលរួម ក្នុងនោះមាន ជប៉ុន ឆេក ថៃ សហរដ្ឋអាមេរិក ចិនតៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ីប អ៊ីស្រាអែល សិង្ហបុរី អាល្លឺម៉ង់ ក្រិក និងស៊ុយអែត ជាដើម៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.