Pacquiao អាចនឹងបញ្ចប់អាជីពរបស់គេ ដោយសាររបួសភ្នែក ក្រោយឈ្នះ Broner
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao អាចនឹងប្រឈមមុខនឹងការបញ្ចប់អាជីពរបស់ខ្លួន ដោយសារតែបញ្ហារបួសត្រង់ប្រស្រីភ្នែករបស់គេ ក្រោយពីបានផ្តួលកីឡាករ Adrien Broner កាលពីថ្ងៃសៅរ៍។ បើយោងទៅតាមកាសែត New York Daily News កាលពីថ្ងៃចន្ទ។
Pacquiao បានធ្វើដំណើរទៅកាន់ផ្ទះរបស់គេវិញក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដើម្បីទទួលការត្រួតពិនិត្យដោយពេទ្យឯកទេសភ្នែកម្នាក់។ នេះបើយោងទៅតាមកាសែតដដែល ដែលបានបង្ហើបពីប្រភពមិនបញ្ចេញឈ្មោះពីក្រុមក្រុមការងាររបស់ Pacquiao ជុំវិញបញ្ហារបួសរបស់គេ។ កីឡាករប្រដាល់វ័យ៤០ឆ្នាំរូបនេះ បានប្រាប់មិត្តភ័ក្តិរបស់ខ្លួន ក្រោយពីការប្រកួតថា ភ្នែកឆ្វេងរបស់គេមើលមិនឃើញនោះឡើយ។ នេះបើយោងទៅតាមកាសែតដដែល។
Pacquiao ដែលជាម្ចាស់ខ្សែក្រវាត់៨ប្រភេទទម្ងន់ផ្សេងគ្នាក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ ក៏ត្រូវបានប្រាប់ដោយប៉ូលិសក្នុងទីក្រុង Los Angeles ថា ផ្ទះរបស់គេត្រូវបានគេលួចគាស់ ក្នុងពេលរូបគេកំពុងតែស្ថិតក្នុងទីក្រុង Las Vegas ដើម្បីប្រកួតជាមួយនឹងកីឡាករ Broner ខណៈរូបគេបានឈ្នះដោយពិន្ទុជាឯកច្ឆន្ទដើម្បីការពារខ្សែក្រវាត់ពិភពលោក WBA របស់គេ។ ប្រភពមួយពីក្រុមការងាររបស់គេ បានប្រាប់កាសែត New York Daily News ថា ការបារម្ភទៅលើកីឡាករហ្វីលីពីនរូបនេះ គឺថា រូបគេបានដាច់រលាត់ប្រស្រីភ្នែក ដែលអាចនឹងបញ្ចប់អាជីពរបស់ Pacquiao និងបញ្ចប់ការពិភាក្សាសម្រាប់ការប្រកួតសងសឹកជាមួយនឹងកីឡាករ Floyd Mayweather៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia