v9
V9BET

ឃីម ឌីម៉ា នៅតែស្ទាក់ស្ទើរចំពោះការសងសឹក Fonluong តែថា ថៃម្នាក់នេះ មិនពិបាកទប់ទល់

3 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំង និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា ឬហៅថា ឃុន ឌីម៉ា ហាក់នៅតែមានភាពស្ទាក់ស្ទើរ ចំពោះការឡើងប្រកួតសងសឹងជាមួយជើងខ្លាំងរបស់ថៃ Fonluong នៅលើសង្វៀន CNC នាព្រលប់ថ្ងៃសៅរ៍នេះ។

ឃីម ឌីម៉ា ដែលទើបប្តូរមកហ្វឹកហាត់នៅក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ថា៖«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែការប្រកួតទៅជាយ៉ាងណានោះ យើងមិនអាចទាន់និយាយបានទេ គឺលុះដល់ពេលប្រកួតទើបដឹងច្បាស់»។

យ៉ាងណាក៏ដោយ នៅពេលរំឭកដល់ការជួបគ្នាលើកទី១ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ដែលរូបគេត្រូវបានវប្រកាសឲ្យចាញ់ពិន្ទុ Fonluong ដោយពិន្ទុមិនឯកច្ឆន្ទ ៤-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាន នៅសង្វៀន CNC នេះ ឃីម ឌីម៉ា បានបដិសេធ ដោយការឆ្លើយតបភ្លាមៗថា រូបគេមិនបានចាញ់នោះទេ។

កីឡាករមានដើមកំណើត នៅខេត្តបាត់ដំបង ឃីម ឌីម៉ា បាននិយាយថា៖ «សម្រាប់ការប្រកួតនោះ ខ្ញុំក៏មើលឃើញថា ខ្ញុំត្រូវចាញ់គេនោះដែរ តែនោះជាការសម្រេចរបស់ចៅក្រម ហើយការជួប Fonluong វាមិនមែនជាការប្រកួត ដែលពិបាកចំពោះខ្ញុំនោះទេ ប៉ុន្តែខ្ញុំក៏មិនអាចវ៉ៃយកប្រៀបគេដាច់នោះដែរ ដោយសារគេខំហាត់ដូចយើងដែរ ហេតុនេះអ្វីៗវាអាស្រ័យនៅពេលប្រកួតជាក់ស្តែង តែខ្ញុំនឹងព្យាយាមយកឈ្នះថៃម្នាក់នេះវិញ»។

វាជាការពិត ដែល ឃីម ឌីម៉ា មិនអាចមើលរំលងសមត្ថភាពរបស់ Fonluong ព្រោះកីឡាកររបស់ថៃម្នាក់នេះ មានជំហររឹងមាំ ហើយអាចវាយបកបានលឿន គ្រប់កាលៈទេសៈទាំងអស់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ Fonluong មិនធ្លាប់ចាញ់កីឡាករកម្ពុជាម្នាក់ណាសោះ។

ក្រៅពីការយកឈ្នះ ឃីម ឌីម៉ា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាននោះ Fonluong បានយកឈ្នះជើងខ្លាំង ផល សោភ័ណ្ឌ នៅក្នុងវគ្គជម្រុះ។ ក្រោយមក Fonluong បានយកឈ្នះដោយពិន្ទុលើ ផាន់ គ្រាន់ ក្នុងការប្រកួតដណ្តើមប្រាក់លាន Ganzberg និងបានយកឈ្នះពិន្ទុ ឡុង សំណាង ហើយការជួប ផល សោភ័ណ្ឌ ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លានគោជល់ ជាលើកទី២ Fonluong បានបន្តយកឈ្នះដោយពិន្ទុ ដើម្បីយក១០០០ដុល្លារ។ ហេតុនេះសមត្ថភាពប្រកួតរបស់ថៃម្នាក់នេះ វានៅតែជាឧបសគ្គចំពោះ ឃីម ឌីម៉ា គឺការប្រកួតនេះ នឹងនៅតែមានភាពតានតឹងខ្លាំង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.