v9
V9BET

ក្រោយឈ្នះ លី ភា ថ្ងៃបើកឆាក ជើងខ្លាំងរបស់ថៃ Tounpe នៅបារម្ភ សូត្រ ប៊ុននី និង សុខ សាវិន

5 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់ថៃ Tounpe នៅតែយកឈ្នះលើអ្នកប្រដាល់របស់កម្ពុជា លី ភា ដើម្បីទទួលបាន៣ពិន្ទុ ថ្ងៃប្រកួតបើកឆាកដណ្តើមពានអន្តរជាតិកំពូលអ្នកប្រដាល់ដៃដែក ISI Palm រដូវកាលទី៤ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

ជ័យជម្នះរបស់ Tounpe លើកីឡាករ លី ភា បានធ្វើឲ្យអ្នកតាមដានការប្រកួតប្រដាល់នៅកម្ពុជា កាន់តែមានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពកីឡាករថៃម្នាក់នេះ ពិសេសការបុកកែង និងវាយកែងដ៏មានគ្រោះថ្នាក់របស់គេ ហើយក្បាច់នេះក៏បានធ្វើឲ្យ លី ភា ចាញ់ទាំងគ្រាំគ្រាផងដែរ។

យ៉ាងណាក៏ដោយ កីឡាករវ័យ២៤ឆ្នាំ Tounpe ហាក់នៅបារម្ភទៅលើសមាភាពកីឡាករកម្ពុជាចំនួន២នាក់ទៀត ដែលត្រូវប្រកួតដណ្តើមពានអន្តរជាតិនេះដែរ គឺ សួន ចាន់នី (សូត្រ ប៊ុនធី) និង សុខ សាវិន ប៉ុន្តែចំពោះ ឃីម បូរ៉ា គឺមិនស្ថិតក្នុងការចាប់អារម្មណ៍របស់ Tounpe នោះទេ។

កីឡាករ Tounpe បាននិយាយក្រោយការប្រកួតថា៖ «ចំពោះ លី ភា និង ឃីម បូរ៉ា ខ្ញុំធ្លាប់បានឈ្នះហើយ គឺ លី ភា ខ្ញុំឈ្នះលើកទី២ទាំងលើកនេះ រីឯ ឃីម បូរ៉ា ខ្ញុំធ្លាប់ឈ្នះដោយពិន្ទុ និងវាយឲ្យសន្លប់ ៣ទៅ៤ដងហើយ ហេតុនេះខ្ញុំមិនបារម្ភទៅលើវត្តមានរបស់គេ នោះទេ»។

កីឡាករថៃរូបនេះបានបន្ថែមថា៖ «ប៉ុន្តែ សុខ សាវិន ក៏ខ្ញុំមិនធ្លាប់ជួបគេពីមុនមកនោះទេ ហើយគេក៏រាងល្អដែរ ចំណែក សួន ប៊ុនសូត្រ ខ្ញុំមើលឃើញថា អាចជាឧបសគ្គធំចំពោះខ្ញុំ ក្នុងការប្រកួតដណ្តើមពាននេះ ព្រោះគេខ្ពស់ ហើយសមត្ថភាពប្រកួតក៏ល្អទៀត។ តែទោះបីជាយ៉ាងណា ខ្ញុំនឹងព្យាយាម ហើយខ្ញុំមានសង្ឃឹមលើខ្លួនឯង៧០ភាគរយផងដែរ»។

បើទោះបីជា សុខ សាវិន បានស្ថិតនៅក្តីបារម្ភរបស់ Tounpe ប៉ុន្តែនៅក្នុងការប្រកួតបើកឆាក កាលពីថ្ងៃអាទិត្យនោះ សាវិន ក៏បានជួបការបរាជ័យដូច លី ភា ផងដែរ គឺគេបានចាញ់ដោយពិន្ទុជាឯកច្ឆន្ទ ៥-០ ក្រោមទម្ងន់ជើងពីសំណាក់គូសត្រូវចាស់ Vithakyayuth ដែលថៃម្នាក់នេះធ្លាប់បានឈ្នះ សាវិន ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ នៅសង្វៀន SEATV ម្តងរួចមកហើយ។

ដោយឡែកកីឡាករកម្ពុជា២រូបទៀត គឺ ឃីម បូរ៉ា និង សូត្រ ប៊ុនធី នឹងត្រូវប្រកួតបើកឆាកជាមួយកីឡាករថៃ Prab Sor និង Phet Nginthorng នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ខណៈការប្រកួតដណ្តើមពានអន្តរជាតិ ISI Palm នេះ គេតម្រូវឲ្យកីឡាករកម្ពុជាទាំង៤នាក់ប្រកួតជម្រុះវិលជុំជាមួយថៃទាំង៤នាក់ ដើម្បីរកអ្នកមានពិន្ទុខ្ពស់ជាងគេ៤នាក់ ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងយកអ្នកឈ្នះ២រូប ឡើងទៅប្រកួតផ្តាច់ព្រ័ត្រ តែម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.