v9
V9BET

កីឡាករកម្ពុជា វ៉ៃឲ្យថៃសន្លប់ ៦នាក់ នៅ CNC ប៉ុន្តែ ឡុង សុភី និង វ៉ាន់ថង សុទ្ធតែចាញ់

7 months ago​ | ដោយ V-Dr

កីឡាករជើងចាស់ និងជើងថ្មីរបស់កម្ពុជាចំនួន៦នាក់ សុទ្ធតែបានផ្តួលអ្នកប្រដាល់ថៃឲ្យសន្លប់ ខណៈ២នាក់ទៀត បានយកឈ្នះដោយពិន្ទុ ប៉ុន្តែខ្លាចាស់ ឡុង សុភី និងជើងខ្លាំងវ័យក្មេង ឈុត សេរីវ៉ាន់ថង សុទ្ធតែបានចាញ់អ្នកប្រដាល់ថៃ នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ។

នៅក្នុងការប្រកួតទាំងគូមិត្តភាពអន្តរជាតិ គូដណ្តើមខ្សែក្រវាត់ និងគូដណ្តើមប្រាក់លាន សរុបចំនួន១៥គូ ដែលត្រូវបានធ្វើឡើង នៅលើសង្វៀន CNC កាលពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ កីឡាករកម្ពុជា បានឈ្នះ៨នាក់ ស្មើ២នាក់ និងចាញ់៤នាក់ ខណៈជំនួបរវាង មឿន សុខហ៊ុច និងឡាវ Orono មិនត្រូវបានប្រកាសលទ្ធផលទេ ដោយសារ Orono វ៉ៃថយខុសបច្ចេកទេស ទាត់ថែមបណ្តាលឲ្យ សុខហ៊ុច សន្លប់ក្នុងភាពមន្ទិលសង្ស័យ។

ជាមួយជ័យជម្នះចំនួន៨នាក់នេះ កីឡាករកម្ពុជា បានផ្តួលថៃឲ្យសន្លប់ចំនួន៦នាក់ ហើយក្នុងនោះ កីឡាករកំពុងស្រវារកភាពល្បី ខាំ ខ្លានាង និង ផាន់ រះ បានផ្តួលគូប្រកួតឲ្យសន្លប់បានលឿនជាងគេ គឺ ខ្លានាង បានបុកកែងស្តាំ បណ្តាលឲ្យថៃ Louk Yod សន្លប់ធំ នៅចុងទឹកទី១ ហើយ ផាន់ រះ បានម៉ាត់ និងទាត់ឲ្យ Lum Nav ឲ្យសន្លប់នៅចុងទឹកទី១ដូចគ្នា។

ចំណែកកីឡាករជើងចាស់ ព្រំ សំណាង បានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគេបានផ្តួលម្ចាស់ផ្ទះក្រវាត់ពិភពលោករបស់ថៃ Yok Lorng ឲ្យសន្លប់នៅត្រឹមទឹកទី៣ ឯ សេក គឹមសាន្ត បានផ្តួលថៃ Heun Fa នៅទឹកទី៤ ខណៈ កូយ ឡាយ បានឈ្នះថៃ Neur Nak Pha នៅទឹកទី៥ និង ង៉ែត វុធ បានផ្តួលថៃ Krai Thorng ឲ្យសន្លប់ទឹកទី៣។

ចំណែកជើងខ្លាំង រឿង សោភ័ណ្ឌ បានយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ Hassan Vahdani ដោយពិន្ទុ នៅក្នុងការប្រកួត ដែលមានត្រឹម៣ទឹក ហើយ សុខ សាវិន បានឈ្នះថៃ Vat Charakdeth ដោយពិន្ទុដូចគ្នា។ រីឯ ពេជ្រ ម្ទេសខ្មាំង បានត្រឹមស្មើពិន្ទុថៃ Phit Phetsaem ខណៈ ផាន់ គ្រាន់ បានស្មើថៃ Jeck Noun ដូចគ្នា។

ផ្ទុយពីនេះជើងខ្លាំងចាស់វស្សា ឡុង សុភី បានចាញ់ពិន្ទុថៃ ឃុនដេត ហើយ ឈុត សេរីវ៉ាន់ថង បានចាញ់ថៃ Prakchanban ដោយពិន្ទុ នៅក្នុងកម្មវិធី ISI Palm ដែលរូបគេទើបតែឈ្នះបានខ្សែក្រវាត់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។ រីឯ ពុយ វណ្ណៈ បានចាញ់ថៃ Phitsayfa និង ឡុង រ៉ាមី បានចាញ់ពិន្ទុថៃ Akharak Deth៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.