v9
V9BET

NPCC ចាប់ផ្តើមប្រកួតជ្រើសរើសអត្តពលិកជនពិការ ចូលក្រុមជម្រើសជាតិ ថ្ងៃនេះ

6 months ago​ | ដោយ V-Dr

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហៅកាត់ថា NPCC បានចាប់ដំណើរការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីជនពិការ នៅថ្ងៃនេះ ដើម្បីរកអ្នកមានសមត្ថភាព និងទេពកោសល្យ ដាក់ឲ្យហ្វឹកហាត់ ក្នុងការប្រមូលផ្តុំជាក្រុមជម្រើសជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១៩នេះ។

តាមតារាងកម្មវិធីប្រកួតនៃសហព័ន្ធកីឡាជាតិនីមួយៗ របស់ NPCC បានចែកជូន កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ បានឲ្យដឹងថា ការប្រកួតជ្រើសរើសអត្តពលិកជម្រើសជាតិ និងត្រៀមជម្រើសជាតិប្រចាំឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងនៅលើប្រភេទកីឡាចំនួន១០ ហើយការប្រកួត នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ។

ចំពោះសហព័ន្ធកីឡាជនពិការទាំង១០ ដែលតម្រូវឲ្យមានការប្រកួតប្រជែង រកអ្នកមានសមត្ថភាព ត្រៀមដាក់ចូលឲ្យហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនេះ រួមមានបាល់បោះជនពិការភ្នែក កីឡាលើកទម្ងន់ជនពិការភ្នែក បាល់ទះអង្គុយជនពិការ ហែលទឹកជនពិការ បាញ់ធ្នូជនពិការ វាយកូនឃ្លីលើតុជនពិការ កីឡាអត្តពលកម្មជនពិការ កីឡាបូស្យា បាល់បោះជិះរទេះជនពិការ និងកីឡាបាល់ទាត់ចលករខួរក្បាល។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតនេះ NPCC នៅមិនទាន់បានបញ្ជាក់ពីចំនួនអត្តពលិកជនពិការ ដែលត្រូវជ្រើសរើសចេញពីប្រភេទកីឡានីមួយៗ សម្រាប់ដាក់ឲ្យប្រមូលផ្តុំ នៅឡើយទេ ប៉ុន្តែបើតាមតារាងកំណត់ចំនួនប្រមូលផ្តុំក្រុមជម្រើសជាតិ ឆ្នាំ២០១៩ ជាបឋម គឺនៅឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតិឲ្យមានការប្រមូលផ្តុំក្រុមកីឡាជនពិការ នៅកីឡាករ២០នាក់ កីឡាការិនី១០នាក់ គ្រូបង្វឹក១០នាក់ និងអនុរក្ស២នាក់ គឺច្រើនជាងឆ្នាំ២០១៨ ដែលមានអនុញ្ញាតិឲ្យកីឡាករត្រឹម១៧នាក់ កីឡាការិនី៥នាក់ គ្រូបង្វឹក៨នាក់ និងអនុរក្ស២នាក់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.