v9
V9BET

រិទ្ធ ភូលូ និង ចាន់ ប៊ុនហឿន ប្រមូលលុយបានយ៉ាងច្រើន ក្រោយផ្តួលថៃឲ្យសន្លប់

8 months ago​ | ដោយ V-Dr

កីឡាករជើងថ្មីរបស់កម្ពុជា រិទ្ធ ភូលូ និង ចាន់ ប៊ុនហឿន បាននឹងកំពុងក្រសោបបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកគាំទ្រ ហើយការផ្តួលអ្នកប្រយុទ្ធថៃឲ្យសន្លប់ដូចគ្នា នៅលើសង្វៀនបាយ័ន កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ បានធ្វើឲ្យពួកគេ ទទួលបានលុយយ៉ាងច្រើន។

នៅក្នុងការប្រកួតនោះ រិទ្ធ ភូលូ ដែលទើបបានផ្តួលថៃឲ្យសន្លប់ត្រឹមទឹកទី១ សម្រាប់ការចេញទៅប្រកួតនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ បានប្រើពេល៣ទឹក ក្នុងការផ្តួលថៃ ឃុំភេត ឲ្យសន្លប់ ដោយការម៉ាត់ឆ្វេង និងបន្ថែមការបុកជង្គង់ឆ្វេង ខណៈការប្រកួតនេះ គឺអ្នកទាំង២បានវ៉ៃប្តូរគ្នាទៅវិញទៅមក យ៉ាងជក់ចិត្តបំផុត។

ការផ្តួលថៃ ឃុំភេត ឲ្យសន្លប់ត្រឹមទឹកទី៣នេះ បានក្លាយជាកំណត់ត្រាដ៏ល្អដែលកីឡាករជំនាន់ក្រោយ រិទ្ធ ភូលូ ធ្វើបាន ព្រោះថៃម្នាក់នេះ ធ្លាប់ចាញ់ជើងខ្លាំងរបស់កម្ពុជា ផល សោភ័ណ្ឌ និង ឃីម ឌីម៉ា ត្រឹមពិន្ទុប៉ុណ្ណោះ និងធ្លាប់បានសន្លប់ក្រោមផ្លែកែងរបស់ ឡៅ ចន្ទ្រា នៅទឹកទី៣ ផងដែរ។
អ្នកទស្សនាផ្ទាល់ មានការពេញចិត្តខ្លាំងទៅលើការប្រកួតរបស់ រិទ្ធ ភូលូ ហើយគ្រាន់តែការប្រកួតបានបញ្ចប់ភ្លាម ពួកគេបានរ៉ៃអង្គាសលុយឲ្យ រិទ្ធ ភូលូ យ៉ាងច្រើន បន្ថែមទៅលើទឹកប្រាក់១លានរៀល ដែល ភូលូ ទទួលបានពីម្ចាស់ឧបត្ថម្ភ ចំពោះការផ្តួលថៃឲ្យសន្លប់ ក្នុងរង្វង់ត្រឹម៣ទឹកនេះ។

ចំណែក ចាន់ ប៊ុនហឿន បានប្រើពេលតែជាង២នាទីប៉ុណ្ណោះ ក្នុងការផ្តួលថៃ ប៉ែតសែនឡេក ឲ្យសន្លប់ក្នុងទឹកទី១ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីខារ៉ាបាវចំនួន១លានរៀលដែរ ហើយ ប៊ុនហឿន ក៏ទទួលបានការឧបត្ថម្ភផ្ទាល់ ពីអ្នកទស្សនាច្រើនគួរសមផងដែរ។

សកម្មភាពរ៉ៃអង្គាសប្រាក់របស់អ្នកទស្សនាផ្ទាល់ ទៅឲ្យកីឡាករកម្ពុជា ពេលពួកគេផ្តួលកីឡាករបរទេសឲ្យសន្លប់នេះ បានក្លាយជារូបភាពដ៏ល្អ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន ហើយក៏បានលើកទឹកចិត្តកីឡាករកម្ពុជា ឲ្យកាន់តែមានទឹកចិត្ត ក្នុងការប្រកួតជាមួយបរទេសផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.