v9
V9BET

ម្ចាស់ក្លឹបអាណាចក្រប្រយុទ្ធថា គង់ សំបូរ នឹងប្រកួតឲ្យផ្ទុះឆាក ONE Championship នៅសិង្ហបុរី

2 months ago​ | ដោយ V-Dr

ក្រោយពីទទួលបានផ្លែផ្កាច្រើនពីអាជីពប្រដាល់សេរីនៅក្នុងស្រុក គង់ សំបូរ ដែលសព្វថ្ងៃហ្វឹកហាត់នៅក្លឹប «អាណាចក្រប្រយុទ្ធ» ទទួលបានឱកាសដ៏ពិសេសមួយដើម្បីបញ្ចេញស្នាដៃនៅសង្វៀនពិភពលោក ONE Championship នៅថ្ងៃសុក្រ ទី២២ ខែកុម្ភះសប្តាហ៍នេះ។

ខណៈពេលនេះ គាត់បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហើយ ក្នុងនោះក៏មានស្ថាបនិកក្លឹប KFG លោក Kwok Leung Tsang និងលោកគ្រូបង្វឹក ជា រិទ្ធ ដើម្បីត្រៀមរួចរាល់សម្រាប់ប៉ះគូប្រកួតជនជាតិចិន Zhang Chenlong ក្នុងការប្រកួត kickboxing បែបទម្ងន់ ៦៥.៨គក។

Kwok Leung ម្ចាស់ក្លឹប KFG រៀបរាប់ថា៖ «វាជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់គាត់។ លើកទីមួយហើយបានប្រកួតក្រៅប្រទេសពីកម្ពុជាទៅសិង្ហបុរី ទឹកដីខុសគ្នាឆ្ងាយដូចមេឃនិងដី»។

កីឡាករកម្ពុជាវ័យ២៣ឆ្នាំ ដែលមានទីលំនៅនៅខេត្តសៀមរាប ដំបូងឡើយត្រូវបានគេដាក់ឲ្យប្រកួតក្នុងតារាងគូបឋម ប៉ុន្តែបន្ទាប់មកត្រូវបានផ្លាស់ប្តូរឲ្យប្រកួតក្នុងតារាងគូសំខាន់វិញ នេះរឹតតែទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទូទាំងពិភពលោកកាន់តែខ្លាំងថែមទៀត។

មុនការប្រកួតខាងមុខនេះ ក្រុមការងារទាំងមូលបានសិក្សាស្នៀតត្រៀមទប់ទល់គូប្រកួតភាគីចិនយ៉ាងហ្មត់ចត់ ហើយបង្ហើបថាមានគម្រោងធ្វើឲ្យជនរួមជាតិភ្ញាក់ផ្អើលតែម្តង។

Kwok Leung ពន្យល់៖ «បើសិនប្រៀបធៀបគុនខ្មែរទូទៅ ជាមួយ kickboxing វាខុសគ្នាខ្លាំងខាងល្បឿនទាត់»

«យើងនឹងបង្កើនល្បឿនចូលពីស្នៀតមួយទៅមួយទៀតឲ្យរហ័ស បន្តចូលរហូតដៃគូអត់មានឱកាស កាត់បន្ថយការចាំ និងកាត់បន្ថយការរង»។

សំបូរ និងក្រុមទាំងមូលទទួលស្គាល់ថា Zhang ជាកីឡាករល្អម្នាក់ ជាពិសេសមានគេសរសើរគាត់ច្រើននៅក្នុងស្ថាប័នប្រដាល់ដូចជាGLORY Kickboxing ជាដើម។ ទោះយ៉ាងនោះក្តី ពួកគេទទួលស្វាគនម៍ជានិច្ចនូវការប្រកួតលើកដំបូងនេះ ហើយសន្យាថានឹងធ្វើឲ្យបានប្រសើរផងដែរ។

«Zhang ជាអ្នកប្រដាល់យ៉ាងកម្រោល និងចូលមិនចេះថយ។ អ្នកទស្សនាគេចូលចិត្តអ្នកប្រយុទ្ធបែបអីចឹង ហើយនោះគឺអ្វីដែលយើងនឹងបង្ហាញ»។

កម្ពុជា កំពុងមានសន្ទុះខាងចលនាអ្នកស្នេហាវិស័យក្បាច់គុនច្រើនសម្បើមណាស់ក្នុងពេលថ្មីៗនេះ។ អំឡុងពេលឆ្លងឆ្នាំ២០១៨ ចូល២០១៩ ព្រះរាជាណាចក្រកម្ពុជាបានទទួលការកោតសរសើរខ្ពស់នៅសង្វៀនព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ទីក្រុងកូឡាឡាំពួរ រីឯថ្មីថ្មោងនេះ នៅ ស្រីពៅ ក៏បានបំបាក់តារាប្រដាល់ដ៏ល្បី Rika Ishige នៅទីក្រុងបាងកកទៀត រឹតតែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង។

Kwok Leung ពោលថា៖ «កម្ពុជាកំពុងឡើងកូដហើយ ឥឡូវមានកីឡាករច្រើនណាស់ក្នុងស្ថាប័ន ONE។ វាឡូយម្យ៉ាង ហើយក៏រំភើបពេលឃើញបែបនេះដែរ»។

ដោយមានវត្តមានកីឡាករកម្ពុជា គង់ សំបូរ និង ខុន ស៊ីចាន់ ឡើងទៅប្រកួតនៅឯកីឡដ្ឋានប្រទេសសិង្ហបុរី ថ្ងៃសុក្រនេះ កម្ពុជាប្រាកដជាអាចបង្ហាញពិភពលោកកាន់តែច្បាស់ទៀតពីភាពខ្លាំងខ្លារបស់គុនខ្មែរ និងកីឡាករកម្ពុជាផងដែរ។

ម្ចាស់ក្លឹប KFG ប្រាប់ចុងក្រោយថា៖ «យើងមកនេះដើម្បីតំណាងឲ្យកម្ពុជា ហើយយើងនឹងប្រកួតឲ្យផ្ទុះឆាកតែម្តង!»

កែសម្រួលដោយ​៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.