v9
V9BET

ខេមអេដ ងាកមកចាប់អារម្មណ៍លើប្រភេទកីឡាមានសក្តានុពលរបស់កម្ពុជា

2 months ago​ | ដោយ V-Dr

វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថាននាំមុខគេ ក្នុងការបណ្តុះបណ្តាលនិស្សិតរបស់ខ្លួន ឲ្យក្លាយទៅជាអត្តពលិក មានសមត្ថភាពប្រកួតប្រជែង នៅក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ដោយមិនទិញ ឬជួលអត្តពលិកខាងក្រៅមកលេង ជាតំណាងនោះ បាននឹងកំពុងចាប់អារម្មណ៍ទៅលើការពង្រឹង និងពង្រីកលើការប្រកួតកីឡាប៉េតង់ ដែលជាប្រភេទកីឡាមានសក្តានុពលរបស់កម្ពុជា ក្នុងការស្វែងរកមេដាយ នៅលើឆាកអន្តរជាតិ។

ជាមួយនឹងការសម្លឹងទៅរកការពង្រីក និងពង្រឹងសមត្ថភាពនិស្សិតរបស់ខ្លួន លើការប្រកួតកីឡាប៉េតង់នេះ គឺកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ លោក Casey Barnett ជានាយកគ្រប់គ្រងវិទ្យាស្ថានខេមអេដ បានសម្រេចរៀបចំឲ្យមានការប្រកួតកីឡាប៉េតង់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្ម ប្រចាំឆ្នាំរបស់ខ្លួន ជាលើកដំបូង ទៅតាមសំណើរបស់និស្សិត កំពុងរៀននៅវិទ្យាស្ថានរបស់លោក។

លោក Casey បានថ្លែងថា៖ «នៅឆ្នាំនេះ យើងបានបន្ថែមឲ្យមានការប្រកួតកីឡាប៉េតង់ ដោយសារជាប្រភេទកីឡាល្បី ហើយក្រុមនិស្សិតរបស់យើង ចង់បង្កើតឲ្យមានការប្រកួតកីឡាប្រភេទនេះ ហើយតាមរយៈការប្រកួតនេះ យើងមើលឃើញថា និស្សិតរបស់យើងមួយចំនួន មានសក្តានុពលលើការប្រកួតប៉េតង់ អ៊ីចឹងបើសិនជាពួកគេខំប្រឹងប្រែងហ្វឹកហាត់បន្ត ពួកគេអាចមានឱកាសបានទៅប្រកួតកម្រិតជើងឯកថ្នាក់ជាតិ»។

យ៉ាងណាក៏ដោយ ដោយសារតែការប្រកួតកីឡាប៉េតង់ លើកនេះ ហាក់មិនទាន់មានការរៀបចំឲ្យបានល្អ គឺ លោក Casey គ្រោងនឹងពង្រីកការប្រកួតកីឡានេះឲ្យបានធំ នៅឆ្នាំក្រោយ។ លោកបាននិយាយថា៖ «តាមពិត នេះជាការប្រកួតកីឡាអត្តពលកម្ម ដោយគេមិនបូកបញ្ជូលការប្រកួតកីឡាប៉េតង់នោះទេ អ៊ីចឹងនៅឆ្នាំក្រោយ យើងនឹងរៀបចំឲ្យមានការប្រកួតកីឡាប៉េតង់ ដាច់ដោយឡែកពីការប្រកួតកីឡាអត្តពលកម្ម ព្រោះនិស្សិតរបស់យើងភាគច្រើន ចូលចិត្តលេងកីឡាប៉េតង់»។

ដោយឡែក នៅក្នុងការប្រកួតកីឡាអត្តពលកម្ម ដែលត្រូវបានធ្វើឡើង នៅវិទ្យាស្ថានជាតិអបរំកាយ និងកីឡា កាលពីថ្ងៃអាទិត្យនោះ គឺមានការប្រកួតប្រជែងគ្នា នៅលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ (បុរស-នារី) ចោលដុំដែក (បុរស-នារី) លោតកម្ពស់ (បុរស-នារី) លោតចម្ងាយ(បុរស-នារី) រត់ចម្ងាយ៣គីឡូម៉ែត្រ(នារី) រត់ចម្ងាយ៥គីឡូម៉ែត្រ(បុរស) ចោលថាស(បុរស-នារី) និងចោលស្ន(បុរស-នារី) យ៉ាងស្វិតស្វាញបំផុត ដើម្បីប្រជែងគ្នាយកមេដាយ។

តាមរយៈការប្រកួតពេញមួយព្រឹក កាលពីថ្ងៃអាទិត្យនោះ ក្រុមអត្តពលិក ដែលជានិស្សិតឆ្នាំទី៤ ដណ្តើមបានមេដាយច្រើនជាងគេ និងទទួលបាន៩៤ពិន្ទុ ដើម្បីលើកពានចំណាត់ថ្នាក់ក្រុម ខណៈក្រុមនិស្សិតរៀនឆ្នាំទី៣ រកបាន៧២ពិន្ទុ និងទទួលបានលេខ២ ហើយក្រុមនិស្សិតឆ្នាំទី១ រកបាន៣៤ពិន្ទុ និងទទួលបានលេខ៣។

ជាមួយលទ្ធផលនៃការប្រកួតនេះ លោក Casey Barnett បានធ្វើការវាយតម្លៃខ្ពស់ទៅលើសមត្ថភាពនៃការប្រកួតប្រជែងរបស់ក្រុមនិស្សិតទាំងនេះ ដោយលោកកត់សម្គាល់ឃើញថា«ពួកគេមានសមត្ថភាពរីកចម្រើនជាងមុន» ហើយក្រុមអត្តពលកម្មនេះ ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីជួយឲ្យវិទ្យាស្ថានខេមអេដ ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយឈ្នះបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ២ នៅក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ កាលពីឆ្នាំ២០១៨៕

កែសម្រួលលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.