v9
V9BET

ការឈ្នះមេដាយមាស២ របស់កីឡាករ កាន់ សោភ័ណ្ឌ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង

2 months ago​ | ដោយ V-Dr

«ថ្ងៃនេះ វាដូចខ្មោចចូលអ៊ីចឹងបង! វាលេងបានល្អមែនទែន ហើយបាល់យ៉ាងម៉េច ក៏វារត់ទៅយកបានដែរ»។ នេះជាការលើកឡើងរបស់កីឡាករ អន សម្បត្តិ ដែលបានសរសើរទៅដល់គូប្រកួតរបស់ខ្លួនគឺ កាន់ សោភ័ណ្ឌ បន្ទាប់ពីរូបគេបានចាញ់ សោភ័ណ្ឌ ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយទោល នៅក្នុងការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យ។

តាមរយៈការប្រកួត ដែលត្រូវបានធ្វើឡើង នៅទីលានសូហ្វតិន្នីសកម្ពុជា នៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យនោះ កីឡាករ កាន់ សោភ័ណ្ឌ របស់ក្លិបក្រសួងមហាផ្ទៃ បានយកយកលើមិត្តរួមក្រុម អន សម្បត្តិ ៣សិតដាច់តែម្តង ហើយវាក៏ជាមេដាយមាសទី២ ដែលរូបគេទទួលបានបន្ថែម ទៅលើការឈ្នះមេដាយមាសលើវិញ្ញាសាវាយគូក្របខ័ណ្ឌក១ ជាមួយកីឡាករ ឯក ចំរើន ផងដែរ។

អន សម្បត្តិ បានបញ្ជាក់ថា៖ «ខ្ញុំ និង កាន់ សោភ័ណ្ឌ មានកម្រិតសមត្ថភាពលេងប្រហាក់ប្រហែលគ្នាទេ ប៉ុន្តែការប្រកួតនៅថ្ងៃនេះ វាបានដាក់សម្ពាធមកលើខ្ញុំរហូត គឺវាវ៉ៃកូនបាល់ទាញយើងរហូត។ ខ្ញុំមានអារម្មណ៍ថា នៅថ្ងៃនេះ ខ្ញុំដូចបានប្រកួតជាមួយកីឡាករលេខ១របស់ជប៉ុនអ៊ីចឹង ហើយខ្ញុំពិតជាសប្បាយចិត្ត ដែលឃើញមិត្តរួមក្រុមរបស់ខ្ញុំ លេងបានល្អបែបនេះ»។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺ កាន់ សោភ័ណ្ឌ បានប្រកួតជាប់ៗគ្នាតែម្តង។ មានន័យថា ក្រោយពេលរូបគេ និង ឯក ចំរើន បានរួមគ្នាយកឈ្នះលើកីឡាករ ចន ម៉ាដា និង ឌឹម សំសម្បត្តិ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយគូនោះ គឺ សោភ័ណ្ឌ ត្រូវបានគេអនុញ្ញាតឲ្យសម្រាកតែជាង១០នាទីទេ រួចក៏បន្តប្រកួតផ្តាច់ព្រ័ត្រលើវិញ្ញាសវាយទោលជាមួយ អន សម្បត្តិ តែម្តង។

កីឡាករ កាន់ សោភ័ណ្ឌ បាននិយាយ ក្រោយការបំពាក់មេដាយ និងផ្តល់ប្រាក់រង្វាន់ថា៖ «នៅពេលប្រកួតវាយគូបានបញ្ចប់ ខ្ញុំមានអារម្មណ៍ថា ហត់ដែរ ប៉ុន្តែពេលបន្តទៅជួប អន សម្បត្តិ ខ្ញុំបានប្តេជ្ញាចិត្តប្តូរ ដោយការវាយគាបសង្កត់ទៅលើគេឲ្យបានមុន ព្រោះបើខ្ញុំមិនធ្វើបែបនេះ ខ្ញុំនឹងចាញ់ អន សម្បត្តិ វិញ»។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩នេះ មានអត្តពលិកចូលរួមចំនួន៩០នាក់ (ស្រី២៥នាក់) មកពីក្លិប-សមាគមចំនួន៦ បានចូលរួម ហើយជាលទ្ធផល ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសទាំងអស់ លើវិញ្ញាសាទាំង៧ រួមជាមួយមេដាយប្រាក់៤ និងសំរឹទ្ធចំនួន៥ទៀត។

ចំណែកក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ បានឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ៤ ក្លិបក្រសួងការពារជាតិ បានឈ្នះមេដាយប្រាក់១ សំរឹទ្ធ២ ក្លិបខេត្តកំពង់ស្ពឺ ឈ្នះបានមេដាយសំរឹទ្ធ២ និងក្លិបជប៉ុន បានឈ្នះមេដាយសំរឹទ្ធ១ ប៉ុន្តែក្លិបខេត្តកំពង់ឆ្នាំង និងក្លិបអង្គការមិត្តសម្លាញ់ មិនដណ្តើមបានមេដាយពីការប្រកួតនេះទេ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.