v9
V9BET

សង្វៀនប្រដាល់ឯកភ្នំ បង្កប់នូវភាពឈឺចាប់ មុនឈានដល់បើកដំណើរការ នៅថ្ងៃសៅរ៍នេះ

7 months ago​ | ដោយ V-Dr

សង្វៀនប្រដាល់ឯកភ្នំ ដែលត្រូវបានបង្កើតឡើង ដោយអ្នកមានដើមកំណើតនៅខេត្តបាត់ដំបង នឹងត្រូវបើកសម្ពោធឲ្យដំណើរការនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ដោយមានការប្រកួតចំនួន១៤គូ ហើយក្នុងនោះក៏មានការប្រកួតគូមិត្តភាពអន្តរជាតិរវាងកីឡាករកម្ពុជា ជាមួយអ្នកប្រដាល់ថៃ និងវៀតណាម ចំនួន៨គូផងដែរ។

បើតាមលោក ហេង តុលា ម្ចាស់សង្វៀនប្រដាល់ឯកភ្នំ និងជាប្រធានក្រុមហ៊ុនហេងតុលាគ្រុប បានប្រាប់ឲ្យដឹងថា ការបង្កើតឲ្យមានសង្វៀនប្រដាល់ឯកភ្នំ នៅក្នុងបុរីរស្មីបាត់ដំបង ក្រុងបាត់ដំបង នៅខេត្តបាត់ដំបង ដោយសារតែលោក ក៏ដូចជាអ្នកនៅបាត់ដំបង ធ្លាប់បានទទួលភាពឈឺចាប់ និងការមើលងាយ ពីសំណាក់ប្រជាជនថៃមួយចំនួន ដែលបានមើលលេងនៅបាត់ដំបង ដោយពួកគេបាននិយាយបែបចម្អកថា ខេត្តបាត់ដំបង អន់ដល់ថ្នាក់រកសង្វៀនប្រកួតផ្ទាល់មួយហ្នឹងគេ មិនបាន។

ចំពោះបញ្ហានេះ លោក ហេង តុលា បានបញ្ជាក់ថា៖ «ខេត្តរបស់ប្រទេសថៃមួយចំនួន ដែលនៅជិតយើងដូចជាខេត្តត្រាត ខេត្តចន្ទ ខេត្តឈុនបូរី និងផាត់តាយ៉ា ជាដើម គេមានសង្វៀនប្រដាល់ខ្នាតអន្តរជាតិទាំងអស់ គឺអត់តែខេត្តបាត់ដំបង អ៊ីចឹងពេលគេមកលេងខេត្តយើង គេមើលងាយយើង ថា ម៉េចបានជាគ្មានសង្វៀនប្រដាល់? ហេតុនេះហើយយើងបង្កើតឲ្យមានសង្វៀនខ្នាតអន្តរជាតិនេះឡើង ដើម្បីកុំឲ្យគេមើលស្រាលយើងទៀត ហើយណាមួយខេត្តបាត់ដំបង ជាខេត្តមានភាពស៊ីវិល័យតាំងពីសម័យសង្គមមកម្ល៉េះ»។

បន្ថែមទៅលើការលើកមុខមាត់ដល់ខេត្តបាត់ដំបង ការបើកសង្វៀនប្រដាល់ឯកភ្នំ ក៏ដើម្បីផ្តល់ការងារឲ្យគ្រូបង្វឹកនៅខេត្តបាត់ដំបង មានការងារធ្វើ និងមានប្រាក់កម្រៃផងដែរ ពិសេសផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង ឬកីឡាករគ្មានទីផ្សារប្រកួត បានឡើងប្រកួត ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេឲ្យបានខ្លាំង។

លោក ហេង តុលា បាននិយាយថា៖ «ខ្ញុំជាអ្នកមានដើមកំណើតនៅបាត់ដំបង ហើយខ្ញុំបានឃើញភាពឈឺចាប់របស់អ្នកប្រដាល់មួយចំនួនធំនៅក្នុងខេត្តនេះ ដែលពួកគេបានខំហ្វឹកហាត់ហើយ តែបែរជាគ្មានឱកាសបានឡើងប្រកួត រហូតមានអ្នកខ្លះ បានសម្រេចឈប់ហាត់ប្រដាល់ទៀតផង អ៊ីចឹងហើយទើបយើងបង្កើតឲ្យមានសង្វៀនប្រដាល់នេះឡើង ដើម្បីជួយឲ្យកីឡាករ និងក្លិបប្រដាល់ ក្នុងខេត្តបាត់ដំបងនេះ មានការងារធ្វើ និងបានឡើងប្រកួតនឹងគេ»។

លោកបានបញ្ជាក់ថា៖«សង្វៀនប្រដាល់តាមប៉ុស្តិ៍ នៅភ្នំពេញ គេយកតែកីឡាករល្បីៗទៅវ៉ៃ តែអ្នកអត់សូវល្បី គេអត់យកទៅវ៉ៃទេ អ៊ីចឹងអ្នកហាត់ថ្មីៗ អត់មានកន្លែងវ៉ៃទេ ហេតុនេះហើយទើបខ្ញុំបង្កើតឲ្យមានសង្វៀនប្រដាល់ឯកភ្នំ នេះឡើង ដើម្បីឲ្យវិស័យប្រដាល់នៅខេត្តបាត់ដំបង មានភាពប្រសើរឡើងវិញ ព្រោះអ្នកបាត់ដំបងរបស់យើងចូលចិត្តមើលប្រដាល់ណាស់»។

គួរបញ្ជាក់ថា ការប្រកួតនៅសង្វៀនប្រដាល់ឯកភ្នំ គឺមានការលក់សំបុត្រចំពោះអ្នកចូលរួមផ្ទាល់ ក្នុងតម្លៃ២០០០០រៀល និង១២០០០រៀល ក្នុងម្នាក់ៗនេះ ហើយសង្វៀនមួយនេះនឹងមានការប្រកួតនៅរៀលរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចំណែកការប្រកួតបើកឆាកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ កីឡាករកម្ពុជា ឡុង សុភី , ឈុន សេរីវ៉ាន់ថង, ឯម ឡេងលី, ណាម ម៉ូរ៉ាក់, សេន កុសល, ឈួន រិទ្ធី, និង ឈឿន ឆៃដែន នឹងត្រូវប្រកួតជាមួយថៃ ឯ រីឯ រៀម វណ្ណៈ ត្រូវប៉ះកីឡាករវៀតណាម៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.