v9
V9BET

សំ ថារត្ន័ សរសើរ នៅ ស្រីពៅ ថាប្រាកដជាមានអនាគតល្អបន្ទាប់ពីប្រកួតនៅ ONE Championship

5 months ago​ | ដោយ V-Dr

ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះនេះ ជើងឯកខ្សែក្រវាត់ Kun Khmer World Champion ផ្នែកនារី នៅ ស្រីពៅ នឹងបង្ហាញមុខជាលើកដំបូងនៅលើសង្វៀនពិភពលោក ONE Championship។ នាងត្រូវគេផ្គូរផ្គងប៉ះចំកីឡាការិនីរូបស្រស់របស់ថៃនាង Rika ‘Tiny Doll’ Ishige នៅព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ទីក្រុងបាងកក។

ដើម្បីត្រៀមរួចរាល់មុនការប្រកួតគុនចម្រុះថ្ងៃសៅរ៍ក្រោយ ស្រីពៅ ដែលទើបមានវ័យ ២៤ឆ្នាំ បានហាត់សមជារៀងរាល់ថ្ងៃជាមួយកីឡាករខ្លាំងល្បីៗរបស់កម្ពុជា។

ក្នុងចំណោមនោះក៏មានវត្តមានមិត្តរួមអាជីពប្រចាំ ONE Championship គឺ វី ស្រីខួច ដែលតែងតែជាមិត្តជិតស្និតម្នាក់ជ្រំជ្រែងនាងគ្រប់ពេលវេលា ក្រៅពីនោះគឺមានសិស្សច្បងតារាប្រដាល់ស្រីដ៏មានប្រជាប្រិយភាព សំ ថារត្ន័ បានចូលរួមណែនាំបន្ថែមដល់ការហ្វឹកហាត់យ៉ាងទាន់ហន់របស់ ស្រីពៅដែរ។

ថារត្ន័ ទើបតែត្រលប់មកពីដំណើរកំសាន្តនៅបរទេសក្នុងការសម្ភោធចាក់បញ្ចាំងរឿងថ្មីរបស់នាងគឺ Surviving Bokator មិនបានប៉ុន្មានផង ប៉ុន្តែនាងស្ម័គ្រចិត្តយកពេលវេលារបស់ខ្លួនមកចាប់ហាត់ជាមួយ ស្រីពៅ។ នាងប្រាប់ថានាងសរសើរពីការខិតខំយកចិត្តទុកដាក់ខ្លាំងរបស់ស្រីពៅណាស់។

«ស្រីពៅ ខំខ្លាំងណាស់ ខំមែនទែនតែម្តង! កីឡាគុនចំរុះ និងការហ្វឹកហាត់ គឺថ្មីមែនទែនសម្រាប់គាត់។ គាត់នៅប្រឹងហាត់ ក្លេ កៀប រឹត ច្រើនបន្ថែមទៀត។ ពេលហាត់យកចិត្តទុក្ខដាក់ មិនចោលទេ»។

ថារត្ន័ ដែលមានរហស្សនាមថា កូនកង្កែប មានប្រវត្តិបញ្ចេញថ្វីដៃដំបូងបង្អស់នៅសង្វៀនអន្តរជាតិគឺកាលពីឆ្នាំ ២០១៤ នៅទីក្រុងភ្នំពេញ ព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM ហើយបានយកឈ្នះ វី ស្រីឆៃ តែក្នុងទឹកទី១ ប៉ុណ្ណោះ។

ចាប់តាំងពីពេលនោះមក នាងបានធ្វើដំណើរទៅបរទេសជាញឹកញយដើម្បីប្រកួតតំណាងប្រទេសកម្ពុជា បានកសាងកំណត់ត្រាឈ្នះពីរដង គឺឈ្នះដោយអាជ្ញាកណ្តាលបញ្ឈប់ និងការគោះសុំចាញ់ពីគូប្រកួត។

កញ្ញាក្បាច់គុនរូបនេះ សព្វថ្ងៃក៏កាន់អាជីពជាតួកុនម្នាក់ដែរ នាងយល់ច្បាស់ពីអារម្មណ៍ត្រូវឡើងឆាកធំដែលនៅជុំវិញនឹងមានភ្នែករាប់លានចាំទស្សនា ប៉ុន្តែបន្ទាប់ពីបានហាត់ឡាំជាមួយ នៅ ស្រីពៅ មកនាងមានជំនឿចិត្តលើ ស្រីពៅ ថាមានស្មារតីនឹងធឹងល្អអាចតទល់ភាពរន្ធត់នៅលើសង្វៀន ONE Championship បាន។

ថារត្ន័ ប្រាប់ថា៖ «ក្បាច់ក្លេរហ្នឹងវាអាញ៉េអាញៃមែនទែន អីចឹងវាស៊ីសងទៅលើអ្នកហាត់ឆ្លាតពីកំណើត និងការប្រឹងប្រែងខ្លាំងលាយឡំគ្នាដែរ»។

«បើគាត់ មិនឈឺខ្លួនពេក ហើយអាចមកហាត់រៀងរាល់ថ្ងៃ និងពេលដែលគ្រូអោយមក គាត់អាចកើន កម្លាំង និងចំនេះពីការប្រយុទ្ធគុនចំរុះនេះបាន ព្រោះគាត់មានវិន័យល្អ និងការតស៊ូចេញពីខាងក្នុងហើយ»។

ថ្វីបើ សំ ថារត្ន័ នៅក្មេងវ័យក៏ពិតមែន នាងជានារីខ្មែរម្នាក់ដែលមានស្មារតីជាអ្នកត្រួសត្រាយផ្លូវកីឡាករថ្មីថ្មោងដ៏ទៃ ហើយដែលមានឆន្ទៈប្រើប្រាស់បទពិសោធន៍ដ៏មានតម្លៃទាំងអស់របស់ខ្លួនយកទៅចែករំលែកដល់សិស្សប្អូនទាំងអស់។

«សម្រាប់កីឡាករស្រីៗយើងខ្លះនៅអៀនខ្មាសច្រើន ខ្ញុំក៏អីចឹងដែរ តែដល់បានហាត់យូរទៅធម្មតាហើយ! សំខាន់គឺហាត់ឲ្យត្រូវ ធ្វើយ៉ាងណាដាក់ខ្លួនក្នុងចំនេះហ្នឹងឲ្យច្បាស់ ហើយខិតខំយកចិត្តទុកដាក់ពេលគ្រូគាត់ពន្យល់»។

ថារត្ន័ ដឹងថា ស្រីពៅ មិនមែនថ្មីថ្មោងពេកទេ យ៉ាងហោចណាស់នាងមានប្រវត្តិប្រកួតទាំងគុនខ្មែរ និងក្បាច់ភូមា Lethwei ចំនួន ៩១ដងដែរ។

«ខ្ញុំដូចអត់មានមតិយោបល់ច្រើនជូនគាត់ទេ ព្រោះផ្នែកខាងលើគាត់ល្អហើយ គាត់ដៃធ្ងន់ល្អ ហើយលឿនទៀត»

ថ្ងៃប្រកួតឆាប់ៗនេះ សំ ថារត្ន័ គិតថា ស្រីពៅ អាចធ្វើឲ្យទស្សនិកជនទូទាំងប្រទេសកម្ពុជានិងថៃភ្ញាក់ផ្អើលខ្លាំង ហើយជឿថាអាជីព ស្រីពៅ នឹងឡើងខ្ពស់ត្រដែតពីពេលនោះទៅ។

«សរុបមកខ្ញុំគិតថាស្រីពៅ គាត់ល្អស្រាប់ហើយ មានតែខំប្រឹងប្រែងថែមទេ»

«ព្យាយាមគង់បានសម្រេច!»

អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.