v9
V9BET

ឯម សុវណ្ណារី ប្រាប់ពីគន្លឹះប្រារព្ធថ្ងៃនៃក្តីស្រលាញ់ឲ្យមានន័យ

5 months ago​ | ដោយ V-Dr

កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី កាលពីដើមខែធ្នូ ឆ្នាំកន្លងទៅ បានបញ្ចេញថ្វីដៃយកឈ្នះការប្រកួតកក្រើកឆាកជាលើកដំបូងក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS នៅសង្វៀនធំ ONE Championship។ មិនត្រឹមតែទទួលជោគជ័យខ្ពស់ក្នុងអាជីពប៉ុណ្ណោះទេ តែក្នុងជីវិតផ្ទាល់ខ្លួនរបស់នាង អាចនិយាយបានថាមានសុភមណ្គលល្អដូចគ្នា។

អ្នកលេងគុនចម្រុះស្រីក្រោមរហស្សនាម «Sweet Savage» បានក្លាយជានារីរឹងប៉ឹង និងមានទំនុកចិត្តម្នាក់ក៏ដោយសារបានមនុស្សជាទីស្រលាញ់របស់នាងគឺលោក Daniele Bolelli សព្វថ្ងៃជាអ្នកនិពន្ធ។

គូស្នេហ៍មួយគូនេះ ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយបានចែករំលែករឿងរាវជាច្រើនហូហែរទៅវិញទៅមក ជាពិសេសខាងក្បាច់គុន និងចំណង់ចំនូលចិត្តលើម្ហូបអាហារ។

ដោយសារថ្ងៃនៃក្តីស្រលាញ់ «Valentine’s Day» ក៏កៀកមកដល់ទៀត ដូច្នេះ សុវណ្ណារី បានចែករំលែកគន្លឹះល្អៗមួយចំនួនសម្រាប់គូស្នេហ៍នានានៅថ្ងៃ ១៤កុម្ភះ។

១. មិនបាច់រៀបគំរោងធំពេកទេ

តាមពិតមនុស្សគ្រប់គ្នាតែងតែចង់ធ្វើរឿងរំភើបខ្លាំងមួយដើម្បីមនុស្សដែលយើងស្រលាញ់ ប៉ុន្តែពេលខ្លះវាល្អជាងទៅវិញ បើយើងចេះធ្វើរឿងសាមញ្ញទៅបានហើយ។

ជំនួសពីការទិញរបស់ថ្លៃៗជាកាដូ សុវណ្ណារី ជាមួយសង្សា យកពេលនេះទៅប្រឡែងគ្នាលេង និងនាំគ្នាធ្វើសកម្មភាពផ្សេងៗដែលពួកគេចូលចិត្តវិញ។

នាងរៀបរាប់ពីថ្ងៃនៃក្តីស្រលាញ់រាល់ឆ្នាំថា៖ «ពីរនាក់យើងអត់រៀបគម្រោងអីច្រើនទេ បើស្តាប់ទៅប្រហែលថាដូចគ្មានអីសប្បាយ ប៉ុន្តែចំពោះពួកខ្ញុំគឺធ្វើអ្វីៗរៀងៗខ្លួន!»

«ប្រហែលយើងធ្វើម្ហូបប្លែកៗជាមួយគ្នា ឬក៏រកស្នៀតថ្មីវាយគ្នាលេងដែរ! អីចឹងមានតែពីរទេរ ធ្វើម្ហូប ឬក៏វាយគ្នា»

២. រំលឹករឿងរ៉ាវស្នេហាដំបូង មកនិយាយលើកទឹកចិត្តគ្នា

សុវណ្ណារី និង Daniele មុននឹងមានចំណងស្នេហ៍ដល់ពេលនេះ គឺចាប់ផ្តើមដោយគ្រាន់តែជាអ្នកជិតខាងរស់នៅផ្ទះជិតគ្នា រួចក៏បានក្លាយមិត្តភក្តិល្អ រហូតបង្កើតទំនាក់ទំនងស្នេហាចេញពីមិត្តភាព។

ចាប់តាំងពីផ្តើមស្នេហ៍ដំបូងមក ពួកគេបើកចិត្តទូលាយឲ្យគ្នាទៅវិញទៅមក ជាហេតុដែលធ្វើឲ្យចំណងស្នេហានេះនៅថិតថេររហូតបានជាងប្រាំមួយឆ្នាំមកហើយ។

កីឡាករស្រីកូនកាត់ បង្ហើបថាគឺសង្សាខ្លួននេះហើយជាអ្នកណែនាំឲ្យនាងចាប់យកការហ្វឹកហាត់ប្រដាល់ នឹងជម្រុញនាងរហូតបានក្លាយជាតារាក្បាច់គុនម្នាក់នៅ ONE Championship។

នាង រៀបរាប់ពីដំណើររឿង៖ «ស្គាល់គ្នាដំបូងៗ គាត់ឧស្សាហ៍ហៅខ្ញុំមកលេងផ្ទះគាត់ ហើយឲ្យភ្លក់ម្ហូបប្លែកៗ ពិសេសម្ហូបអ៊ីតាលីហ្នឹងហ្មង! ហើយពេលចាប់ស្រលាញ់គ្នា យើងចូលចិត្តដើរទៅសមុទ្រជាមួយគ្នា ពេលខ្លះយើងសមាធិ ឬក៏ប្រដាល់គ្នាជាដើម! ដោយសារអីចឹងហើយទើបខ្ញុំចាប់ផ្តើមអាជីពប្រដាល់! ក្រោយៗមក យើងចូលចិត្តនៅជិតគ្នា ហើយគ្រប់យ៉ាងវារីកដុះដាលតាមហ្នឹងទៀតទៅ!»

៣. បង្កើតក្តីស្រម៉ៃជាមួយគ្នា

សុវណ្ណារី ប្រាប់នាងចូលចិត្តទៅលេងសមុទ្រ រីឯ Daniele ថាចូលចិត្តដើរឡើងភ្នំជាង។

នាងបង្ហើបថា ប្រសិនបើពួកគេមានពេលវេលា និងប្រាក់កាសគ្រប់គ្រាន់ នាងចង់ធ្វើឲ្យសង្សាខ្លួនភ្ញាក់ផ្អើល ដោយទិញសំបុត្រយន្តហោះដំណើរកម្សាន្តឲ្យឆ្ងាយមួយ ។

សុវណ្ណារី ប្រាប់ទាំងស្នាមញញឹមថា៖ «យើងធ្លាប់គិតចង់ទៅលេង ប៊ូតាន់ កន្លែងដែលយើងស្រម៉ៃចង់ទៅថ្មីៗនេះ! ខ្ញុំក៏ចង់ទៅកម្ពុជា និងថៃជាមួយគាត់ដែរ ប៉ុន្តែសម្រាប់ឥឡូវទៅប៊ូតាន់ មុនសិន!»

«ប៊ូតាន់ជាទឹកដីដ៏សែនស្អាត ហើយអត់សូវមានសេវាអ៊ីនធើណែតទេ ដូចនេះយើងអាចផ្ចង់អារម្មណ៍ជាមួយធម្មជាតិបានច្រើន! រីឯម្ហូបប្រទេសនេះ មើលទៅគួរឲ្យឆ្ញាញ់ណាស់!»

សុវណ្ណារី បន្ថែមទៀតថាអ្វីដែលសំខាន់នោះ គឺយើងត្រូវប្រើពេលវេលាដ៏មានន័យនេះជាមួយមនុស្សដែលស្រលាញ់ និងឲ្យតម្លៃយើង ថែមទាំងជាមនុស្សចេះផ្តល់ភាពកក់ក្តៅឲ្យយើងផងដែរ។

«គាត់ធ្វើដូចសព្វដង អីចឹងអារម្មណ៍ល្អធម្មតាមិនច្របូកច្របល់ អាចថាបើនរណាម្នាក់ភិតភ័យឬមានទឹកមុខខុសធម្មតា យើងអាចដឹងតែម្តង។ សម្រាប់ពួកខ្ញុំគឺតែងតែលេងឲ្យគ្នាសើច និងផ្តល់ស្នាមញញឹមឲ្យគ្នាគ្រប់ពេលវេលាទាំងអស់»

«ឥឡូវខ្ញុំដូចទំនើងបន្តិចហើយ!»នាងនិយាយទាំងអស់សំណើច។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.