v9
V9BET

ថ្មីទៀតហើយ! ONE Championship ទើបតែងតាំងអនុប្រធានអន្តរជាតិថ្មី

7 months ago​ | ដោយ V-Dr

ស្ថាប័នក្បាច់គុនលំដាប់ពិភពលោក ONE Championship បានពង្រីកខ្លួនធំមួយកំរិតទៀតហើយ ពេលនេះបានប្រកាសតែងតាំងអ្នកស្រី Meghan Jenkins ជាអនុប្រធានផ្នែកអន្តរជាតិថ្មីមួយរូប។

អ្នកស្រី Jenkins ធ្លាប់ជាអតីតអនុប្រធាន និងជាប្រធានយុទ្ធសាស្ត្ររបស់ NBA Asia នាងបានកាន់តំណែងនេះតាំងពីឆ្នាំ ២០១៥ នៅឯទីក្រុងហុងកុង។ មុនការកាន់តំណែងនៅហុងកុងនោះ អ្នកស្រីមានប្រវត្តិធ្វើការនៅទីស្នាក់ការកណ្តាលរបស់ NBA ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក អ្នកស្រីបានចំណាយពេលវេលាជាង ១០ឆ្នាំប្រឡូកក្នុងសកម្មភាពដឹកនាំវិស័យកីឡារទូទាំងពិភពលោក រហូតត្រូវបាន ONE Championship តែងតាំងជាអនុប្រធានអន្តរជាតិតែម្តង។

ប្រធាន និងនាយកប្រតិបត្តិរបស់ ONE លោក Chatri Sityodtong ថ្លែងថា៖ «វាជាកិត្តិយសក្រៃលែងនៃការប្រកាសជាផ្លូវការនេះថា Meghan Jenkins នឹងចូលរួមជាអ្នកដឹកនាំក្រុមជាន់ខ្ពស់នៅ ONE Championship ក្នុងតំណែងជាអនុប្រធានអន្តរជាតិ។ Meghan នឹងធ្វើការជាមួយខ្ញុំផ្ទាល់ ក៏ដូចជាសមាជិកថ្នាក់ដឹកនាំផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាដឹកនាំស្ថាប័ន ONE Championshipឲ្យក្លាយទៅជាស្ថាប័នផ្សព្វផ្សាយកីឡាតម្លៃរាប់លានដុល្លារដំបូងតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រអាស៊ី»។

គួររំលឹកដែរថា កាលពីថ្ងៃសុក្រ ទី២៥ ខែមករា ONE Championship ប្រកាសធ្វើជាដៃគូផ្តាច់មុខជាមួយស្ថាប័នក្បាច់គុន Shooto ផងដែរ។ ស្ថាប័នធំ ONE Championship មានស្នាក់ការនៅប្រទេសសិង្ហបុរី នេះក៏បានធ្វើឲ្យកក្រើកពិភពគុននាចុងឆ្នាំ ២០១៨ផងដែរ ពេលគេប្រកាសចុះហត្ថលេខាបញ្ចូលកីឡាករចំនូលថ្មីចំនួនបីរូប គឺអតីតតារាប្រដាល់ UFC ដ៏ល្បីឈ្មោះ Demetrious Johnson និង Eddie Alvarez រួមទាំង Sage Northcutt ធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់ពិភពលោកភ្ញាក់ផ្អើលខ្លាំង។

ការពង្រីកខ្លួនយ៉ាងសម្បើមរបស់ ONE Championship ស្ថាប័នប្រដាល់ដ៏ធំជាងគេនេះ អាចថាជាកំណត់ត្រាប្រវត្តិសាស្រ្តនៅទ្វីបអាស៊ីហើយ ដូចនេះអ្នកស្រី Jenkins ក៏ត្រូវមានបន្ទុកដើរតួរយ៉ាងសំខាន់ដើម្បីដឹកនាំឲ្យស្ថាប័នយក្សនេះបោះជំហានទៅមុខកាន់តែអស្ចារ្យទៀត។ «ខ្ញុំរំភើបខ្លាំងណាស់ដែលបានចូលរួមក្នុងស្ថាប័ន ONE Championship។ ខ្ញុំនឹងប្រើប្រាស់បទពិសោធន៍ដ៏មានតម្លៃជាយូរឆ្នាំរបស់ខ្ញុំពេលខំកសាងសមាគមកីឡា NBA ឲ្យបានក្លាយជាកន្លែងនាំមុខគេក្នុងអន្តរជាតិ នឹងយកបទពិសោធន៍នោះមកជួយ ONE Championship ជោគជ័យកាន់តែអស្ចារ្យថែមទៀត។ ប៉ុន្មានពីរឬបីឆ្នាំចុងក្រោយនេះ ខ្ញុំផ្តោតយកចិត្តទុកដាក់វាយតម្លៃឱកាសទីផ្សាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយឃើញច្បាស់ថាទីផ្សាបណ្តាញផ្សព្វផ្សាយកីឡារកំពុងអភិវឌ្ឍខ្លាំងនៅអាស៊ី រីឯ ONE Championship បានចាប់យកទីផ្សាធំជាងគេនៅតំបន់នេះ។ ខ្ញុំទន្ទឹងដើម្បីធ្វើការជាមួយ Chatri ក៏ដូចជាក្រុមរបស់ ONEទាំងអស់ដើម្បីកសាង ONE Championship ឲ្យក្លាយជាស្ថាប័នកីឡាដ៏មានអំណាចលើសកលលោក»។

កែសម្រួលដោយ៖​ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.