v9
V9BET

រឿង សោភ័ណ្ឌ តាំងចិត្តយកឈ្នះម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័នរបស់ថៃ ដែលល្បីថាសម្បូរបទពិសោធ

1 month ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍ បាននឹងកំពុងដាក់ចិត្តខ្លាំង ទៅលើការហ្វឹកហាត់ពង្រឹងសមត្ថភាព ព្រោះនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ រូបគេ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃធ្លាប់ឈ្នះបានខ្សែក្រវាត់ច្រើនស្ថាប័ន ស៊ីងមុន្នី នៅក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដែលនឹងត្រូវធ្វើនៅខេត្តបាត់ដំបង ម្តុំផ្សារភូពុយ។

សម្រាប់ការប្រកួតតាមខេត្ត ដែលចាប់ផ្តើមពីល្ងាចម៉ោង៥តទៅនោះ រឿង សោភ័ណ្ឌ បានចាត់ទុក ស៊ីងមុន្នី ថាជាកីឡាករ ដែលមានបទពិសោធប្រកួត និងធ្លាប់ប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗ ហើយធ្លាប់បានឈ្នះខ្សែក្រវាត់ជាច្រើនទៀតផង ដែលរូបគេត្រូវប្រឹងប្រែងយកឈ្នះឲ្យបាន។

រឿង សោភ័ណ្ឌ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «ខ្ញុំត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតនេះ ព្រោះ ស៊ីងមុន្នី ជាខ្លាចាស់មួយរូប ដែលមានបទពិសោធប្រកួតនៅសង្វៀនធំៗច្រើនជាងរូបខ្ញុំ ហើយក៏បានឈ្នះខ្សែក្រវាត់ច្រើនគ្រឿងផងដែរ។ សោភ័ណ្ឌ បន្ថែមទៀតថា៖ «ស៊ីងមុន្នី មានក្បាច់ល្អច្រើនទាំងបច្ចេកទេសផងដែរ ប៉ុន្តែសម្រាប់ខ្ញុំ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះឲ្យបាន»។

គួរបញ្ជាក់ថា កីឡាករ ស៊ីងមុន្នី បានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹកទៅហើយ ព្រោះបច្ចុប្បន្ន កីឡាករមានអាយុ៣៨ឆ្នាំរូបនេះ កំពុងធ្វើជាគ្រូបង្វឹកប្រដាល់នៅប្រទេសចិន។ យ៉ាងណាក៏ដោយ បទពិសោធប្រកួត ដែលធ្លាប់ប្រកួតនៅលើសង្វៀនធំៗ និងការធ្លាប់ឈ្នះខ្សែក្រវាត់ Thai Fight ផងនោះ វាធ្វើឲ្យខ្លាចាស់របស់ថៃរូបនេះ នៅតែមានសមត្ថភាពខ្លាំង និងបច្ចេកទេសប្រកួតល្អ ខណៈការប្រកួតខ្លួន នៅលើសង្វៀន CNC កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ស៊ីងមុន្នី បានផ្តួលជើងខ្លាំង វង្ស ណយ ឲ្យសន្លប់នៅទឹកទី៣៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.