v9
V9BET

សូត្រ ប៊ុនធី សម្រួចផ្លែកែង ត្រៀមផ្តល់ការចាញ់ឲ្យជើងខ្លាំងថៃ Maisut វិញ

3 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់កម្ពុជា សូត្រ ប៊ុនធី ដែលបានប្តូរឈ្មោះថ្មីថា សួន ចាន់នី នោះ បាននឹងបង្កើនការហ្វឹកហាត់ សម្រួចនូវបច្ចេកទេសវាយកែងរបស់គេឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឡើងប្រកួតសងសឹងជាមួយជើងខ្លាំងរបស់ថៃ Maisut សម្រាប់ការវិលមកជួបគ្នាជាលើកទី២ នៅលើសង្វៀន CNC នាល្ងាចថ្ងៃសៅរ៍នេះ។

បើទោះបីជា សូត្រ ប៊ុនធី ធ្លាប់បានចាញ់ Maisut ដោយពិន្ទុដាច់ នៅក្នុងការជួបគ្នាលើកដំបូង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅលើសង្វៀន CNCនេះ ប៉ុន្តែលោក សួន ប៊ុនសូត្រ ដែលជាឪពុក និងជាគ្រូបង្វឹក ប៊ុនធី បានអះអាងថា ការចាញ់នោះ ដោយសារ ប៊ុនធី សម្រកទម្ងន់ខ្លាំងពេក ដើម្បីចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ ហើយជំនួបរបស់ ប៊ុនធី និង Maisut កាលនោះ ក៏ត្រូវបានធ្វើឡើង ក្នុងថ្ងៃតែមួយ ជាមួយការប្រកួតថ្នាក់ជាតិផងដែរ ទើបធ្វើឲ្យកូនរបស់គាត់ មានកម្លាំងមិនគ្រប់គ្រាន់។

យ៉ាងណាមិញ សម្រាប់ការវិលមកជួបគ្នា ជាលើកទី២នេះ លោក សួន ប៊ុនសូត្រ បានប្រាប់ថា សូត្រ ប៊ុនធី បានប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីយកឈ្នះលើ Maisut វិញ។ លោកបាននិយាយថា៖«ប៊ុនធី ប្រឹងហ្វឹកហាត់រាល់ថ្ងៃ ដើម្បីយកឈ្នះកីឡាករថៃម្នាក់នេះវិញ ហើយយើងមិនមានការបារម្ភទៅលើការចាញ់កម្លាំងគេទៀតនោះទេ»។

លោកបានបញ្ជាក់ថា៖«បើទោះបីជាយើងសង្ឃឹមទុកមុនត្រឹម៥០ភាគរយ ប៉ុន្តែ ប៊ុនធី បានត្រៀមផ្លែកែងរួចរាល់អស់ហើយ ហើយ ប៊ុនធី មានកម្លាំងគ្រប់គ្រាន់ ក្នុងការចូលចាប់វាយកែងទៅលើថៃម្នាក់នេះបាន គឺមិនដូចការប្រកួតមុនឡើយ។ យើងចង់ឲ្យកីឡាករថៃម្នាក់នេះ ស្គាល់រស់ជាតិការចាញ់វិញម្តង»។

បើទោះបីជា លោក សួន ប៊ុនសូត្រ មានការជឿជាក់ទៅលើ សូត្រ ប៊ុនធី យ៉ាងនេះក្តី ប៉ុន្តែគេនៅមិនទាន់ដឹងថា ការប្រកួតជាក់ស្តែង នឹងចេញលទ្ធផលទៅជាយ៉ាងនោះទេ ព្រោះ Maisut មានសមត្ថភាព និងបច្ចេកទេសប្រកួតល្អ ហើយធ្លាប់បានយកឈ្នះជើងខ្លាំងរបស់កម្ពុជាច្រើននាក់មក ពិសេសបានយកឈ្នះម្ចាស់មេដាយមាស ឃីម ឌីម៉ា រហូតដល់២លើកព្រមទាំងបានឈ្នះ វេង សុភ័ក្រ ២លើក ឈ្ន ផល សោភ័ណ្ឌ ឈ្នះ ឃីម បូរ៉ា ឈ្នះ ឡុង សំណាង និងបានស្មើពិន្ទុជាមួយជើងខ្លាំង ឡៅ ចន្ទ្រា។

បើតាមសមត្ថភាព និងបច្ចេកទេសប្រកួតរបស់ Maisut គឺវានៅតែជាឧបសគ្គធំចំពោះ សូត្រ ប៊ុនធី ក្នុងការស្វែងរកការឈ្នះ ប៉ុន្តែគេជឿថា ការប្រកួតរបស់អ្នកទាំង២នេះ នឹងមានភាពស្វិតស្វាញខ្លាំង ហើយករណីបែប ក៏អាចនឹងកើនមានឡើងផងដែរ បើសិនជា សូត្រ ប៊ុនធី ប្រកាន់ជំហរប្រើកែងជាចម្បង ក្នុងការប្តូរជាមួយ Maisut នោះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.